ប្រទេសវៀតណាមបានបន្តសន្យាថាខ្លួននឹងប្តេជ្ញាបន្តភាពជាអ្នកជិតខាងល្អជាមួយកម្ពុជា ដោយថាខ្លួននឹងមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងនិងរំលោភទឹកដីរបស់កម្ពុជាឡើយ ខណៈដែលបញ្ហាព្រំដែនត្រូវបានគេមើលឃើញថាវៀតណាមនៅតែដើរខ្សែលើកម្ពុជា។
ប្រទេសកម្ពុជា វៀតណាម បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញដោយក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ វៀតណាមបានបន្តសន្យាជាថ្មីទៀតថាខ្លួននឹងមិនជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងកម្ពុជា រួមទាំងបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជាទេ ខណៈកម្ពុជាក៏បានសន្យាដូចគ្នា។
អ្នកវិភាគឯករាជ្យឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកមិនមានជំនឿថាវៀតណាមគោរពតាមការសន្យានេះទេ ដោយលោកកត់សំគាល់ថាវៀតណាមមិនដែលគោរពតាមអ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍កន្លងមកទេ។ លោកថាការដែលវៀតណាមមិនគោរពនេះអាចមានសន្ធិសញ្ញាឬក៏កិច្ចសន្យាអ្វីរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមដែលនៅពីក្រោយជំហរនេះហើយទើបវៀតណាមនៅតែហ៊ានបំពានទៅលើទឹកដីតាមព្រំដែន។
លោកថា៖ «ក៏ប៉ុន្តែការពិតជាក់ស្តែងគឺមានកិច្ចព្រមព្រៀងពីមុនៗមក ដែលឲ្យកម្ពុជាអនុវត្តន៍។ ដូចជាសេចក្តីថ្លែងការមុនៗ ទៅប្រទេសវៀតណាមហ្នឹងតើមានសេចក្តីថ្លែងការចឹងដែរឬអត់ទេ។ មួយទៀតប្រទេសធំមួយ ហើយមានកងទ័ពខ្លាំង និងមានប្រជាពលរដ្ឋច្រើនជាង គេអាចនិយាយចឹងហើយឃើញហើយការពិតជាក់ស្តែងគឺគេអាចឃើញហើយ គេតែងប៉ុនប៉ងរំកិលព្រំប្រទល់ដែន ហើយដូចឃើញស្រាប់ហើយ ដូចជាឆ្នាំទៅៗមកជីកស្រះក្នុងទឹកដីកម្ពុជាឬតំបន់ស»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការចេញសេចក្តីថ្លែងការណ៍នេះគឺគ្រាន់តែជាភាសាការទូតប៉ុណ្ណោះ ខណៈធាតុពិតជាក់ស្តែងលោកមិនបានមើលឃើញថាវៀតណាមធ្វើតាមឬក៏គោរពតាមការថ្លែងរបស់ខ្លួនចំពោះកម្ពុជានោះទេ។
លោកថា៖ «ការចេញសេចក្តីថ្លែងការរបស់វៀតណាមបង្ហាញពីជំហររបស់ខ្លួនជាដើមគ្រាន់តែជាភាសាការទូតក្នុងទំនាក់ទំនងអន្តរជាតិតែប៉ុណ្ណោះ។ ក៏ប៉ុន្តែធាតុពិតយើងពិនិត្យមើលប្រវត្តិសាស្ត្រតាំងពីដើមដល់បច្ចប្បន្ន វៀតណាមមិនដែលអនុវត្តន៍ ឬក៏គោរពនូវអ្វីដែលជាការសន្យានោះទេ យើងឃើញថាមានការសាងសង់ផ្លូវ ជីកស្រះអ្វីជាដើមចូលទៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាមានកំណត់ទូតពីកម្ពុជាក៏ដោយវៀតណាមហាក់ដូចជាមិនអើពើចំពោះកម្ពុជានោះទេ។ វៀតណាមនៅតែបង្ហាញជំហរថាវៀតណាមនៅតែជាបងធំនៅក្នុងតំបន់ដដែល»។
បើតាមលោក សូ ចន្ថា ដើម្បីបង្ហាញការទុកចិត្តឡើងវិញនោះវៀតណាមគួរតែផ្អាកសកម្មភាពទៅលើការសាងសង់ទាំងឡាយណាដែលកម្ពុជាជំទាស់ ហើយធ្វើការសិក្សាស្រាវជ្រាវកំណត់ពីទីតាំងនោះឡើងវិញដើម្បីឲ្យភាគីទាំងសងខាងសុខចិត្តរៀងៗខ្លួន នោះទើបអាចនិយាយបានថាវៀតណាមគោរពអធិបតេយ្យភាពទឹកដីកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៦ ក្រសួងការបរទេសកម្ពុជាថាខ្លួនបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ ប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើ ពិសេសនៅខែសីហាឆ្នាំ២០១៦ ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍យោធាចំនួនពីរទៀតនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
កាលពីថ្ងៃ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្ពុជានិងវៀតណាមក៏បានបើកកិច្ចប្រជុំពិភាក្សាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីរកដំណោះស្រាយពីភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់ ប៉ុន្តែនៅតែមិនទទួលលទ្ធផលអ្វីឡើយ គឺវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍យោធារបស់ខ្លួនដដែល៕