កូន​ប្រុស​លោក ហ៊ុន សែន ទៅ​បញ្ចុះ​បញ្ចូល​ជប៉ុន ក្រោយ​ជប៉ុន​ថា ចង់​ឃើញ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​នៅ​កម្ពុជា

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

កូន​ប្រុស​ចម្បង​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុម​មេដឹកនាំ​ជប៉ុន និង​អតីត​មេ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ដោយ​ថា បាន​បក​ស្រាយ​​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ប្រាប់​ទៅដល់​ភាគី​ជប៉ុន។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​អម​ទៅ​ដោយ​រូបថត​ជាច្រើន​សន្លឹក​ផង​នោះ​ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​លោក​ ហ៊ុន សែន បាន​រៀបរាប់​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក យ៉ាស៊ូហ្ស៊ី អាកាស៊ី អតីត​​ប្រធាន​អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក កាហ្សូយូគី ណាកាណេ នៅ​ឯទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក ហ៊ុន ម៉ាណែត បាន​រៀប​រាប់​ថា លោក​បាន​ជជែក​ជាមួយ​លោក អាកាស៊ី អំពី​ស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា និងការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ថែរក្សា​សន្តិភាព ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ផ្អែក​លើ​នីតិរដ្ឋ និង​ការពារ​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត អះ​អាង​លើ​ហ្វេសប៊ុក​ថា លោក​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​សមាជិក​អន្តរ​សភា​ជប៉ុន​ផង​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ម៉ាណែត បាន​រៀបរាប់​ថា លោក​ក៏​បាន​ប្រាប់​អំពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​ទៅ​ក្រុម​សមាជិក​សភា​ជប៉ុន​ផង​ដែរ ហើយ​ថា ​អ្នក​នយោបាយ​កម្ពុជា​មួយ​ចំនួន បាន​បំភ្លៃ​ការពិត​​នា​ពេល​កន្លង​មក។

បើទោះបី​ជា​លោក ម៉ាណែត មិន​បាន​លើក​ឡើង​ពី​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដោយ​ចំៗ​ក្ដី ប៉ុន្តែ ជំនួប​របស់​លោក​ជាមួយ​ក្រុម​មន្ត្រី​ជប៉ុន បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទាំង​លោក សម រង្ស៊ី និង​កញ្ញា កឹម មនោវិទ្យា ផង​ដែរ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន និង​បាន​ជំរុញ​ទៅ​ក្រុម​មេដឹកនាំ​ជប៉ុន ឲ្យ​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

ដំណើរ​របស់​លោក ម៉ាណែត ទៅ​កាន់​ប្រទេស​ជប៉ុន ក៏​បាន​កើត​ឡើង​ក្រោយ​ពី​តំណាង​ពិសេស​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ បាន​ថ្លែង​ថា ជប៉ុន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា បន្ទាប់​ពី​លោក​ជួប​ជាមួយ​លោក ហ៊ុន សែន នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​មេសា​នេះ។

ទាំង​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​បក្ស​កាន់​អំណាច សុទ្ធ​តែ​ព្យាយាម​ពន្យល់​ទៅ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ជាមួយ​នឹង​អំណះ​អំណាង​រៀង​ៗ​ខ្លួន បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ប្រហែល​ពាក់​កណ្ដាល​ប្រទេស ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​មេដឹកនាំ​បក្ស​នេះ​គឺ​លោក កឹម សុខា នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៧​ខែ​មក​ហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ