ចំណូល​ពន្ធអាករ​នៅ​ត្រីមាស​ទី​១​កើន​ឡើង​ជិត​៤០​ភាគរយ​លើស​ពី​ការ​រំពឹង​ទុក

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​កើន​ឡើង​ជិត ៤០​​ភាគរយ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ដែល​ជា​តួលេខ​កើន​ឡើង​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​របស់រដ្ឋាភិបាល​ទៅ​ទៀត។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបរាប់​ថា ស្ថាប័ន​នេះ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ប្រមាណ ៧៦១.៦១​​លាន​ដុល្លារ នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​មីនា​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​ដល់​ទៅ ៣៩.៦​ភាគរយឯណោះ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំណូល​ពន្ធ​អាករ​ដែល​ប្រមូល​បាន​តាម​រយៈ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​អនឡាញ មាន​ទំហំ​ដល់​ទៅ​ជាង ៤៤៦​លាន​ដុល្លារ ខណៈ​ដែល​ការ​ប្រមូល​ពន្ធ​អាករ​តាម​រយៈ​ការ​បំពេញ​ទម្រង់​បែប​បទ មាន​ទំហំ​ជាង ២២៤​លាន​ដុល្លារ។

ស្ថាប័ន​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា ចំណូល​ពន្ធ​អាករ​នៅ​កម្រិត​ជាតិ ប្រមូល​បាន​ចំនួន​ជាង ១៩៨​លាន​ដុល្លារ ស្រប​ពេល​ដែល​ចំណូល​ពន្ធ​អាករ​ប្រមូល​បាន​ពី​ថ្នាក់​ក្រោម​ជាតិ មាន​ទំហំ​ជិត ២៦​លាន​ដុល្លារ។

បើ​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធដារ​ដដែល ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​កើន​ឡើង​ពី​ចំនួន​ជាង ៦៩៤​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៧ មក​ដល់​ចំនួន​ជាង ៧៦១​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ក្នុង​នេះឆ្នាំ ឬ​មាន​កំណើន​ប្រហែល ៩.៦​ភាគរយ។

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះថា តួរ​លេខចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល និង​បាន​កើន​ឡើង​ជាប់ៗ​គ្នា​ក្នុង​រយៈ​ពេល ៦​ឆ្នាំ​ចុង​ក្រោយ​នេះ។

តួរលេខ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​កើន​ឡើង​ដល់​ចំនួន​ជាង ១៩៣៨​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ឬ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​ដល់​ទៅ ១១៣​ភាគរយ និង​កើន​ឡើង​ដល់​ទៅ​ជិត ២៨​ភាគរយ បើ​ធៀប​នឹង​តួរលេខ​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ