មន្ត្រីបក្សប្រឆំាងម្នាក់ទៀតត្រូវបានឃាត់ខ្លួនករណីប្រមូលស្នាមមេដៃនៅខេត្តតាកែវ

គណបក្សប្រឆាំងឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបទៀតនៅខេត្ដតាកែវត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសួរនាំ ក្រោយពីចុះប្រមូលស្នាមមេដៃពលរដ្ឋដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចំាខេត្តកែវ លោក ឃី វ៉ាន់ដេត ប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថាស្នងការនគរបាលខេត្តតាកែវបានហៅជំទប់ទី២និងជាសមាជិកក្រុមប្រឹក្សាគណបក្សជំទាស់លោក ផែង សំអាត ឲ្យចូលបំភ្លឺជុំវិញធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។

លោក ឃី វ៉ាន់ដេត បញ្ជាក់ថាបើសមត្ថកិច្ចគ្រាន់តែសាកសួរហើយដោះលែងវិញជាមិនខុសច្បាប់ទេ។ ប៉ុន្តែលោកថា បើសមត្ថកិច្ចបន្តឃាត់ខ្លួននោះជាការរំលោភច្បាប់៖ បើសិនជាគាត់ឃាត់ខ្លួនបន្តទៀតមានន័យថាវារំលោភលើច្បាប់ហើយ ច្បាប់អត់មានទៅថាចែងមិនឲ្យប្រជាពលរដ្ឋផ្តិតមេដៃដើម្បីទាមទារអ្វី នេះជាការសំដែងសិទ្ធិ សំដែងមតិរបស់ប្រជាពលរដ្ឋ ហើយក្នុងនាមជាមន្ត្រី យើងអត់មានទៅបង្ខិតបង្ខំប្រជាពលរដ្ឋទេ គឺអ្នកណាស្ម័គ្រចិត្តអ្នកហ្នឹងផ្តិតទៅ ដូច្នេះវាជាការសម្តែងមតិដែលមានចែងក្នុងច្បាប់ក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលអត់មានទៅចាប់ ឃាត់ខ្លួនអីទេ

ស្នងការនគរបាលខេត្តតាកែវលោក អ៊ុក សំណាង ថាសមត្ថកិច្ចពិតជាបានហៅសមាជិកក្រុមប្រក្សាគណបក្សជំទាស់មែន។ នៅពេលសួរថាបើសមាជិកក្រុមប្រឹក្សាគណបក្សជំទាស់នោះគ្រាន់តែប្រមូលស្នាមមេដៃប្រជាពលរដ្ឋគំាទ្រឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សខុសច្បាប់ដែរឬយ៉ាងណា? លោក អ៊ុក សំណាង សុំមិនអត្ថាធិប្បាយ ដោយលោកថាកំពុងសាកសួរមន្ត្រីរូបនោះ។ លោកបន្ថែមថា៖ ឥឡូវខ្ញុំអត់ទាន់ថាខុសឬត្រូវទេ រឿងពិតហើយកំពុងតែធ្វើការសាកសួរគាត់សិន លទ្ធផលយើងនិងជម្រាបក្រោយ

គួររំឮកថាកាលពីថ្ងៃទី១៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូបឈ្មោះ លាញ់ លៀង និង ប៉ុន សុវណ្ណារ៉ា ដែលរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយនិងមន្ដ្រីសិទ្ធិមនុស្ស។

ក្រោយមកទៀតនៅថ្ងៃទី២៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត មកពីគណបក្សជំទាស់លោក ដួង ថុន ដើម្បីសួរនាំជុំវិញការប្រមូលស្នាមមេដៃនោះដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចដោះលែងវិញនៅថ្ងៃដដែល។

កាលពីថ្ងៃទី២៨ខែមេសាកន្លងមកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

បន្ថែមពីនេះទៀតគណបក្សសង្គ្រោះជាតិឲ្យដឹងថាខ្លួនក៏បានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅនេះផងដែរ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងថាគណបក្សប្រឆំាងបានបោកប្រាស់ព្រះមហាក្សត្រពីស្ថានការណ៍នយោបាយនៅពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ