លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កំពុងប្រើ”ល្បិចកល”ដើម្បីឈ្នះការបោះឆ្នោត

លោក សម រង្ស៊ី កាលពីពេលកន្លង

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងរដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនិងគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ហើយកំពុងប្រើ”ល្បិចកល”ដើម្បីឈ្នះការបោះឆ្នោតនៅពេលខាងមុខ។

ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលការប្រកាសនេះធ្វើឡើង១ឆ្នាំមុនការបោះឆ្នោត។

នៅក្នុងសារមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ លោក សម រង្ស៊ី បានថ្លែងថាការប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងរៀបចំធ្វើក្នុងឆ្នាំ២០១៧ និង២០១៨នោះមិនគ្រប់គ្រាន់នោះទេ។ លោកបានលើកឡើងពីករណីធ្ងន់ធ្ងរពីការគាបសង្កត់ផ្នែកនយោបាយដែលកំពុងកើតឡើង។ លោកបញ្ជាក់ថា៖ “ការគ្រាន់តែប្រកាសពីកាលបរិច្ឆេទបែបនេះ អាចធ្វើឲ្យមានការភ័ន្តច្រឡំអំពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល ពីព្រោះវាអាចបង្វែរអារម្មណ៍ពីទង្វើជាក់ស្តែងរបស់រដ្ឋាភិបាលដែលកំពុងតែត្រៀមល្បិចកលដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ទោះជាប្រជាប្រិយភាពរបស់ខ្លួនបានធ្លាក់ចុះយ៉ាងណាក៏ដោយ”។ លោកបញ្ជាក់ថា៖ “មុននឹងរដ្ឋាភិបាលអាចលើកឡើងពីការបោះឆ្នោតណាមួយដោយសេរីនិងយុត្តិធម៌ ត្រូវតែរដ្ឋាភិបាលបញ្ចប់ការគាបសង្កត់ផ្នែកនយោបាយ ព្រមទាំងបំបាត់បរិយាកាសគំរាមកំហែងនិងបំភិតបំភ័យជាមុនសិន”

លោក សម រង្ស៊ី បានឲ្យដឹងទៀតថារដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការបង្ក្រាបអ្នកដែលហ៊ានប្រឆាំង និងហ៊ានទិតៀនខ្លួន។ លោកបញ្ជាក់ថា៖ “គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបំបាត់សិទ្ធិសេរីភាពរបស់ប្រជារាស្ត្រខ្មែរក្នុងការសម្តែងមតិប៉ុណ្ណោះទេ តែបានទាំងបំផ្លាញតុល្យភាពនយោបាយក្នុងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយបានចាប់មន្ត្រីជាន់ខ្ពស់មួយរូបនៃគ.ជ.ប. ដែលមកពីសង្គមស៊ីវិល ព្រមទាំងត្រៀមឲ្យតុលាការកោះហៅសមាជិកដ៏សំខាន់មួយរូបនៃគ.ជ.ប. ដែលត្រូវបានតែងតាំងតាមសំណើរបស់គណបក្សប្រឆាំង”។ លោកបន្ថែមថា៖ “ទង្វើបែបនេះរបស់រដ្ឋាភិបាលគឺជាការបំផ្លាញការជឿទុកចិត្តរបស់ប្រជារាស្ត្រចំពោះគ.ជ.ប.ថ្មី ដែលទើបតែបានបង្កើត ព្រមតាំងជាការបំផ្លាញដំណើរការបោះឆ្នោតទាំងមូលតែម្តង”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោក សម រង្ស៊ីទៅវិញទេជាអ្នកប្រើល្បិចកល ហើយចាញ់ល្បិចកលដោយខ្លួនឯង។

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។ លោកមានប្រសាសន៍ថា៖ “សូម្បីតែខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវទៅចុះឈ្មោះសាឡើងវិញដែរ ទៅចុះឈ្មោះឡើងវិញទាំងអស់ ដើម្បីធ្វើឲ្យសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតរបស់យើងនេះ ដែលជាការចង់បានរួមរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយពេលនោះ យើងនឹងឃើញហើយ តើវាយ៉ាងម៉េច? ព្រោះខ្លះថាបាត់មនុស្ស១លានកន្លះនៅឆ្នាំ២០១៣ ដល់ទៅពេល គេទៅចុះឈ្មោះបន្ថែម បានតែជាង២០ម៉ឺន…អញ្ចឹងទេអា១លាន៥សែនវាទៅណា ថាបាត់១លាន៥សែន”។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថាគណបក្សប្រឆាំងនឹងមិនបដិសេធលទ្ធផលបោះឆ្នោតនោះទេ។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានប្រកាន់ថាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចលួចបន្លំសន្លឹកឆ្នោតនិងទាមទារឲ្យបោះឆ្នោតឡើងវិញ។ វិបត្តិនយោបាយត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ ដោយក្នុងកិច្ចព្រមព្រៀងនោះ មានការកំណែទម្រង់ការបោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលក្នុងនោះសមាជិកទាំង៩នាក់ មាន៤នាក់មកពីគណបក្សប្រជាជនកម្ពុជា ៤នាក់ពីគណបក្សសង្រ្គោះជាតិនិង១នាក់ជាអ្នកឯករាជ្យ។

សង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនបានកត់សម្គាល់ថាការបោះឆ្នោតកាលពីឆ្នាំ២០១៣ មានភាពមិនប្រក្រតីច្រើនក្នុងនោះមានបាត់ឈ្មោះអ្នកបោះឆ្នោតនិងឈ្មោះស្ទួនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ