បុរស​ម្នាក់​ចាក់​សម្លាប់​មនុស្ស​១៩​នាក់ របួស​២៦​នាក់​នៅ​ជប៉ុន

(រូបភាពពី BBC)

ក្រុមមន្ត្រីបាននិយាយថាមនុស្ស១៩នាក់ត្រូវបានចាក់សម្លាប់នៅក្នុងករណីវាយប្រហារដោយកាំបិត ដែលបានកើតឡើងនៅឯមជ្ឈមណ្ឌលថែទាំមនុស្សវិកលចរិតនៅក្នុងប្រទេសជប៉ុន។

សារព័ត៌មាន BBC បានរាយការណ៍ថាការវាយប្រហារនោះបានកើតឡើងនៅទីក្រុង Sagamihara នៅភាគខាងលិចទីក្រុងតូក្យូនៅព្រឹកថ្ងៃអង្គារនេះ។ មនុស្ស២៦នាក់ទៀតបានរងរបួសក្នុងនោះមនុស្ស២០នាក់រងរបួសធ្ងន់។

BBC បានផ្សាយថានេះគឺជាការសម្លាប់មនុស្សចំនួនច្រើនដ៏អាក្រក់បំផុតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។

ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់នៅជិតស្ថានីយ៍ប៉ូលិសមិនយូរប៉ុន្មានក្រោយពីពីឃាតកម្មនោះកើតឡើង។

បុរសវ័យ២៦ឆ្នាំដែលជាអតីតបុគ្គលិកនៅមណ្ឌលថែទាំមនុស្សវិកលចរឹតរូបនោះបានសារភាពប្រាប់ប៉ូលិសថា គាត់ចង់បំបាត់មនុស្សវិកលចរិតទាំងនោះ។

មណ្ឌល Tsukui Yamayuri Garden ជាទីដែលអំពើឃាតកម្មបានកើតឡើងនោះគឺជាមណ្ឌលថែទាំជនវិកលចរឹតមួយមានការបែងចែកកន្លែងរស់នៅសម្រាប់បុរសនិងស្ត្រី។ បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថាមានជនវិកលចរិតប្រហែល១៦០នាក់នៅអំឡុងពេលនោះ។

សារព័ត៌មានជប៉ុនបានផ្សាយថាជនដៃដល់រូបនោះបានចូលទៅក្នុងមណ្ឌលនោះនៅម៉ោងប្រហែល២កន្លះព្រឹក ម៉ោងនៅប្រទេសជប៉ុន ហើយបានចាប់ផ្ដើមចាក់សម្លាប់មនុស្សនៅទីនោះ។ បុគ្គលិកបំពេញការងារនៅពេលនោះមានចំនួន៨នាក់។

ការសម្លាប់មនុស្សក្នុងចំនួនច្រើនបែបនេះគឺជាករណីកម្រកើតមាននៅជប៉ុន ជាប្រទេសដែលមានច្បាប់គ្រប់គ្រងអាវុធយ៉ាងតឹងរឹង។ កាលពីឆ្នាំ២០០៨ បុរសម្នាក់បានចាក់សម្លាប់មនុស្ស៧នាក់នៅទីក្រុងតូក្យូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ