ពលរដ្ឋសហគមន៍បុរីកីឡារារាំងគ្រឿងចក្រអាជ្ញាធរមិនឲ្យរុះរើផ្ទះ

បុរីកីឡា

ប្រជាពលរដ្ឋសហគមន៍បុរីកីឡារារាំងអាជ្ញាធរមិនឲ្យយកគ្រឿងចក្រឈូសឆាយផ្ទះមួយខ្នងស្ថិតនៅក្នុងសហគមន៍នេះ ដោយបារម្ភខ្លាចប៉ះពាល់ដល់ផ្ទះរបស់ពួកគេនៅជាប់នោះដែរ។

ក្រុមហ៊ុនផានអ៊ីម៉ិចនៅព្រឹកថ្ងៃអង្គារនេះបានយកគ្រឿងចក្រអមកំលាំងសន្តិសុខខណ្ឌមករាប្រមាណ១០នាក់ចុះរុះរើផ្ទះពលរដ្ឋមួយគ្រួសារក្នុងសហគមន៍បុរីកីឡាដែលព្រមទទួលយកសំណងគោលនយោបាយក្រុមហ៊ុន ប៉ុន្តែពលរដ្ឋផ្សេងទៀតដែលមិនទាន់ទទួលបានសំណងមានផ្ទះជាប់នោះបានរារាំង។

តំណាងប្រជាពលរដ្ឋសហគមន៍បុរីកីឡាអ្នកស្រី ស ស៊ន មានប្រសាសន៍ថាការរារាំងនេះគឺដើម្បីរងចាំឲ្យអាជ្ញាធរដោះស្រាយសំណងដល់ពួកគាត់ដែលនៅសេសសល់រួចរាល់សិន។

អ្នកស្រីថាផ្ទះដែលអាជ្ញាធរគ្រោងរុះរើនោះមានគ្រឹះជាប់គ្នានឹងអាគារឬផ្ទះរបស់ពួកគាត់កំពុងរស់នៅ។

អ្នកស្រីបារម្ភថាពេលរុះរើទៅប៉ះពាល់ដល់ផ្ទះរបស់ពលរដ្ឋផ្សេងទៀតនៅជាប់នោះ ព្រោះអាគារដែលពួកគាត់កំពុងរស់នៅមានសភាពចាស់ទ្រុឌទ្រោម។

អ្នកស្រីបន្ថែមថា៖ “ពួកមីងរារំាងនេះ ដោយសារវាមានផលប៉ះពាល់ផ្ទះបងអូនយើង ដែលមិនទាន់ទទួលបានសំណង ព្រោះផ្ទះហ្នឹងវាជាប់គ្នាកាលណាតែវៃផ្ទះមួយហ្នឹងទៅវាអាចបាក់ដោយផ្ទះពលរដ្ឋជាប់ហ្នឹងដែរ។ មើលមានស្មានប្រេះគ្រប់កន្លែង”។

បន្ទាប់ពីប្រជាពលរដ្ឋតវ៉ា អភិបាលរងខណ្ឌ៧មករាលោក កៀង លក័្ស ដែលដឹកនាំកំលាំងចុះរុះរើនេះបានបញ្ជាឲ្យគ្រឿងចក្របញ្ឈប់សកម្មភាពវិញមិនធ្វើការរុះរើនោះទេ។ តែទោះយ៉ាងណាប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីថាអាជ្ញាធរនៅតែរុះរើ ដោយព្យាយាមនិយាយជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋធ្វើយ៉ាងណាមិនប៉ះពាល់ដល់អ្នកនៅក្បែរនោះឡើយ។

លោកបន្ថែមថា៖ “យើង(សាលារាជធានីភ្នំពេញ)នៅតែរុះរើដដែល ព្រោះអីយើងបានដោះស្រាយចប់ហើយ ពួកគាត់អត់មានសិទ្ធិរស់នៅកន្លែងហ្នឹងទេ”។

ប្រជាពលរដ្ឋអះអាងថាមានពលរដ្ឋប្រមាណជា៣០គ្រួសារកំពុងតែរស់នៅលើអាគារចាស់ក្នុងសហគមន៍បុរីកីឡានេះដោយរងចាំការដោះស្រាយពីក្រុមហ៊ុននិងអាជ្ញាធរ។

គួរបញ្ជាក់ថាពីឆ្នាំ២០១២រដ្ឋាភិបាលបានផ្តលសិទ្ធិឲ្យក្រុមហ៊ុនផានអ៊ីម៉ិចធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អាគារចំនួន១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បាន៨អាគារក៏ផ្អាកការសាងសង់ ដោយលើកហេតុផលថាក្រុមហ៊ុនក្ស័យធន។

ក្រោមគម្រោងអភិវឌ្ឍន៍នេះដែរ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរនិងក្រុមហ៊ុនធ្វើការឈូសឆាយផ្ទះនិងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ដែលរហូតមកដល់ពេលនេះនៅសល់ប្រជាពលរដ្ឋជាង១០គ្រួសារទៀតកំពុងរស់នៅលើអាគារចាស់និងលើគំនរសំរាមរងចាំការដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ