កម្ពុជា​បន្ត​រឹតចំណង​មិត្តភាព​ជាមួយ​ចិន​ ស្របពេល​រងការរិះគន់ពីជំហរកម្ពុជាក្នុងជម្លោះសមុទ្រចិន

ប្រ​ធាន​រដ្ឋសភា​កម្ពុជាលោក ហេង សំរិន (ឆ្វេង) និងលោក ​យូ ហ្សេងសេង (ស្តាំ) (រូបភាពពីហ្វេសប៊ុករដ្ឋសភា)

កម្ពុជានិងចិនប្តេជ្ញារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀង ខណៈដែលកម្ពុជាកំពុងរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថាមាននិន្នាការទៅរកចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

បន្ទាប់ពីបានទៅដល់ប្រទេសចិនភ្លាមនៅរសៀលថ្ងៃទី២៥ ខែកក្កដា ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន បានជួបពិភាក្សាការងារជាមួយលោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេសចិន។ នេះបើតាមព័ត៌មានរបស់នាយកដ្ឋានព័ត៌មានរដ្ឋសភាចេញផ្សាយនៅថ្ងៃនេះ។

ក្នុងជំនួបនោះភាគីទាំងពីរបានលើកពីចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីជំនាន់សម្តេច នរោត្តម សីហនុ និងលោក ម៉ៅ សេទុង។ ភាគីទាំងពីចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរថាបានឈានដល់ចំណុចកំពូលគឺ “កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ នេះបើតាមព័ត៌មានរបស់រដ្ឋសភាដដែល។

នៅលើទំព័ត៌ហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជាសរសេរទៀតថា៖ “ដំណើរទស្សនកិច្ចរបស់សម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅលើទឹកដីប្រទេសចិនជាមិត្តនៅពេលនេះគឺសំដៅបន្តពូនជ្រុំរឹតបន្តឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានស្រាប់

ជាមួយគ្នានេះដែរលោក យូ ហ្សេងសេង (Yu Zhengsheng) បានជំរុញឲ្យមានដំណើរទស្សនកិច្ចរទៅវិញទៅមករវាងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរឲ្យបានច្រើនបន្ថែមទៀត។

នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ជំនួយដល់កម្ពុជាសម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ នូវទឹកប្រាក់ជិត៦០០លានដុល្លារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺភ្លាមៗបន្ទាប់ពីកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនជាថ្មីមិនគាំទ្រទៅនឹងសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិដែលសម្រេចឲ្យហ្វីលីពីនឈ្នះចិនរឿងជម្លោះដែនសមុទ្រចិនខាងត្បូង។ កម្ពុជាម្តងហើយម្តងទៀតបានទាមទារឲ្យប្រទេសមានជម្លោះដែនសមុទ្រជាមួយចិនដោះស្រាយបញ្ហាដោយសន្តិវិធីនិងប្រើយន្តការទ្វេភាគី។

កាលពីឆ្នាំ២០១២ កម្ពុជាបានធ្វើជាប្រធានអាស៊ាន ហើយពេលនោះសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានមិនអាចចេញបានជាលើកទីមួយក្នុងប្រវត្តិសាស្រ្តអាស៊ាន ដោយពេលនោះកម្ពុជារងការចោទប្រកាន់ថាជាអ្នកធ្វើឲ្យរាំងស្ទះដល់ការចេញសេចក្តីថ្លែងការណ៍នោះ។ ទោះយ៉ាងណារដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់នេះ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែរថា នៅឆ្នាំ២០១២ កម្ពុជាដែលជាប្រធានអាស៊ានពុំមានលទ្ធភាពចេញសេចក្តីថ្លែងការណ៍រួមបាន ដោយថាភាគីពាក់ព័ន្ធក្នុងវិវាទជាមួយចិន គឺហ្វិលីពីននិងវៀតណាមបានបង្ខំកម្ពុជាឲ្យចាកឆ្ងាយពីស្មារតីដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ភាគីពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូង (DOC)។

ជាថ្មីម្តងទៀតកម្ពុជារងការចោទប្រកាន់ថាបានធ្វើឲ្យសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានទាក់ទងនឹងមុត្រចិនខាងត្បូងមិនអាចចេញរួចនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងវៀងច័ន្ទប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ចិនបានសរសើរចំពោះជំហររបស់កម្ពុជាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន កាលពីម្សិលមិញសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជាមិនមែនជាចៅក្រមនិងគ្មានឥទ្ធិពលអំណាចសេដ្ឋកិច្ចឬយោធាណាមួយក្នុងការដោះស្រាយបញ្ហាសមុទ្រចិននោះទេ ដោយថាកម្ពុជានៅតែឲ្យតម្លៃក្នុងកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធដែលមានគោលនយោបាយនិងយន្តការដែលបានសម្រេចជាឯកច្ឆន្ទរួចស្រេច។ លោកបន្តថាជំនួយចិនគឺមិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូងនោះដែរ។

លោក ផៃ ស៊ីផាន បានច្រានចោលនូវការចោទប្រកាន់នានាពីអ្នកស្រាវជ្រាវឬអ្នកសារព័ត៌មានមកលើកម្ពុជាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងថាអ្នកទាំងនោះគ្រាន់តែចង់ “សម្អុយ” កេរ្តិ៍ឈ្មោះកម្ពុជាតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ