ម៉ាឡេស៊ី​គ្រោង​បញ្ជូន​ជំនួយ​ទៅទីក្រុង​ម៉ារ៉ាវី​ក្រោយ​ជាប់​ផុង​ក្នុង​អំពើ​ហឹង្សា​៣​ខែ​ហើយ

ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន និង​ពួក​ឧទ្ទាម​នៅ​ទីក្រុង​ម៉ារ៉ាវី បាន​ឈាន​ចូល​ដល់​ខែ​ទី​បី​ហើយ​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ប្រទេស​នេះ​នឹង​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ទៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ដើម្បី​ជួយ​ដល់​​ប្រជា​ជន​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ដោយសារ​តែ​ការ​ឡោម​ព័ទ្ធ​របស់​ពួក​ឧទ្ទាម។

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី លោក ហ៊ីសហាំមូឌីន ហ៊ូសេន បាន​អំពី​ការ​បញ្ជូន​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ហ្វីលីពីន​បែប​នេះ កាល​ពី​ថ្ងៃម្សិល​មិញ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​រូប​នេះ បាន​និយាយ​ថា ផ្អែក​តាម​របាយការណ៍​ដែល​លោក​ទទួល​បាន ប្រជាជន​ភៀស​ខ្លួន​នៅ​ទីក្រុង​ម៉ារ៉ាវី ត្រូវ​ការ​ទឹក​ស្អាត និង​ជំនួយ​វេជ្ជសាស្ត្រ។

សារព័ត៌មាន​សិង្ហបុរី​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា នៅ​ក្នុង​បេសកកម្ម​មនុស្ស​ធម៌​ជា​លើក​ទី​ពីរ​នេះ​របស់​ខ្លួន ម៉ាឡេស៊ី​នឹង​បញ្ជូន​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត និង​ជំនួយ​ខាង​វេជ្ជសាស្ត្រ ទៅ​ទីក្រុង​ម៉ារ៉ាវី ក្នុង​នោះ​មាន​ទាំង​ក្រុម​សាសនិក​មក​ពី​ផ្នែក​យោធា​ផង​ដែរ។

ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ារ៉ាវី នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ត្រូវ​បាន​ក្រុម​ឧទ្ទាម​ជ្រុល​និយម​ដណ្ដើម​កាន់​កាប់​អស់​រយៈ​ពេល ៣​ខែ​មក​ហើយ គិត​ចាប់​តាំង​ថ្ងៃ​ទី​២៣ ខែ​ឧសភា​មក ហើយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៥០០​នាក់​ហើយ បាត់​បង់​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ