ប៉ាណាម៉ា​សម្រេច​បើក​ស្ថានទូត​នៅ​ចិន​ក្រោយ​ផ្ដាច់​ចំណង​នឹង​កោះ​តៃវ៉ាន់

ប្រទេស​ប៉ាណាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​បាន​បើក​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ចិន​ហើយ បន្ទាប់​ពី​កាត់​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ជាមួយ​ដែន​ដី​កោះ​តៃវ៉ាន់ កាល​ពី​ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការទេស​ប៉ាណាម៉ា ដែល​បាន​រៀបរាប់​ថា ការ​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ប្រទេស​ចិន ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោលការណ៍​នៃ​ទំនាក់​ទំនង​កាទូត​រវាង​ប្រទេស​ទាំង​ពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​​គណៈ​ប្រតិភូ​នៃ​វិនិយោគិន​ចិន កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ។

ប្រធានាធិបតី​ប៉ាណាម៉ា លោក Juan Carlos Varela បាន​ប្រកាស​កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា​ថា ប្រទេស​លោក​បាន​បើក​ទំនាក់​ទំនង​កាទូត​ជាមួយ​ប្រទេស​ចិន។ នេះ​មាន​ន័យ​ថា ប្រទេស​នេះ​បាន​កាត់​ផ្ដាច់​ចំណង​កាទូត​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​អាណា​ខេត្ត​មួយ​របស់​ខ្លួន។

ចិន​បាន​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ព្រែក​ជីក​ប៉ាណាម៉ា​ធំ​លំដាប់​ទី​ពីរ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​បួន​ជាមួយ​ប្រទេស​ប៉ាណាម៉ា ដែល​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​មាន​តម្លៃ ១២០០​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ និង​បាន​នាំ​ចេញ​ទៅ​ចិន​វិញ​មាន​តម្លៃ ៥០​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ