មេធាវីប្តឹងជំទាស់នឹងគម្រោងបើកសវនាការ ករណី លោក កឹម សុខា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មេធាវីការពារក្តី លោក កឹម សុខា ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ជំទាស់នឹងគម្រោងសវនាការរបស់ សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងដែលគេថា ប្រធានស្តីទីគណបក្សប្រឆាំង មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

ការប្តឹងជំទាស់នេះ ធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ចាន់ ឡេងកាលពីថ្ងៃទី២៣ ខែសីហានេះថា ចៅក្រមស៊ើបសួរបានសម្រេចបញ្ចប់ការស៊ើបសួរ ករណីលោក កឹម សុខា ករណីដែលជាប់ចោទពីបទ«បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦

ក្នុងពាក្យបណ្តឹងទៅឧទ្ធរណ៍ កាលពីថ្ងៃទី២៤ ខែសីហា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានលើកឡើងថា ការបញ្ជូនសំណុំរឿងនេះ ទៅជំនុំជំរះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្តី ព្រោះមេធាវីបានប្តឹង ប្រឆាំងនឹងដីកាសម្រេចមួយចំនួនរបស់ចៅក្រមស៊ើបសួរនោះ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ចប់ជាស្ថានពរនៅឡើយ។

លោកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមនោះ មានប្រសាសន៍ថា សំណុំរឿងលោក កឹម សុខា តុលាការបានរំលោភនីតិវីធីច្រើនដងមកហើយ ដូចជា រំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ហើយដំណាក់កាលចុងក្រោយនេះចៅក្រមស៊ើបសួរសាលាសំបូងរាជធានីភ្នំពេញ ក៏បានរំលោភលើនីតិវិធីការស៊ើបសួរកូនក្តី ព្រមទំាងការចេញដីកាដំណោះស្រាយ បញ្ជូនសំណុំរឿងទៅជម្រះ៖”រហូតដល់ដំណាក់កាលនេះ គឺបញ្ជូនទៅជម្រះ ហើយដីកាដំណោះស្រាយអនុញាតឲ្យភាគីពាក់ព័ន្ធប្តឹងនឹងដីកាដំណោះស្រាយក្នុងរយៈពេល៥ថ្ងៃ ហើយឥឡូវនេះគ្រាន់តែចេញដីកាដំណោះស្រាយថ្ងៃទី២៣ ហើយថ្ងៃ២៤យើងបានទទួល យើងបានដាក់ពាក្យប្តឹងទៅវិញថ្ងៃ២៤ហ្នឹង ឥឡូវដីកាដំណោះស្រាយមិនទាន់ទំាងចូលជាស្ថាពរផង តុលាការបែជាធ្វើចំណាត់យ៉ាងឆាប់រហ័ស ដាក់រឿងរបស់គាត់ទៅជម្រះទៀតហើយ បង្ហាញឲ្យឃើញថារឿងនេះហាក់ដូចជាមានភាពមិនប្រក្រតី”។សំឡេង១

លោកស្រី ម៉េង សុភារី ឲ្យដឹងទៀតថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានទូរសព្ទប្រាប់លោកស្រី ឲ្យទៅយកដីកាកោះឲ្យលោក កឹម សុខា ចូលខ្លួនទៅជម្រះ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

យ៉ាងណាក៏ដោយ ប្រធានសាលាឧទ្ធរណ៍លោក យូ ប៊ុនឡេង មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មានពីមេធាវីលោក កឹម សុខា ដាក់ពាក្យបណ្តឹងជំទាស់នឹងដីកាដំណោះស្រាយសាលាដំបូងនោះទេ ដោយលោកថា លោកបានប្រគល់ការងាររឿងលោក កឹម សុខា ឲ្យទៅសភាស៊ើបសួរកាន់សំណុំរឿងនេះ។

ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខានេះដែរ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង បានចេញដីកាសម្រេចមិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេស បើមិនដូចនោះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន។

គួរបញ្ជាក់ថា លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ជាងពីរខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក មិនបានសម្រេច កាលពីចុងខែឧសភា ពីសំណាក់អាជ្ញាធរ និងបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែក អ្នកវិភាគ  អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស យល់ថា សំណុំរឿងនោះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ