ក្រសួងពាណិជ្ជកម្មណែនាំទៅមន្រ្តីពីករណីឆបោកក្នុងការដំឡើងកាំប្រាក់

ក្រសួងពាណិជ្ជកម្មបានណែនាំទៅកាន់មន្រ្តីរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នពីករណី ឆបោកតាម ទូរសព្ទថា​ មានការ​ដំឡើង​កាំប្រាក់ ក្នុងគោលបំណងទារសំណូកសូកប៉ាន់សម្រាប់រត់ការឯកសារ។

ក្នុងសេចក្ដីជូនដំណឹងមួយរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ២៥ ខែ សីហាបានឲ្យដឹងថាកាល​ពីព្រឹកថ្ងៃទីសុក្រម្សិលមិញ​ មានលេខទូរសព្ទ ៣ខ្សែ​ ០៩៦ ៥៥ ២០ ៩០៩, ០៩២ ២៤ ៩៣ ៣៣ និង​លេខ ០១២ ៨៤ ០១ ២៨​ បានទូរសព្ទទៅមន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ហើយអះអាងថាខ្លួនជា​ជំនួយ​ការរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ម្នាក់ទៀ​តជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយ ប្រាប់ពីការរៀបចំបែបបទ​ឡើងកាំប្រាក់។

ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថាករណីខាងលើជាព័ត៌មានមិនពិត គឺជាការឆបោករបស់ជនខិលខូច ព្រោះការដំឡើងកាំប្រាក់​ក្រសួង បានរៀបចំរួចរាល់ហើយ។

ក្រសួងក៏បន្តដែរថាករណីឆបោកនេះក៏ធ្លាប់កើតមានម្ដង កាលពី​ដើមខែ មិថុនា ដោយមានជនឆបោក បានទូរសព្ទទៅមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងឲ្យវេលុយឲ្យ ៣០០ ដុល្លារជាបន្ទាន់ ដើម្បីរត់ការឯកសារដំឡើងកាំប្រាក់ ដោយគេអះអាងថាជាជំនួយការរដ្ឋ​លេខាធិការ ក្រសួងពាណិជ្ជកម្ម។

ទាក់ទងនឹងករណីឆបោកនេះ កាលពីថ្ងៃទី ២៥ ខែ សីហា ម្សិលមិញជនសង្ស័យ ៥ នាក់ត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆបោកតាមវីងយកប្រាក់ចំនួន​៥០០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ