ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុចោទអាជ្ញាធរថាប្រើអំពើហិង្សាលើពួកគេ

អាជ្ញាធរខេត្តព្រះសីហនុ (រូបថតពីហ្វេសប៊ុក ហ៊ុយ ប៊ុនឡេង)

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមួយចំនួនក្នុងព្រះសីហនុបានចោទអាជ្ញាធរខេត្តនេះថាបានប្រើអំពើហិង្សា និងបានចាប់ស្រីម្នាក់ខណៈពេលចុះរុះរើផ្ទះប្រជាពលរដ្ឋ។

ពលរដ្ឋម្នាក់អ្នកស្រី ថេរ ស្រីម៉ៅ ប្រាប់វីអូឌីថា នៅថ្ងៃចន្ទទី២៦ខែកញ្ញានេះ សមត្ថកិច្ចខេត្តរាប់សិបអ្នកបានចុះរុះរើផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅភូមិ២ សង្កាត់១ ក្នុងខេត្តព្រះសីហនុ អស់ប្រមាណជិត៤០ខ្នង។

អ្នកស្រីថា ក្នុងពេលចុះរុះរើនោះសមត្ថកិច្ចបានវាយ និងចាប់ស្រីមានផ្ទៃពោះម្នាក់ឈ្មោះ គន្ធា ហើយបានបញ្ជូនទៅខេត្តផងដែរ ខណៈស្រ្តីរូបនោះព្យាយាមរារាំងមិនឲ្យសមត្ថកិច្ចរុះរើផ្ទះរបស់ខ្លួន។

អ្នកស្រីថារហូតមកដល់ម៉ោង៥រសៀលនេះ សមត្ថកិច្ចនៅមិនទាន់ដោះលែងស្រ្តីឈ្មោះ គន្ធា នៅឡើយទេ។

អ្នកស្រីបន្ថែមថា៖តាមសភាពការណ៍ព្រឹកមិញ ខ្ញុំគិតថាគាត់ [ស្រ្តីគេចាប់ខ្លួន] របួសខ្លាំងហើយ ព្រោះខ្ញុំក៏ជាស្រីដែរ។ ខ្ញុំធ្លាប់មានផ្ទៃពោះដូចគាត់អញ្ចឹង ខ្ញុំធ្វើការអីអត់កើតទេ។ ចុះទំរាំគាត់សមត្ថកិច្ចចាប់ អូស អញ្ចឹងហើយ គេធាក់គាត់សុទ្ធតែស្បែកជើងម៉ៃហ្វក [ស្បែកជើងទារហាន]ភូសៗហើយគាត់ស្រែកអូយៗជួយខ្ញុំផង បងៗជួយខ្ញុំផង ដល់អញ្ចឹងពួកខ្ញុំជួយមិចបានបើសមត្ថកិច្ចចុចដំបងឆក់រា ពេញនឹងចូលមិចបាន

វីអូឌីមិនអាចសុំការឆ្លើយតបពីស្នងការខេត្តព្រះសីហនុ លោក ស៊ាង កុសល បានទេដោយទូរសព្ទទាក់ទងមិនបាន។

កាលពីថ្ងៃទី២២ ខែកញ្ញា អាជ្ញាធរខេត្តព្រះសីហនុប្រមាណ៨០នាក់ បានចុះរុះរើផ្ទះពលរដ្ឋនៅភូមិ១ សង្កាត់១ ក្នុងខេត្តព្រះសីហនុ អស់ប្រមាណ៦០ខ្នងរួចម្តងមកហើយ ប៉ុន្តែមិនមានការប្រើអំពើហិង្សានោះទេ។

អភិបាលខេត្តព្រះសីហានុលោក យន្ត មីន កាលពីថ្ងៃទី២២ ខែកញ្ញា បានឲ្យដឹងថាការដែលសមត្ថកិច្ចចុះរុះរើផ្ទះប្រជាពលរដ្ឋនោះ ដោយសារពលរដ្ឋទាំងនោះរស់នៅអាណាធិបតេយ្យលើដីហាមឃាត់របស់រដ្ឋ។ ហើយការរុះរើនោះ លោកថាអាជ្ញាធរមិនមានការផ្តល់សំណងជូនឡើយ។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោក ប៊ុន ណារិទ្ទ មានប្រសាសន៍ថា បើទោះ ពលរដ្ឋរស់នៅលើដីខុសច្បាប់ក៍ដោយ អាជ្ញាធមិនត្រូវបើអំពើហិង្សារលើពលរដ្ឋនោះទេ។

លោកថា អាជ្ញាធរគួរមានវិធីដោះស្រាយល្អជាងនេះ ដោយណែនាំ ឬជូនដំណឹងដល់ពលរដ្ឋមុន និងត្រូវរកកន្លែងសម្រាប់ពលរដ្ឋទាំងនោះរស់នៅបានសមរម្យជាជាងប្រើហិង្សាមកពលរដ្ឋបែបនេះ។

លោកថាអង្គការរបស់លោកកំពុងទាក់ទងព្រះរាជអាជ្ញា ដើម្បីអន្តរាគមន៍ឲ្យមានដោះលែងស្រ្តី ដែលត្រូវចាប់ខ្លួននោះវិញ។

លោកបន្ថែមថា មូលហេតុដែលនាំឲ្យពលរដ្ឋនាំគ្នាទៅនៅលើដីហាមឃាត់នោះ ដោយសារអាជ្ញាធរជាអ្នកនាំមុខមុនដែរ ដោយថា នៅក្នុងតំបន់ហាមឃាត់នោះក៏មានដីរបស់មន្រ្តីមាន អំណាចមួយចំនួន ប៉ុន្តែសមត្ថកិច្ចចុះអនុវត្តតែផ្ទះប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ។

លោកបន្ថែមថា៖ អាជ្ញាធរគួរតែប្រើវិធានការណាមួយ ដែលពលរដ្ឋអាចទទួលយកបានមិនមែន ប្រើហិង្សា វៃតប់ ឬក៏ចាប់ទាត់ធាក់អញ្ចឹងទេ! គឺត្រូវផ្សព្វផ្សាយឲ្យពួកគាត់យល់ ប្រសិនបើ ពួកគាត់ក្រីក្រលំបាកមែន គួរឲ្យគាត់ដាក់ពាក់សុំដីសង្គមកិច្ចពីរដ្ឋវិញ ពីព្រោះកន្លងមកដីតំបន់ហ្នឹងមិនមែនមានតែពលរដ្ឋទេ ដែលរំលោភកាន់កាប់នោះមានទាំងអាជ្ញាធរចំរុះ និងមានទាំង អាជ្ញាធរមានអំណាចមួយចំនួនទៀតផង

បើតាម លោក ប៊ុន ណារិទ្ទ ឲ្យដឹងថាបច្ចប្បន្នមានពលរដ្ឋរាប់ពាន់គ្រួសារកំពុងរស់នៅក្នុងដី ដែលជាតំបន់ហាមឃាត់របស់រដ្ឋនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ