សភា​អាមេរិក​គ្រោង​ស៊ើប​អង្កេត​លើ​មន្ត្រី​សេតវិមាន​ប្រើ​ប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​ធ្វើ​ការងារ​រដ្ឋ

សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​មួយ​នៅ​ក្នុង​សភា​អាមេរិក បាន​ស្នើ​សុំ​ព័ត៌មាន​ពី​​សេតវិមាន​កាល​ពីថ្ងៃ​ម្សិល​មិញ ទាក់​ទង​ទៅ​នឹង​សេចក្ដី​រាយការណ៍​ថា ក្រុម​មន្ត្រី​ជាន់​ខ្ពស់ បាន​ប្រើ​ប្រាស់​អ៊ីម៉ែល​ឯកជន សម្រាប់​ការងារ​រដ្ឋាភិបាល។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ក្រុម​មេដឹកនាំ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​មក​ពី​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ បាន​តាម​ដាន​សេចក្ដី​រាយការណ៍​របស់​កាសែត Politico កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​បាន​រាយការណ៍​ថា កូន​ប្រសារ​ប្រុស​ និង​ទីប្រឹក្សា​ជំនិត​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺ​លោក Jared Kushner និង​ក្រុម​មន្ត្រី​សេតវិមាន​ទាំង​បច្ចុប្បន្ន និង​អតីត​ផង បាន​ប្រើ​ប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន សម្រាប់​ការងារ​រដ្ឋាភិបាល។

ក្នុង​លិខិត​ផ្ញើ​ទៅ​សេតវិមាន ប្រធាន​គណៈកម្មាធិការ​នេះ សមាជិក​សភា​បក្ស​សាធារណរដ្ឋ លោក Trey Gowdy និង​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ លោក Elijah Cummings បាន​និយាយ​ថា ពួកគេ​នឹង​ត្រួត​ពិនិត្យ​មើល​ថា តើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​លោក ត្រាំ កំពុង​ព្យាយម​គេច​ចេញ​ពី​ច្បាប់​តាម​រយៈ​ការ​ប្រើ​ប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន ឬ​ក៏​អ៊ីម៉ែល​ផ្សេង​ទៀត ដើម្បី​បំពេញ​ការងារ​រដ្ឋាភិបាល​ ឬ​ក៏​មិន​មែន។

កាសែត Politico បាន​រាយការណ៍​ថា អ៊ីម៉ែល​លោក Kushner មាន​ទាំង​ការប្រើ​សម្រាប់​ផ្ដល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គម្រោង​ព្រឹត្តិការណ៍ និង​រឿង​រ៉ាវ​ដទៃ​ទៀត។ មេធាវី​លោក Kushner គឺ​លោក Abbe Lowell បាន​និយាយ​ថា កូន​ក្ដី​របស់​លោក បាន​អនុវត្ត​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​បញ្ជូន​អ៊ីម៉ែល​ទាំង​អស់​ចូល​ទៅ​គណនី​អ៊ីម៉ែល​ផ្លូវការ​របស់​លោក។

អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៦ លោក ត្រាំ បាន​វាយ​ប្រហារ​លើ​បេក្ខនារី​អ្នក​ស្រី Hillary Clinton ចំពោះ​ការ​ប្រើ​ប្រាស់អ៊ីម៉ែល​ផ្ទាល់​ខ្លួន សម្រាប់​ទំនាក់​ទំនង​ផ្លូវការ នៅ​ពេល​អ្នកស្រី​នៅ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស នៅ​ក្រោម​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ