តុលាការកំពូលមិនអនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ទៅក្រៅប្រទេស​

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា កាលពីពេលកន្លងទៅ

តុលាការកំពូលនៅថ្ងៃពុធនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ ដោយមិនអនុញ្ញាតឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស ដោយសំអាងថា បារម្ភខ្លាចសកម្មជនរូបនោះបង្កអសន្តិសុខដល់ប្រទេសជាតិ។

លោក មាជ សុវណ្ណារ៉ា កំពុងជាប់ពន្ធនាគារបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៥ បានសម្រេចផ្ដន្ទាទោសរយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម ដែលប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សាលក្រមនោះដែរ បានហាមហាមឃាត់លោកមិនឲ្យចេញទៅក្រៅប្រទេសផងដែរ បើទោះបីជាមានការស្នើពីមេធាវីថា លោកទៅព្យាបាលរបួស បន្ទាប់ពីលោកជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ក៏ដោយ។

ទាក់ទងករណីនេះ លោក មាជ សុវណ្ណារ៉ា មិនសុខចិត្តក៏ប្ដឹងជំទាស់ទៅតុលាការកំពូល ប្រឆាំងសាលក្រមរបស់សាលាដំបូង។

ប៉ុន្តែនៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គឹម សត្ថាវី បានប្រកាសសាលដីកា ដោយចាត់ទុកសាលក្រមរបស់សាលាដំបូងទុកជាបានការដដែល ដោយសំអាងថាសំណុំរឿងរបស់លោក មាជ សុវណ្ណារ៉ា បានធ្លាក់ដល់រឿងអង្គសេចក្តីរួចហើយ ព្រោះតុលាការថ្នាក់ក្រោមបានផ្តន្ទាទោសរួចហើយដែរ។

មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា គឺលោក ជួង ជួងី បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថាមិនផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោកទេ។

លោកមានប្រសាសន៍ថា៖ “ខ្លាចបង្កបញ្ហាផ្សេងៗ ខ្លាចគាត់មិនចូលនីតិវិធីរបស់តុលាការ ប៉ុន្តែតាំងពីការស៊ើបអង្កេតរហូតទៅដល់សវនាការ លោក មាជ សុវណ្ណារ៉ា អត់ដែលបង្កការលំបាក អត់ដែលបង្កការរំខានអី្វដល់ចំណាក់ការរបស់តុលាការទេ ទោះបីជាគាត់ចេញទៅក្រៅក្ដី គឺគាត់ចូលរួមគ្រប់នីតិវិធីរបស់តុលាការទាំងអស់។  ដោយសារតែគាត់មិនដែលធ្វើអ្វីរំខានដល់តុលាការចឹងគឺផ្លូវច្បាប់ កាលណាអត់មានការរំខានចឹងគឺអត់ត្រូវការចាត់វិធានការទប់ស្កាត់អីទេ ពីព្រោះវាអត់មានការរំខាន លុះត្រាតែគាត់រំខានមិនចូលសវនាការ គេចវេស អាហ្នឹងទើបត្រូវហាម“។

លោកបញ្ជាក់ថា នៅពេលដែលតុលាការហាមមិនឲ្យកូនក្តីលោកទៅក្រៅប្រទេស លោក ជួង ជួងី ថាតុលាការមិនទាន់សម្រេចផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា នៅឡើយ។

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការសម្រេចនេះថាជារឿងនយោបាយមិនមែនជាវិធានការច្បាប់ឡើយ។ លោកមានប្រសាសន៍ថា៖ “សាលក្រមទាំងអស់នេះ បើយើងមើលទៅ វាសិ្ថតនៅក្នុងកាលៈទេសៈស្ថានភាពនយោបាយតានតឹងមួយ ជាសាលក្រមបែបទៅជាចរិតផ្នែកនយោបាយច្រើនជាង សាលសម្រេចទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់។ បើយើងមើលទៅសាលក្រមនេះ មិនទៅចាំបាច់អីទេ ព្រោះគាត់ជាប់ពន្ធនាគារហើយ ចឹងទាល់តែគាត់រួចពីពន្ធគារទើបច្បាប់តម្រូវ អាចអនុញ្ញាតឲ្យនៅក្រៅឃុំ ឬក៏មានការលើកលែងអី ទើបគាត់អាចនៅក្រៅពន្ធនាគារបាន“។

គួរបញ្ជាក់ថាកាលពីខែកក្កដា ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោទចូលរួមនិងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ