CCHR អះ​អាង​ជំហរ​ឯករាជ្យ​របស់​ខ្លួន ក្រោយ​ពីលោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព កាន់​បដា​យុទ្ធនាការ «ខ្ញុំ​គាំទ្រសកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី» កាល​ពី​​ខែ​មីនា ឆ្នាំ​២០១៧។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR បាន​អះ​អាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ឯករាជ្យ​របស់​ខ្លួន​ពី​គណបក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​បន្ត​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​បែប​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​នៅ​រសៀល​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​បិទ​អង្គការ​មួយ​នេះ ដោយ​ចោទ​ថា អង្គការ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​ជន​បរទេស។

នៅ​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «ការ​ពិត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅទីក្រុង​ភ្នំពេញ អាហ្នឹង​ត្រូវ​តែ​បិទ​ចោល ព្រោះ​អាហ្នឹង​ធ្វើ​តាម​បរទេស​ណា! អាហ្នឹង​គួរ​មើល! ក្រសួង​មហាផ្ទៃ​គួរ​មើល! ព្រោះ​អាហ្នឹង​គឺ​ថា បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា មិន​មែនខ្មែរ​អ្នក​បង្កើត​ទេ​! បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា! មើល​អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ហ្នឹង​មួយ​ទៀត។ […] អញ្ចឹង​ទេ អា​នេះ​បរទេស​​ឲ្យ​បង្កើត អាហ្នឹង​វា​ខុស​រឿង»។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ឯករាជ្យ​ភាព​ពី​បក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​លើក​កម្ពស់​​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់​លាស់។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​រៀបរាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា អតីត​បុគ្គលិក​អង្គការ​មួយ​នេះ បាន​ចាក​ចេញ និង​ចូល​ប្រឡូក​ក្នុង​នយោបាយ​ទាំង​ខាង​​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ប៉ុន្តែ អ្នកស្រី​ថា មជ្ឈ​មណ្ឌល​របស់​អ្នកស្រី មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ​ទាំង​នោះ​ទេ។

អ្នកស្រី​ជឿ​ជាក់​ថា ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ពេញ​លេញ​ណា​មួយ​ទៅ​លើ​ស្ថាប័ន​មួយ​នេះ នឹង​រក​ឃើញ​ថា ស្ថាប័ន​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មកបាន​​លា​ឈប់ និង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០០៧។

ការ​បញ្ជា​ពី​សំណាក់​លោក ហ៊ុន សែន ​ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​សម្រាប់​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បែប​នេះ បាន​កើត​ឡើង​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​អង្គការ​សង្គម​ស៊ីវិល​បរទេស​មួយ​ចំនួន​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​បែប​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុបឃិត​ជាមួយ​ជន​បរទេស» មាន​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ទោះជាយ៉ាងណា ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដទៃ​ទៀត បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ