នៅទីបំផុតការប្រលងចម្រៀងដ៏មានប្រជាប្រិយភាព Cambodian Idol រដូវកាលទី២ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យទី២៥ខែធ្នូឆ្នាំ២០១៦ ដោយបេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្តកំពង់ស្ពឺបានក្លាយជាម្ចាស់ពានពីការប្រកួតនេះ។ ជ័យជម្នះរបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងប្រកាសខ្លួនទើបតែធ្លាក់ពីការប្រលង The Voice រដូវកាលទី១ ហើយមិននឹកស្មានថាខ្លួនកាន់ពាននេះ។
មានការភ្ញាក់ផ្អើលមិនតិចទេ ដែលបេក្ខរូបនេះបានក្លាយជាម្ចាស់ពានក្នុងកម្មវិធី Cambodian Idol សម្រាប់រដូវកាលទី២។ ក្នុងចំណោមបេក្ខជនបេក្ខនារី៣នាក់ចុងក្រោយ នាងគឺជាបេក្ខនារីដែលមានទឹកដមសំឡេងមិនធម្មតា ហើយក៏ជាបេក្ខនារីលើកទី១ ដែលបានក្លាយជាជាម្ចាស់លំដាប់ថ្នាក់ពិភពលោកចំថ្ងៃបុណ្យណូអែលតែម្ដង បន្ទាប់ពីការប្រលងចម្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដែលរៀបចំនៅទូរទស្សន៍ហង្សមាស៣លើកមកហើយសុទ្ធតែបានពានទៅលើបុរស។
មុនបោះជំហានចូលក្នុងកម្មវិធី Cambodian Idol នាងគ្រាន់តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ពីការប្រលងនៅក្នុងកម្មវិធីមួយ និងគ្រាន់តែជាអ្នកចម្រៀងប្រចាំវង់តន្ត្រីមួយ។ នាងបានឆ្លងកាត់ការប្រកួតប្រចាំខេត្ត ហើយក៏បានឆ្លងផុតការជម្រុះច្រើនវគ្គច្រើនលើក មុននឹងក្លាយជាម្ចាស់ពាននៅវគ្គចុងក្រោយក្នុងកម្មវិធី Cambodian Idol ។ គ្រាន់តែប្រកាសភ្លាមៗ ម៉ានិច្ចបង្ហូរទឹកភ្នែកនៅលើឆាកតែម្ដង ដោយនាងប្រកាសថានាងធ្លាប់បានប្រលងធ្លាក់នៅក្នុងវេទិកាប្រលងចម្រៀង The Voice ម្ដងហើយ តែនាងនៅតែមិនបាក់ទឹកចិត្តទើបសម្រេចចិត្តចូលប្រលងកម្មវិធីនេះម្ដងទៀត។ នាងថាក្នុងការប្រលង The Voice វគ្គ១ អត់មានគណកម្មការណាមួយពេញចិត្តសមត្ថភាពរបស់នាងទេ ដោយសារតែក្នុងពេលនោះនាងមានកំហុសក្នុងការបកស្រាយបទចម្រៀង។
ក្នុងការប្រឡងចុងបញ្ចប់ដែលតម្រូវឲ្យបេក្ខជនបេក្ខនារីនីមួយៗលើកយកបទដែលតម្រូវទឹកដមសំឡេងរៀងខ្លួន ដោយនាងបកស្រាយបទប្រភេទញាក់ផង និង បទមនោសញ្ចេតនាផង ដោយបទដែលនាងជ្រើសមកច្រៀងគឺសុទ្ធតែមានការកោតសរសើរ។ គណៈកម្មការទាំង៤ បានសរសើរថានាងមិនសមជាបេក្ខភាពសម្រាប់ការប្រលងនោះទេ គឺសមតែជាអ្នកចម្រៀងអាជីព និងជាទឹកដមចេញពីតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងម្នាក់។
កញ្ញា ឈិន ម៉ានិច្ច ទទួលបានប្រាក់រង្វាន់ចំនួន១០០លានរៀល ប្រហាក់ប្រហែលនឹង២៥.០០០ដុល្លារ ព្រមជាមួយកិត្តិយសក្នុងនាមជាម្ចាស់ពាន Cambodian Idol ក្នុងរដូវកាលទី២។ ក្រៅពីនោះក៏បានទទួលទឹកប្រាក់ឧមត្ថម្ភពីក្រុមហ៊ុនរហូតដល់៥០លានរៀលផ្សេងទៀតផងដែរពីក្រុមហ៊ុនដែលជ្រោមជ្រែងកម្មវិធីនេះ។ អ៊ីចឹងហើយទើបនាងទទួលបានទឹកប្រាក់១៥០លានរៀលគឺច្រើនជាងបេក្ខជនដែលកាន់ពានកាលរដូវកាលទី១។ នាងក៏នឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដើម្បីក្លាយជាតារាចម្រៀងពេញសិទ្ធិ ព្រមជាមួយតំណែងជាសមាជិកមួយរូបរបស់កម្មវិធី Idol របស់ពិភពលោកផងដែរ។
ជ័យជម្នះរបស់នាងបានរុញច្រាន ឲ្យបេក្ខជនបេក្ខនារី២រូបផ្សេងទៀត គឺលោក នួន សុធារក្ស មកពីខេត្តពោធិសាត់ និងបេក្ខនារី ហ៊ិន លីដា ម្ចាស់ពានផ្កាយរះក្នុងសួនរដូវកាលទី១របស់ទូរទស្សន៍អប្សរា មកពីខេត្តកំពង់ឆ្នាំង របូតតំណែងជាម្ចាស់ពាន និងឱកាសទទួលបានទឹក១៥០លានរៀលដែលជាក្ដីស្រម៉ៃរបស់ពួកគេ។ បេក្ខជនទំាងពីរនេះក៏ជាអ្នកចម្រៀងប្រចាំក្នុងរង្គសាលដូចគ្នានឹង ម្ចាស់ពានមុនហក់ចូលមកប្រឡងក្នុងកម្មវិធី Cambodian Idol នេះផងដែរ។ យ៉ាងណាមិញ ទាំងម្ចាស់ជ័យលាភី និងបេក្ខភាព២រូបដែលមិនបានទទួលចំណាត់ថ្នាក់ ក៏នឹងត្រូវក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតកម្មហង្សមាសមិនខុសគ្នានឹងបេក្ខភាពដែលជាប់ផងដែរ បើទោះជាពួកគេមិនមានឈ្មោះជាម្ចាស់ពាន Cambodian Idol រដូវកាលទី២។ អ្នកធ្លាក់ទាំងពីរទទួលបានទឹកប្រាក់ឧបត្ថម្ភ អមដោយរង្វាន់លើកទឹកចិត្តយ៉ាងសន្ធាប់ពីក្រុមហ៊ុនភេសជ្ជៈផងដែរ។
លោក អ៊ឹង សុខលី អគ្គនាយករងទូរទស្សន៍ហង្សមាស និងជាទទួលបន្ទុកកម្មវិធីដ៏ធំនេះ បានអះអាងថា Cambodian Idol គឺជាកម្មវិធីដែលទូរទស្សន៍ហង្សមាសទិញសិទ្ធិផ្ដាច់មុខពីប្រទេសអង់គ្លេស។ នេះក៏ជាកម្មវិធីដែលលោកចាត់ទុកថាបានទទួលជោគជ័យ នៅគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីកម្មវិធីក៏បានទទួលការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំនាពេលកន្លងមក។
ជាមួយគ្នានោះ លោកក៏អះអាងថា បេក្ខភាពនៅវគ្គចុងក្រោយ មិនថាតែម្ចាស់ជ័យលាភីគឺ នី រតនា ឬ បេក្ខភាព២រូបផ្សេងទៀត នឹងក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្មហង្សមាសក្នុងពេលបន្ទាប់។ លោកបានកោតសរសើរចំពោះមហាជននៅទូទាំងប្រទេស ដែលបានគាំទ្រកម្មវិធីមួយនេះយ៉ាងពេញទំហឹងតាំងពីវិនាទីចាប់ផ្ដើម៕