តំណាងរាស្ត្របក្សប្រឆាំង១រូប​បើកចំហទ្រព្យសម្បត្តិខ្លួនជាសាធារណៈដើម្បីបង្ហាញតម្លាភាព

លោក លិម គឹមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​មណ្ឌលកំពង់ធំ

តំណាងរាស្ត្របក្សប្រឆាំងមួយរូប ប្រកាសអនុញ្ញាតឲ្យអង្គការមួយដែលធ្វើការផ្នែកលើកកម្ពស់តម្លាភាពសង្គម  អាចសម្ភាស ថត និងផ្សព្វផ្សាយព័ត៌មានពីទ្រព្យសម្បត្តិរបស់លោក​ឲ្យសាធារណជនបានដឹង ដើម្បីបង្ហាញពីសុចរិតភាពរបស់លោក​ចំពោះប្រជាពលរដ្ឋ។​

ក្នុងលិខិតចំហរបស់លោក លិម គឹមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​មណ្ឌលកំពង់ធំ ចុះថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦ បានលើកឡើងថា លោកអនុញ្ញាតឲ្យអង្គការគណនេយ្យភាពកម្ពុជា អាចផ្សព្វផ្សាយទ្រព្យសម្បត្តិលោកជាសាធារណៈបាន។ លោកក៏ជំរុញឲ្យអ្នកដឹកនាំផ្សេងៗទៀត នៅក្នុងអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវនិងជាគំរូល្អក្នុងការដឹកនាំ។​

កន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលធ្លាប់បកស្រាយថា ការប្រកាសទ្រព្យសម្បត្តិដោយអសាធារណៈនៅពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ហើយក្នុងការប្រឆាំងអំពើពុករលួយ ហើយថាការប្រកាសជាសាធារណៈ បារម្ភពីសុវត្ថិភាពរបស់ម្ចាស់ទ្រព្យសម្បត្តិទាំងនោះ។​

របាយការណ៍អង្គការគណនេយ្យភាពកម្ពុជាឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៦នេះ បុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋ មន្ត្រីគណបក្សមានចំនួន​ជាង៤០នាក់ បាន​ស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិខ្លួនជាសាធារណៈ។ លោក គុយ មាសសំណាង ប្រធាន​អង្គការគណនេយ្យភាពកម្ពុជាបញ្ជាក់ថា សាធារណជនពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយ​អាចប្រកាសទ្រព្យជាសាធារណៈជាមួយគេហទំព័ររបស់អង្គការគណនេយ្យភាពកម្ពុជាឬអាចប្រកាសលើគេហទំព័រផ្ទាល់ខ្លួនក៏បាន ដើម្បីឲ្យសាធារណជន​បានដឹង បង្ហាញតម្លភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ