យុវជន​មួយ​ក្រុម​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំពោះ​ការរិះគន់​ចំណុច​ខ្វះខាត​រដ្ឋាភិបាល​

ក្រុម​យុវជន​​ និង​ព្រះសង្ឃ​ក្នុង​វេទិកាជជែក​ពិភាក្សា​ស្តីពី “​ទស្សនៈ​យុវជន​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃ​យ៉ា​“​ (រូបថត៖ ណាត​ សុភាព)

​យុវជន​មកពី​សាកលវិទ្យាល័យ​នានានៅ​រាជធានី​ភ្នំពេញលើកឡើងថា ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សេរីភាព​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​។​

​ក្រុមយុវជន​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​លើ​ឡើង​ពី​សុវត្ថិភាព និង​សេរីភាព​បញ្ចេញមតិ​របស់​ខ្លួនក្នុង​វេទិកាជជែក​ពិភាក្សា​ស្តីពី “​ទស្សនៈ​យុវជន​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​លើ​ករណី​យុវជន គង់ រ៉ៃ​យ៉ា​“ ដោយ​មាន​យុវជន និង ព្រះសង្ឃ​ចូលរួម​ប្រមាណ​ជាង​៦០​អង្គ​/​នាក់​។

​លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៨​ខែ ដោយសារ​យុវជន​រូបនោះ សរសេរ​តាម​ហ្វេ​សប៊ុក​ប្រកាស​ធ្វើ​បដិវត្តន៍ព័​ណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​

​និស្សិត​មក​ពី​សកលវិទ្យា​ល​ឯកជន​មួយ​លោក ម៉ូត គឹម​រី ថ្លែងថា ក្រោយ​ពី​តុលាកា​រ​សម្រេច​ផ្តន្ទាទោ​សលោក គង់ រ៉ៃ​យ៉ា ធ្វើឲ្យ​រូបគាត់​និង​យុវជន​ផ្សេង​ទៀត​ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយ​អះអាង​ថា ពួកគេ​មិន​ហ៊ានបញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ខ្លាច​ជួប​បញ្ហា​ប្រឈម​ដូច​ករណី​យុវជន គង់ រ៉ៃ​យ៉ា​៖ “​ខ្ញុំ​គិតថា យុវជន​ផ្សេងទៀត​កំពុង​ព្រួយបារម្ភ​ទាក់ទង​ទៅនឹង​សុវត្ថិភាព ទាក់ទង​ទៅនឹង​ការបញ្ចេញមតិ​របស់​គាត់ ពីព្រោះ​នៅ​ពេល​ដែល​ពួក​គេ​ហ៊ាន​និយាយ​ពាក្យពិត​ទៅកាន់​សាធារណៈជន ឬ​ក៏​តាម​ហ្វេ​សប៊ុក គាត់​នឹង​ត្រូវ​ដាក់​ទោសទណ្ឌ នេះ​ជា​ការបញ្ចេញមតិ​មួយ​ស្ថិតនៅក្រោម​ការកៀបសង្កត់ ឬក៏​ការ​រឹតបន្តឹង​មែនទែន អញ្ចឹង​យុវជន​ផ្សេង​ទៀត​គាត់​មាន​ការភ័យខ្លាច មិន​ហ៊ាន​បញ្ចេញមតិ​ទាំងអស់​នោះ​ទេ​”​។​

​និស្សិត​ច្បាប់​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ លោក លី យុង​ប៊ូ មានប្រសាសន៍​ប្រហាក់ប្រហែល​និង​លោក គឹម​រី​ដែរ ប៉ុន្តែ​លោក​ថា ដើម្បី​កុំ​ឲ្យ​យុវជន​និង​និស្សិត​ផ្សេង​ទៀត​ជួប​បញ្ហា​ប្រឈម​ដូច​យុវជន​គង់ រ៉ៃ​យ៉ា លោក​ថា មុន​និង​បញ្ចេញមតិ​រិះគន់​បុគ្គល​ណាមួយ ជា​ពិសេស​រឿង​នយោបាយ ត្រូវ​ប្រុងប្រយ័ត្ន​៖”នៅ​រាល់ពេល​ការលើកឡើង ការបញ្ចេញ​មតិ​របស់​ខ្លួន អ្វីមួយ​ដែល​សកម្មភាព​ចង់​ចូលរួម​ការពារ​សកម្ម​ភាពត្រឹមត្រូវ​របស់​សង្គម ត្រូវតែ​គិតគូ​ឲ្យបាន​ម៉ត់ច​ត់​អំពី​ពាក្យ​សម្តី​របស់​ខ្លួន មិនមែន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន​តា​ម​តែ​អំពើ​ចិត្ត ប៉ះពាល់​ដល់​អ្នកដទៃ​នោះទេ​”​។​

​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ យល់ថា ការសម្រេច​របស់​តុលាការ​ផ្តន្ទាទោស​យុវជន​គង់ រ៉ៃ​យ៉ា ជា​រឿង​អយុត្តិធម៌​និង​ជា​សារ​គំរាមកំហែង​ដល់​យុវជន​ផ្សេងទៀត​មិន​ឲ្យ​និយាយ​រិះគន់ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​។​​ លោក​បញ្ជាក់ថា យុវជន​គង់ រ៉ៃ​យ៉ា មិន​មាន​សមត្ថភាព ឬ​គៀគរ​កំលាំង​ដឹកនាំ​ក្រុម​មនុស្ស​ផ្តួលរំលំ​រដ្ឋាភិបាល​បាន​នោះទេ​។

​លោក ម៉ាឡៃ បន្ថែមថា ការសម្រេច​របស់​តុលាការ​ផ្តន្ទាទោស​លោក គង់ រ៉ៃ​យ៉ា ធ្វើឡើង​ក្រោយ​ហេតុផល​នយោបាយ​ច្រើន​ជាង លោក​ជំរុញ​ទៅ​តុលាការ​ពី​ចារណា​ឡើង​វិញ​ចំពោះ​ករណី​យុវជន​គង់ រ៉ៃ​យ៉ា ដើម្បី​បង្ហាញ​ពី​ឯករាជ្យភាព​របស់​តុលាការ​៖ “​បើសិនជា​មាន​រឿង​អញ្ចឹង​កើតឡើង ធ្វើឲ្យ​ករណី​មួយ​មិនមានយុត្តិធម៌ បើសិនជា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនុកចិត្ត​ឡើងវិញ តុលាការ​គួរតែ​មាន​កា​រ​គិតពិចារណា វិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូ​វ​ជាង​សព្វមួយដង​ដែល​បាន​ធ្វើ​រួចរាល់​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា​តុលាការ​របស់​កម្ពុជា ជា​តុលាការ​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ​”​។​

​គួរបញ្ជាក់​ថា​យុវជន គង់ រ៉ៃ​យ៉ា ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ ​ខែ​សីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ការ​ចោទ​ថា ​ញុះញង់​ឲ្យមាន​បដិវត្តន៍​ពណ៌​តាមរ​យៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ ក្រោយ​ពី​តុលាការ​ប្រកាស​សាលក្រម​ដាក់ទោស​១​ឆ្នាំ​កន្លះ យុវជន គង់ រ៉ៃ​យ៉ា ដែល​ជា​និស្សិត សាកលវិទ្យាល័យ​ខេមរៈ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ លោក​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ករណី​នេះ​។ លោក​បញ្ជាក់ថា​៖ “​តុលាការ​ខ្មែរ​តែ​ប៉ុណ្ណឹង​”​។ លោក​ថា​រឿង​នេះ​វា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ទូទៅ​ដែរ​។​

​ទោះជា​យ៉ាងណា ក្រុមយុវជន​ដែល​មកពី​សាកលវិទ្យាល័យ​នានា បង្ហាញ​ពី​ការ​មិន​អស់ចិត្ត​លើ​ការសម្រេច​របស់​តុលាការ​ដែល​ផ្តន្ទាទោស​លោក គង់ រ៉ៃ​យ៉ា ដោយ​ពួកគេ​អះអាងថា ករណី​នេះ​ធ្វើឲ្យ​យុវជន​មួយចំនួន​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សេរីភាព​បញ្ចេញមតិក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ