តុលាការអាមេរិកបើកសវនាការសំណុំរឿងលោក ហ៊ុន សែន និងកូនប្រុសនៅចុងខែនេះ

លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន

តុលាការសហរដ្ឋអាមេរិកនឹងបើកសវនាការនៅចុងខែមីនានេះ ពាក់ព័ន្ធសំណុំរឿង លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត លើសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ នេះបើតាមភាគីដើមបណ្តើង។

ក្នុងវីដេអូឃ្លីបលើហ្វេសប៊ុកដែលបង្ហោះជាសាធារណៈ លោក បូ ជាមេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា បានលើកឡើងថា នៅថ្ងៃទី៣០មីនា វេលាម៉ោង៨.៣០នាទីព្រឹក តុលាការអាមេរិក នៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការជំនុំជម្រះក្តីលើ អង្គហេតុ និងភស្តុតាង លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត។

លោក បូ បានបញ្ជាក់ថា សវនាការនោះនឹងបង្ហាញពីឯកសារ ភស្តុតាងមួយចំនួនទៀតដែលអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បង្ករហិង្សាលើលោក ផល ហេរ នៅសហរដ្ឋអាមេរិកផងដែរ។ លោកនិយាយថា «សវនាការលើសំណុំរឿងអង្គហេតុ និងភស្តុតាង ព្រោះថ្ងៃហ្នឹងវាមានសារសំខាន់ណាស់ ព្រោះចៅក្រមគាត់ចង់បានជាលំអិត តើអ្នកណាវាយវាយ ផល ហេរ ឈ្មោះអ្វី ហើយទាក់ទងនិងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត របៀបម៉េច ។យើងបានហុចដីកានោះទៅឲ្យបុគ្គលពីរនាក់ ដើម្បីមកឡើងបំភ្លឺសវនាការរបស់យើងថ្ងៃហ្នឹង[ថ្ងៃ៣០មីនា]យើងបានធ្វើហើយខ្ញុំមិនអាចប្រាប់ឈ្មោះគេបានទេ»។

VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យ​បណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពី​បទ​”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុស​ត្រូវចំពោះ​អំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមាន​ការចាប់​ខ្លួន​និងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ