ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ

ទិដ្ឋភាពលំនៅដ្ឋានពលរដ្ឋរស់នៅអមតាមផ្លូវរថភ្លើងក្នុងក្រុងភ្នំពេញ

ក្រុមប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងក្នុង​រាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រស្បត្តិ៍ទី២៧មេសានេះ នាំគ្នាតវ៉ា​នៅ​មុខ​សាលារា​ជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័ននេះ បញ្ជាក់ពីការផ្ដល់សំណងឲ្យពួកគេ ដោយបារម្ភ​ខ្លាច​​មានការបណ្ដេញចេញទាំង​បង្ខំ​ដូច​សហគមន៍ផ្សេងៗទៀត។

តំណាងសហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ម្នាក់ លោក ស៊ីម វីរៈ ប្រាប់អ្នកសារព័ត៌មានមុខសាលារាជ​ធានីភ្នំពេញថា កន្លងមកសាលារាធានីភ្នំពេញ ប្រាប់ពួកគាត់ថា នឹងដោះស្រាយប៉ះពាល់ ទាំងអស់​ឲ្យ​ពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះពួកគាត់​មិនទាន់ដឹងពីដំណោះស្រាយសាលារាធានីភ្នំពេញនោះឡើយ។

លោកបន្តថា ពួកគាត់មកដាក់ញត្តិនៅថ្ងៃនេះ គឺចង់ឲ្យសាលារាជធានីបញ្ជាក់ពីយន្តការ​នៃការ​ដោះស្រាយ​ផលប៉ះពាល់​ឲ្យបានច្បាស់។

លោកថា៖ «ខ្ញុំដាក់លិខិតម្ដងហើយ ប៉ុន្តែមានការឆ្លើយបង្វៀង ហើយមានការភូតកុហក រហូតមក​ដល់​ពេល​នេះ ពួកខ្ញុំយើងញត្តិមកដាក់ម្ដងទៀត ដើម្បីឲ្យគាត់ឆ្លើយជូនប្រជាពលរដ្ឋថា​តើដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋដោះស្រាយយ៉ាងដូចម្ដេច។ ចឹងប្រជាពលរដ្ឋរាល់ថ្ងៃកំពុងព្រួយបារម្ភ ពីការទូទាត់សំណង ពីព្រោះថាបោះឆ្នោតជិតមកដល់ តើបោះឆ្នោតរួមពួកខ្ញុំទៅនៅណា រាល់ថ្ងៃគាត់ភ័យខ្លាច មុចមិន​ជ្រៅ​ទៅមិនឆ្ងាយ គាត់រកស៊ីអីក៏គាត់ចាប់អីខុស ដោយសារគាត់ព្រួយបារម្ភពីផ្ទះ។ បើសិនសាលារាជធានី​ប្រាប់ទីតាំងគាត់ថានៅទីណា នៅពេលណាចឹងឲ្យគាត់ស្ងប់ចិត្តបន្តិច»

តំណាងពលរដ្ឋម្នាក់ទៀតលោក ឡុង ចាន់ឌី លើកឡើងថា ពួកគាត់បារម្ភខ្លាចត្រូវបាន​បណ្ដេញចេញទាំង​បង្ខំ ដូចសហគមន៍ដទៃទៀតខណៈ​ដែលរដ្ឋាភិបាល​បើកការដ្ឋាន​សាងសងផ្លូវបេតុងកាត់​សហគមន៍របស់ពួកគេតែមិនទាន់បានដោះស្រាយពីផលប៉ះពាល់ឲ្យពួកគាត់នៅឡើយ។

លោកថា៖ «ដំណោះស្រាយពួកគាត់គិតថាល្អ ប៉ុន្តែពួកយើងមើលអត់ទាន់ឃើញ អាហ្នឹងហើយយើងបារម្ភ បារម្ភពីដំណោះស្រាយហ្នឹង​ អាចដូចគេឬយ៉ាងណា អាហ្នឹងយើងកំពុងបារម្ភរឿងហ្នឹង បាន​យើង​ពន្យាយាម​​ប្រឹងមក​ តាមដានសួរហ្នឹង»។

ក្រុមអ្នកតវ៉ា ព្រមានថា ប្រសិនបើរយៈពេលមួយសប្ដាហ៍មិនទទួលបានការឆ្លើយតបទេ ពួកគេនឹង​នាំគ្នា​យក​សម្ភារៈមកបោះតង់ស្នាក់នៅមុខសាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ​នឹងធ្វើការដោះស្រាយឲ្យប្រជាពលរដ្ឋរួចរាល់សិន ទើបធ្វើការសាងសងផ្លូវបេតុងនោះ។

លោកថា៖ «គ្រាន់តែអ្វីដែលគាត់មានការងឿឆ្ងល់ ហើយមានការបារម្ភថា ហេតុអ្វីបានជាមានកាដ្ឋាន​សាងសង់​ចឹងបានជា ខ្ញុំចង់ជម្រាបជូនថាអានេះ គ្រាន់តែជាកាដ្ឋានគំរូ ដែលយើងត្រូវធ្វើដូចជាផ្ទះគំរូ។ គំរូនឹងឲ្យគាត់មើលឃើញជាក់ស្ដែង ថាផ្លូវយើងគឹចឹងរបៀបចឹង ហើយអញ្ចឹងគាត់មកជាមួយគ្នា ហើយ​ពិភាក្សាអី ទៅលើការងារដោះស្រាយផលប៉ះពាល់ជូនពួកគាត់ដូចគ្នាទេ ដដែលទេមិនមានអី ជាបារម្ភ​ក្នុងការរុះរើ បណ្ដេញអីពួកគាត់ដូចការបារម្ភនោះទេ»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា កន្លង​មក អភិបាលរាជធានីភ្នំពេញបាន​ បើកវេទិកាសារធាណជាមួយពលរដ្ឋថា​នឹងដោះ​ស្រាយ​ប៉ះពាល់​នោះឲ្យ ដោយ​មិនឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារ ការអភិវឌ្ឍន៍បេតុងនោះឡើយ។

លោកបន្តថា សាលារាជធានីភ្នំពេញ គួរតែពន្លឿការដោះស្រាយ បញ្ហានេះឲ្យបានឆាប់ ដើម្បី​កុំពល​រដ្ឋ​ព្រួយ​​​បារម្ភបន្តទៀត។

លោកថា៖ «យើងសូមលើកទឹកចិត្តទៅដល់សាលារាជធានីភ្នំពេញ គួរតែជំរុញការងារហ្នឹង ទៅថ្នាក់ក្រោម រាជធានី​ថ្នាក់ខណ្ឌ ឬថ្នាក់សង្កាត់ដើម្បី​ឲ្យគាត់អាចពន្យល់​ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់​កុំឲ្យ​ប្រជាពលរដ្ឋ​​​មានការភ័យខ្លាច កុំឲ្យគាត់មានការបារម្ភអំពីការប៉ះពាល់ផ្សេងៗហ្នឹងដោយសារអភិវឌ្ឍន៍ផ្លូវហ្នឹង»។

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវមួយខ្សែរ ចាប់ពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវទំនប់៧០ មានប្រវែង ៤.៥១០ម៉ែត្រ ទទឹង៧ម៉ែត្រសងខាងផ្លូវដែក ដែលនឹងត្រូវសង់ឲ្យហើយក្នុងរយៈពេល៥ខែ។

លោកបន្តថា ចំពោះផលប៉ះពាល់វិញ សាលារាជធានីមិនអាចដោះស្រាយឲ្យប្រជាពលរដ្ឋមុនបានទេ ដោយសារ​ពលរដ្ឋខ្លះប៉ះពាល់តិច ហើយពលរដ្ឋខ្លះប៉ះពាល់ច្រើន ដូចនេះលោកថា​លោកនឹងឲ្យ​ក្រុមការងារ​ចុះសិក្សាទៅតាមសហគមន៍នីមួយៗសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ