វិទ្យុអាស៊ីសេរី បានចាត់ទុកការចោទប្រកាន់លើបុគ្គលិករបស់ខ្លួនថាជា «រឿងហួសហេតុ» ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដោយសារការបំពេញការងារ។
សេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អាស៊ីសេរី ឲ្យដឹងថា លោក ហួត វុទ្ធី ឬហៅ ជុន ច័ន្ទបុត្រ មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយទេ ហើយថាគាត់ក៏មិនបានបន្លំខ្លួន ឬក៏លាក់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ចំណាត់ការក្នុងពេលថ្មីៗមកលើ លោក ជុន ច័ន្ទបុត្រ គឺ «មានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរីឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្រួចស្រាវក្នុងរដូវកាលបោះឆ្នោត»។
ទោះជាយ៉ាងនេះក្តី អាស៊ីសេរី អះអាងថា ចំណាត់ការនេះ មិនអាចរំខាន ឬ រារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ក្នុងការរាយការណ៍ព័ត៌មានពិតនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា អាស៊ីសេរីគួរតែលើកទឹកចិត្តបុគ្គលិករបស់ខ្លួនដែលពាក់ព័ន្ធនឹងអំពើណាមួយដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ចូលទៅការពារខ្លួនតាមផ្លូវតុលាការ។ លោកនិយាយបន្តចំពោះអ្នកសារព័ត៌មានថា មានសិទ្ធិក្នុងការស្វែងរកព័ត៌មាន ប៉ុន្តែត្រូវប្រើមធ្យាបាយស្របច្បាប់ «ខ្ញុំសូមបញ្ជាក់មួយទៀតថា ច្បាប់ព្រហ្មទណ្ឌអត់មានកំណត់ថាមិនអនុវត្តន៍នៅក្នុងកាលៈទសៈប្រទេសកំពុងតែមានការបោះឆ្នោត ប្រទេសកំពុងតែរៀបចំការបោះឆ្នោតនោះទេ ច្បាប់ព្រហ្មទណ្ឌគឺធានាសំដៅដើម្បីរក្សានូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហេតុនេះហើយអ្នកសារព័ត៌មានសូមមេត្តារក្សានូវតួនាទីសមត្ថកិច្ចរបស់ខ្លួនដែលមានចែងក្នុងច្បាប់ សូមកុំធ្វើអ្វីដែលខុសច្បាប់»។
លោកសុំកុំឲ្យអាស៊ីសេរីធ្វើសេចក្តីថ្លែងការណ៍ដែលនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិ។
តុលាការកម្ពុជា បានចេញដីកាកោះហៅនាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺនៅដើមសប្តាហ៍ក្រោយ ជុំវិញការចោទថា បានបន្លំខ្លួនចូលពន្ធនាគារ កាលពេលថ្មីៗនេះ។
របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែនស្ដីពី «សន្ទស្សន៍សេរីភាពសារព័ត៌មាន» ចេញផ្សាយកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧ បានចាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថា កាន់តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨នៅឆ្នាំ២០១៦ មកលេខ១៣២នៅឆ្នាំ២០១៧៕