តុលាការ​ចោទប្រកាន់​លោក កឹម សុខា ថា​ប្រព្រឹត្តបទល្មើសជាក់ស្តែងអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា

តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។

បើតាមសេចក្តីថ្លែងការណ៍ អយ្យការពិនិត្យឃើញថា”ការមិនប្រព្រឹត្តរបស់ឯកឧត្តម កឹម សុខា ដែលមិនបានចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា៥៣៨”។ មាត្រា៥៣៨ចែងថារាល់បុគ្គលណាដែលត្រូវបានកោះហៅមកឲ្យឆ្លើយបំភ្លឺជាសាក្សីនៅមុខអយ្យការឬចៅក្រមស៊ើបសួរឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនមកតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនទៅ ១លានរៀល។ តុលាការចាត់ទុកថាការមិនចូលបំភ្លឺជាការប្រព្រឹត្តបទល្មើសជាក់ស្តែង ស្របតាមខ្លឹមសារមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌហើយសម្រេចចោទប្រកាន់លោក កឹម សុខានិងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ។

សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាតុលាការបានសុំឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន លោក កឹម សុខា ប៉ុន្តែមិនទាន់រកឃើញលោក កឹម សុខា។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។

ដោយសារការមិនចូលបំភ្លឺនេះ នៅម៉ោងប្រមាណ១២និង២០នាទីកាលពីថ្ងៃព្រហស្បតិ៍ សមត្ថកិច្ចបានឡោមព័ទ្ធទីស្នាក់បក្សសង្រ្គោះជាតិមួយភ្លែតដើម្បីរកចាប់ខ្លួនលោក កឹម សុខា តែមិនទាន់អាចចាប់បានភ្លាមៗ។ មុនការឡោមព័ទ្ធទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ សមត្ថកិច្ចរាប់សិបនាក់ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា នៅព្រឹកម៉ោងប្រមាណ១១និង៣៥នាទី នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែរថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ គឺមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។

ការសង្ស័យថាលោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួន ក្រោយពេលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងកាលពីកន្លងទៅថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ

មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

មេធាវីរបស់លោក កឹម សុខា គឺលោក សំ សុគង់ មានប្រសាសន៍ថាការចាប់ខ្លួនលោក កឹម សុខា ជាការប្រព្រឹត្តខុសច្បាប់និងរដ្ឋធម្មនុញ្ញ។

ក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីលោក កឹម សុខា ដូចគ្នាទៅនឹងករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងចោទប្រកាន់ការអត្ថាធិប្បាយប្រើប្រាស់ផែនទីក្លែងក្លាយ។ ករណីនេះ មិនត្រូវការដកអភ័យឯកសិទ្ធិដែលត្រូវការសំឡេងពីរភាគបីនៃសមាជិកសភាទាំង១២៣រូបនោះទេ គឺសភានឹងបោះឆ្នោតថាតើឲ្យតុលាការបន្តនីតិវិធីឬយ៉ាងណា ដោយត្រូវការសំឡេងបីភាគបួនក្នុងការបដិសេធថាមិនឲ្យតុលាការបន្តនីតិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ