ក្រសួងសេដ្ឋកិច្ចនឹងចាត់វិធានការផ្លូវច្បាប់លើបុគ្គលិកដែលចូលរួមយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំថ្នាក់ដឹកនាំឲ្យបង្កើនការគ្រប់គ្រង និងរាយការណ៍ជាបន្ទាន់ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ក្នុងករណីមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាណាចូលរួមក្នុងយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ។

បើតាមសេចក្តីជូនដំណឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក «យុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ» ជាសកម្មភាពអនាធិបតេយ្យអាចបណ្តាលឲ្យមានបដិវត្តពណ៌ និងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ សុខសន្តិភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់កម្ពុជា។ សេចក្តីជូនដំណឹងបន្តថា ការដឹកនាំ ការញុះញង់ ការអូសទាញ គាំទ្រ និងការចូលរួមយុទ្ធនាស្លៀកពាក់ខ្មៅជាអំពើល្មើសដែលអាចឈានដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។

សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «ដើម្បីបង្ការ និងទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ចេញនូវវិធានការណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទឲ្យបង្កើនការគ្រប់គ្រង ការពង្រឹងវិន័យ ការណែនាំ និងការត្រួតពិនិត្យមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទឲ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់បញ្ជៀសការអូសទាញ និងកៀរគរមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅ។ ក្នុងករណីសង្កេតឃើញមានបុគ្គលិក ឬមន្រ្តីរាជការក្រោមឱវាទចូលរួមក្នុងយុទ្ធនាការខាងលើ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ត្រូវរាយការណ៍ជាបន្ទាន់មកនាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន»

គួបញ្ជាក់ថា រហូតមកដល់ពេលនេះយុទ្ធនានាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យតុលាការទម្លាក់បទចោទ និងដោះលែងមន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងអគ្គលេខាធិការរងគ.ជ.ប មួយរូប មានរយៈពេល៣សប្តាហ៍មកហើយ គឺចាប់តាំងពីថ្ងៃចន្ទទី៩ ខែឧសភា ក្រោយពីតុលាការសម្រេចឃុំខ្លួនអ្នកទាំង៥រូបនោះនៅពន្ធនាគារកាលពីថ្ងៃទី២ ខែឧសភា ដោយចោទថាបានសមគំនិតសូកប៉ាន់សាក្សី។ ក្នុងយុទ្ធនាការអាវខ្មៅកន្លងមកអាជ្ញាធរបានឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិល និងសកម្មជនដីធ្លីចំនួន១២នាក់យកទៅព្រមានមិនឲ្យធ្វើយុទ្ធនាការនោះទៀត។ ចំណែកនៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយពីរូបភាពជាច្រើនដែលពាក់អាវខ្មៅ និងខ្លះសរសេរសារក្នុងន័យទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ដែលនេះត្រូវគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ