ក្រុមការងារពិសេសសិទ្ធិលំនៅឋានបានចេញលិខិតចំហមួយ ព្រមានថា បញ្ហាដីធ្លីនៅតែជាកត្តាចំបងមួយ ទាញទម្លាក់ប្រជាប្រិយភាពបក្សកាន់អំណាច បើរដ្ឋាភិបាលមិនព្យាយាមរកដំណោះស្រាយ បញ្ចប់ជម្លោះនេះ មុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ខែមិថុនា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានកត់សម្គាល់ថា សហគមន៍មានជម្លោះដីធ្លី នៅរាជធានីភ្នំពេញ ចំនួន៣៦ ក្នុងនោះមាន២៨សហគមន៍ បានបោះឆ្នោតទម្លាក់ចៅសង្កាត់ របស់បក្សកាន់អំណាច និងមានតែ៨សហគមន៍ទេដែលបានបោះឆ្នោតគាំទ្របន្ត។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ មន្ត្រីព័ត៌មាននិងច្បាប់ របស់ក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ស្រី សុភ័ក្ត្រ លើកឡើងថា សហគមន៍ដែលព្រមទទួលយកការសន្យាជាបណ្តោះអាសន្នមុខបោះឆ្នោតឃុំ សង្កាត់ លោកថាពួកគេនឹងមិនបោះឆ្នោតគាំទ្របក្សកាន់អំណាចទេ បើដំណោះស្រាយមិនត្រូវធ្វើឡើងនៅមុនការបោះឆ្នោតជាតិចូលមកដល់នៅឆ្នាំ២០១៨ខាងមុខនេះ។
លោកថា៖ «ដោយសារតែយើងសាកសួរប្រជាពលរដ្ឋ សហគមន៍ ដែលគាត់មានបញ្ហាដីធ្លីគាត់ថា គាត់ព្រមជឿនៅឆ្នាំ២០១៧នេះ គាត់បោះឆ្នោតគាំទ្រដដែលសម្រាប់សង្កាត់ចំនួន៨ដែលប្រជាពលរដ្ឋគាត់នៅមានបញ្ហានៅឡើយ។ ហើយគាត់ថា បើមិនព្រមដោះស្រាយនៅមុនឆ្នាំ២០១៨ទេ ដល់ពេលនោះគាត់ថា នឹងបោះទម្លាក់»។
បើតាមលោក ស្រី សុភ័ក្ត្រ តំណែងចៅសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានបញ្ហាដីធ្លី ហើយពួកគេនៅបន្តជាប់ឆ្នោតនោះ លោកថា ដោយសារការដោះស្រាយ របស់អាជ្ញាធរ អាចឲ្យពលរដ្ឋ ទទួលយកបាន គ្មានការបណ្តេញចេញទាំងបង្ខំ ដូចជាអ្នករស់នៅលើអាគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ជាគោលការណ៍គណបក្សបាននឹងជំរុញករណីនេះ។ ប៉ុន្តែលោកថាបញ្ហាដែលនៅអូសបន្លាយដោយថា អាជ្ញាធរត្រូវការឯកសារជាក់លាក់បន្ថែមទៀតមុនឈានទៅអន្តរាគមន៍បញ្ចប់ជម្លោះនេះ។
លោកថា៖ «គេខិតខំដោះស្រាយណាស់ហើយ ប៉ុន្តែសួរថាគេដោះស្រាយលើអី? អញ្ចឹងមានតែយកគោលការណ៍ច្បាប់គោលការណ៍ជាក់ស្តែងយកមកអនុវត្តន៍ ដូចជាបូរីកីឡាអញ្ចឹងដល់តែគេទាមទារ ថាឯណាឯកសារដែលអ្នកឯងថាមកនៅយូហើយ ពីឆ្នាំណាដល់ឆ្នាំណា អ្នកឯងមានឯកសារអី។ ដូចជាគ្រួសារថ្មីចូលមកនឹងមានឯកសារស្អីខ្លះ? ដល់គេរកឯកសារវាអត់មានបង្ហាញគេ ដល់អញ្ចឹងការដោះស្រាយមិនចេញនេះ វាមិនមែនមកពីអ្នកដោះស្រាយទេ វាលើអ្នកដែលត្រូវឲ្យគេដោះស្រាយហ្នឹងវាអត់មានអីបង្ហាញគេ ដើម្បីសំអាងថាខ្លួនត្រូវទទួលបានចំណែងដែលខ្លួនត្រូវទទួលបាននោះ វាអញ្ចឹងហ្អេស វាមានបញ្ហាអញ្ចឹង»។
កាលពីការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា កាន់កាប់តំណែងចៅសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គណបក្សកាន់អំណាចមួយនេះ បានបាត់បង់តំណែង ជាចៅសង្កាត់អស់ចំនួន៥៧នាក់ ទៅគណបក្សប្រឆាំង ក្នុងចំណោម១០៥សង្កាត់៕