អ្នកធ្វើដំណើរបារម្ភពីសុវត្ថិភាពពេលឆ្លងកាត់ការដ្ឋានសំណង់មួយក្នុងខណ្ឌចំការមន

ពលរដ្ឋមួយចំនួនរអ៊ូរទាំពីផលលំបាក និងបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានសំណង់ខុនដូមួយកន្លែងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាក់ខណ្ខចំការមន ដោយថាការដ្ឋានសំណង់នោះតែងតែបង្ករផលប៉ះពាល់ដល់អ្នកធ្វើដំណើររាល់ថ្ងៃ។

អ្នករត់ម៉ូតូឌុបម្នាក់ដែលចាំដឹកភ្ញៀវនៅក្បែរការដ្ឋានសំណង់នោះគឺលោក សុខ សុផាន្នី ឲ្យដឹងថា ការដ្ឋានសំណង់ខុនដូនោះតែងតែបង្ករការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃជាពិសេសនៅម៉ោងទៅនិងម៉ោងចេញធ្វើការ ទាំងពេលព្រឹកនិងពេលល្ងាច ដោយមិនមានអាជ្ញាធរណាចាត់វិធានការនោះទេ។

លោកបន្តថា ការដ្ឋានសំណង់នោះបានយកចិញ្ចើមផ្លូវដាក់សម្ភារៈសំណង់ដូចជា ដែក រថយន្តដឹកខ្សាច់ រថយន្តក្រឡុកស៊ីម៉ង់ត៍ និងសម្ភារៈផ្សេងទៀត ដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាប្រចាំ។

លោកបន្ថែម «បង្ករកក់ស្ទះរាល់ថ្ងៃពីម៉ោង៦កន្លះដល់ម៉ោង៨កន្លះបានរាងអន់ ជូនកាលម៉ោង៩ ចប់ម៉ោង៩ ហើយចាប់ស្ទះពីម៉ោង១០កន្លះចាប់ស្ទះរហូតដល់១១កន្លះបានរាងធូរវិញ។ រាល់ថ្ងៃ ខ្ញុំបារម្ភណាស់ខ្លាចសម្ភារៈវាហ្នឹង ខ្លាចធ្លាក់លើអ្នកធ្វើដំណើរតាមគៀម ខ្ញុំចង់ឲ្យអាជ្ញាធររៀបចំ ធ្វើដូចម្តេចអាគារមួយៗហ្នឹងមានសណ្តាប់ធ្នាប់ មានសន្តិសុខ និងចេះការពារមើលចរាចរណ៍ តាមដងផ្លូវ ព្រោះអាគារមួយៗហ្នឹងវាចត់ឡានតាពីតាពាសលើចិញ្ចើមផ្លូវ»។

អ្នករត់ម៉ូតូឌុបម្នាក់ទៀតគឺលោក យ៉ាន ប្រុស និយាយថា ពេលធ្វើដំណើរឆ្លងកាត់ម្តងៗលោក បារម្ភខ្លាចមានគ្រោះថ្នាក់ ដោយថា ការដ្ឋានសំណង់នោះតែងតែលើកស្ទួចសម្ភារៈ សំណង់រំលងផ្លូវដោយមិនខ្វល់ពីការបង្ករគ្រោះថ្នាក់ដល់មនុស្សដែលធ្វើដំណើរឆ្លងកាត់ឡើយ។

លោក យ៉ាន ប្រុស ឲ្យដឹងថា កន្លងមកធ្លាប់មានការធ្លាក់សម្ភារៈសំណង់ប៉ះឡានរបស់អ្នកធ្វើដំណើរបង្ករឲ្យ ខូចខាតផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតម្ចាស់ឡាននោះទេ។ ហើយលោកបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យឡើងវិញលើការដ្ឋានសំណង់នេះ។

លោបន្ថែម «ខ្ញុំបានការព្រួយបារម្មណ៍មែនទែនព្រោះយើងធ្វើដំណើរពីក្រោម ទី១វាស្ទួចដែកឆ្លងផ្លូវរាល់ថ្ងៃទៀតដល់ពេលធ្លាក់មកអាចបង្ករឲ្យគេគ្រោះថ្នាក់ទៀត ដោយសារដែកធ្លាក់លើ កាលពីអាទិត្យមុនហ្នឹងមានធ្លាក់ស៊ីម៉ងនិងដេកត្រូវឡានគេសងគេអស់១០០០ដុល្លារឡុចស៊ីស កូនកាត់ខ្ញុំចង់ឲ្យអាជ្ញាធរដែនដីគេរៀបចំ កុំឲ្យវាស្ទួចដែកឆ្លងកាត់ផ្លូវអញ្ចឹងទៀត ដើម្បីបង្ការ គ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់គ្នា»។

វិអូឌីមិនអាចសុំម្ចាស់ការដ្ឋានសំណង់ឆ្លើយបំភ្លឺបានទេពាក់ព័ន្ធករណីនេះ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ការដ្ឋានសំណង់នោះមានម្ចាស់ ជាជនជាតិចិន ហើយថា អភិបាលខណ្ឌចំការមនអសមត្ថភាពក្នុងការសម្រួលសណ្តាប់ធ្នាប់មុខការដ្ឋានសំណង់ខុនដូរបស់ចិននោះ។

អភិបាលខណ្ឌចំការមនលោក ព្រុំ សំខាន់ ទទួលស្គាល់ថា ការដ្ឋានសំណង់ខុនដូនោះបាន បង្ករការកកស្ទះចរាចរណ៍ និងបង្ករការភ័យខ្លាចដល់អ្នកធ្វើដំណើរពិតមែន ប៉ុន្តែលោកធ្លាប់ហៅម្ចាស់ការដ្ឋាននោះមកណែនាំជាច្រើនដងហើយដែរ។

លោក ព្រុំ សំខាន់ បានសន្យាថា នឹងចុះពិនិត្យលើករណីបន្តទៀតដោយធ្វើយ៉ាងណាសម្រួលមិនឲ្យកកស្ទះចរាចរណ៍ទៀតទេ។

លោកបន្ថែមថា «ខ្ញុំបានធ្វើការងារលើការដ្ឋានសំណង់ហ្នឹងហើយ ខ្ញុំបានហៅមកណែនាំច្រើន ដងហើយដែរ ហើយសាលារាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំដែរ អត់អីទេចាំខ្ញុំមើល តទៅទៀត ប៉ុន្តែការងារអស់នេះ ជាវាកន្លែងសាងសង់យើងវាពិបាកគ្រប់គ្រងដែរ ហើយខ្ញុំនឹង​ ហៅវាមកណែនាំបន្តបន្ទាប់ទៀត ឲ្យធ្វើដូចបើសំណង់គេត្រូវអញ្ចឹងហើយ ប្រទេសកំពុងអភិវឌ្ឍន៍វាអញ្ចឹង»។

កាលពីខែធ្នូឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានចេញបម្រាម មួយមិនឲ្យការដ្ឋានសំណង់ធំៗ និងខ្ពស់ៗក្នុងរាជធានីភ្នំពេញយកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈដាក់សម្ភារៈសាងសង់ឡើយ ជាពិសេសហាមមិនឲ្យដាក់ដងស្ទូចជាប់ផ្លូវ ឬលើកសម្ភារៈសំណង់រំលងផ្លូវ ដោយថា ដើម្បីបង្ការការកកស្ទះចរាចរណ៍ និងបង្ការគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្តែបម្រាមនេះហាក់មិនមានប្រសិទ្ធភាពនោះទេ ដោយគេសង្កេតឃើញការដ្ឋានសំណង់មូយចំនួនមិនអនុវត្តតាមនោះទេ។

កាលឆ្នាំ២០១៦នោះ ការដ្ឋានសំណង់នៅស្តាតអូឡាំពិកបានបាក់របងដែកផ្សារភ្ជាប់ជាមួយស័ង្កសីសង្កត់លើក្មេងស្រីអ្នកដំណើរម្នាក់រងរបួស គឺពីរឆ្នាំក្រោយ ការដ្ឋានសំណង់នេះធ្លាក់ដែកប្រវែងជាង២ម៉ែត្រពីលើអគារដែលកំពុងសាងសង់ត្រូវចំក្បាលស្រីម្នាក់ដែលជិះម៉ូតូឆ្លងកាត់បណ្ដាលឱ្យស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ