វៀតណាមស្នើរដ្ឋាភិបាលកម្ពុជាទប់ស្កាត់កុំឲ្យភាគីទី៣ប្រើប្រាស់ទឹកដីខ្មែរប្រឆាំងនឹងខ្លួន

នាយករដ្ឋមន្ត្រីវៀតណាមជំរុញជាថ្មីទៀតឲ្យរដ្ឋាភិបាលកម្ពុជាជួយទប់ស្កាត់កុំមានភាគីណាមួយប្រើប្រាស់ទឹកដីនៃប្រទេសកម្ពុជាទៅប្រឆាំងនឹងវៀតណាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនៈកិច្ចរបស់ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅប្រទេសវៀតណាម​កាលពីពេលថ្មីៗនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ បន្ថែមថា ក្នុងជំនួបរវាងលោក ហេង សំរិន និងនាយករដ្ឋមន្ត្រីវៀតណាម គឺ«វៀតណាមស្នើឲ្យកម្ពុជាចាត់វិធានការបញ្ហាសន្តិសុខនៅតាមព្រំដែនឲ្យបានហ្មត់ចត់ បង្ក្រាបអំពើរត់ពន្ធឧក្រិដ្ឋកម្មឆ្លងដែន និងស្នើកុំឲ្យក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីនៃប្រទេសកម្ពុជាប្រឆាំងនឹងប្រទេសវៀតណាម»។

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងបន្តថា វៀតណាមក៏ជំរុញការបោះបង្គោលព្រំដែន ដែលនៅមិនទាន់ឯកភាពនោះត្រូវចរចាគ្នា ដើម្បីបោះបង្គោលព្រំដែនបញ្ចប់ឲ្យបានឆាប់ៗ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី  មានប្រសាសន៍ថា ការស្នើរបស់វៀតណាមមិនមែនសំដៅទៅលើគណបក្សប្រឆាំងនោះ ដោយគណបក្សប្រឆាំងមិនមានឥទ្ធិពលទៅគំរាមកំហែងមរណភាពទឹកដីវៀតណាមនោះទេ។

លោកថា «បើយើងមើលទៅគណបក្សប្រឆាំង វាមិនមានអីទៅគំរាមកំហែងមោទណភាពទឹកដីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមនោះទេ​ ប៉ុន្តែយើងឃើញមានប្រភពពីរ អាចជាចលនាខ្មែរកម្ពុជាក្រោម ហើយមួយទៀតអាចជាចលនាបង្កប់របស់វៀតណាមសេរីអី ដែលយើងតែងតែលឺថាមានវៀតណាមសេរី អានេះជារឿងមួយដែលមានការព្រួយបារម្ភជាពិសេស បើយើងនិយាយពីវៀតណាមសេរី គឺវៀតណាមខាងត្បួង។ ចឹងសម្រាប់រដ្ឋាភិបាលវៀតណាមមានការព្រួយបារម្ភក៏ដូចប្រទេសអាចនឹងវិលទៅរកការបែងចែកទឹកដីជាពីរឡើងវិញ ជាការយល់របស់ខ្ញុំ»។

លោកកត់សំគាល់ថា នៅក្នុងជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ភាគីវៀតណាមតែងតែស្នើឲ្យកម្ពុជាជួយការពារពលរដ្ឋវៀតណាម និងបញ្ហាព្រំដែន ក៏ប៉ុន្តែសម្រាប់កម្ពុជាវិញមិនដែលស្នើអ្វីទៅវៀតណាមឡើយ។

ចំណែកអ្នកវិភាគនយោបាយវ័យក្មេង លោក ឆាំ ប៊ុនថេត យល់ថា ការស្នើរបស់វៀតណាមថាមិនឲ្យមានភាគីទី៣ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងវៀតណាមនោះ លោកយល់ថាមិនសមស្របចំពោះស្ថាន​ការណ៍បច្ចុប្បន្ននេះទេ ។ លោកថា «ខ្ញុំដូចអត់យល់ដែរ មិនដឹងថាមានក្រុមទី៣ ក្រុមទី៤ ដែលគេគិតមើលឃើញថាជាក្រុមដែលប្រឆាំងជាមួយវៀតណាម ឬក៏អាចជាក្រុមប្រឆាំង តែក្រុមប្រឆាំងជាពលរដ្ឋខ្មែរគាត់មានកាតព្វកិច្ចដើម្បីធ្វើការងារតតាំងនយោបាយនៅក្នុងប្រទេសរបស់ខ្លួនវាអត់មានអីខុសទេ​។ ប៉ុន្តែប្រទេសទី៣ទៀត ខ្ញុំពិបាករាប់ដែរ ប្រទេសណា​ដែលជាកន្លែងឈររបស់ខ្មែរប្រឆាំងវៀតណាម វាអត់មាន ខ្ញុំក៏អត់យល់ដែលមិនដឹងថាគេធ្វើនេះមិនដឹងហេតុអីយើងអត់ដឹងដែរ»។

នៅក្នុង​ពិធី​រំលឹក​ខួបលើកទី​ ៦៨​ឆ្នាំនៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំងព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​មាន​ព្រះរាជ​បន្ទូល​នៅ​ចំពោះ​មុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ថា នឹង​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោមពី​វៀតណាម​មក​វិញ បើគណបក្ស​សង្គ្រោជាតិ​ឈ្នះ​ឆ្នោតនៅ​ឆ្នាំ​២០១៨ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ