CCHR៖ ស្ត្រីជាង៩៨ភាគរយមានវិបត្តិផ្លូវចិត្តនិងជាង១៨ភាគរយទៀតប៉ងសម្លាប់ខ្លួនដោយសារជម្លោះដីធ្លី

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញរដ្ឋាភិបាលឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជាបន្ទាន់ ខណៈខ្លួនអះអាងថា បានរកឃើញស្ត្រីជាង៩៨ភាគរយមានវិបត្តិផ្លូវចិត្ត និងជាង១៨ភាគរយទៀតធ្លាប់ប៉ង់សម្លាប់ខ្លួន ដោយសារតែបញ្ហាជម្លោះដីធ្លីនេះ។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ខែកញ្ញា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថាជម្លោះដីធ្លីនៅកម្ពុជាបានបង្កឲ្យស្ត្រី៩៨.២ភាគរយមានបញ្ហាសុខភាពផ្លូវចិត្ត ៤៦.២ភាគរយធ្លាប់បានគិតពីការធ្វើអត្តឃាត និង១៨.១ភាគរយទៀតធ្លាប់ប៉ងសម្លាប់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា ជម្លោះដីធ្លីអូសបន្លាយបានបង្កឲ្យស្ត្រី៤០.១ភាគរយប្រើហិង្សាទៅលើកូន ៤៣.៩ភាគរយបង្ខំឲ្យកូនឲ្យបោះបង់ការសិក្សា និង៣៦ភាគរយទៀតបង្គាប់ឲ្យកូនទៅធ្វើការងារដែលអាចមានពលកម្មកុមារច្រើនករណី។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថាលទ្ធផលនេះផ្អែកលើការចុះស្តង់មតិរបស់ខ្លួនចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០១៦ ធ្វើបទសម្ភាសទៅលើស្ត្រី៦១២នាក់ក្នុង១២រាជធានីខេត្ត ដោយថាស្ត្រីដែលបានសម្ភាសទាំងនោះជាអ្នកមានជម្លោះដីធ្លី។

សេចក្តីថ្លែងការណ៍ដដែលបានដកស្រង់សម្តីមន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ខ្លួនគឺលោក វ៉ាន់ សូផាត មកចុះផ្សាយបន្ថែមថា៖ “ជម្លោះដីធ្លីដែលបន្តកើតមាននៅក្នុងប្រទេស ដោយការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ទៅលើស្ត្រីកម្ពុជាដែលមានតួនាទីដ៏សំខាន់ជាអ្នកមើលថែគ្រួសារ ពឹងអាស្រ័យទៅលើសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន។ ជាពិសេសទៅទៀតនោះ របកគំហើញនេះបង្ហាញថា ជម្លោះដីធ្លីជាហេតុផលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិផ្លូវចិត្ត និងពលកម្មកុមារកាន់តែខ្លាំងឡើងនៅកម្ពុជា នេះគឺជាកត្តាជំរុញឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយជម្លោះដីធ្លីក្នុងប្រទេសជាបន្ទាន់ ដើម្បីធានានូវសុវត្ថិភាពក្នុងការកាន់កាប់ដីដល់ប្រជាពលរដ្ឋគ្រប់រូបនិងចាត់វិធានការណ៍បន្ថែមទៀត ដើម្បីសម្រេចតាមការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការពារពារសិទ្ធិរបស់ស្ត្រី និងកុមារ“។

វីអូឌីមិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូតបានទេ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។

ប៉ុន្តែក្រោយពីរដ្ឋាភិបាលរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិ លោក ជា សុផារ៉ា ដែលឡើងមកកាន់ក្រសួងនេះ ធ្លាប់ព្រមានចាត់វិធានការទៅលើមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីនិងមានមន្ត្រីខ្លះចុះសិក្សាពីបញ្ហាជម្លោះដីធ្លីអូសបន្លាយមួយចំនួនដល់កន្លែងកើតហេតុស្វែងរកដំណោះស្រាយ។

វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តនៅមន្ទីពេទ្យព្រះកុសមៈនិងជាទីប្រឹក្សាបច្ចេកទេសអង្គការចិត្តសង្គមអន្តរវប្ប ធម៌ (TPO) លោក មុនី សុត្ថារា ពន្យល់ថាការព្យាបាលជម្ងឺផ្លូវចិត្តនេះ បើស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវប្រើប្រាស់ថ្នាំព្យាបាលតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញនិងមួយវិញទៀតអាចព្យាលបាលផ្លូវចិត្តឲ្យអ្នកមានបញ្ហានោះគិតពីភាពវិជ្ជមានឡើងវិញទើបអាចសង្គ្រោះពួកគេបាន។

លោកថា៖ «វិធីព្យាបាលគឺជាគោលគឺធ្វើម៉េចឲ្យទឹកចិត្តដែលគាត់ធ្លាក់ហ្នឹង ឡើងមកវិញ មានន័យថារបៀបគិតបែបអវិជ្ជមានហ្នឹងឲ្យគិតបែបវិជ្ជមានឡើងវិញ។ របៀបគិតបែបវិជ្ជមានអាចបានមកពីវិធីសាស្ត្រច្រើនយ៉ាង ឧទាហរណ៍ដំណោះស្រាយដែលគាត់ចង់បាន ហើយបានដំណោះស្រាយហ្នឹងមកវិញ ក៏ជាផ្នែកមួយនៃការត្រឡប់គំនិតបែបអវិជ្ជមានមកវិជ្ជមានវិញហើយ។ ប៉ុន្តែនៅមានរបៀបផ្សេងៗទៀត ដែលធ្វើឲ្យមនុស្សហ្នឹងផ្លាស់ប្តូររបៀបគិតពីអវិជ្ជមានហ្នឹងមកវិជ្ជមានវិញ ដូច្នេះការព្យាបាលគឺឲ្យមនុស្សហ្នឹងគិតបញ្ច្រាសមកវិញពីភាពអវិជ្ជមានមកវិជ្ជមានវិញ»។

បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ៣ភាគ៤នៃស្ត្រី (៧៨.៩%) ពាក់ព័ន្ធនឹងជម្លោះដីធ្លី មានអារម្មណ៍ថាការកាន់កាប់ដីធ្លីគ្មានសុវត្ថិភាព។ ១ភាគ៤ស្មើនឹង២៤.៤% ត្រូវបានបណ្តេញចេញដោយបង្ខំ ដែលអង្គការនោះថាជាការបង្ហាញនូវការបណ្តេញចេញដ៏រាលដាលនិងជាប្រព័ន្ធនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ