ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្ពុ​ជាអាចរក្សាកំណើនសេដ្ឋកិច្ចចន្លោះ៧ភាគរយ ដល់ឆ្នាំ២០១៨

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្ដរឹងមាំ ក្នុងកំណើនខ្ពស់ជាងមុនបន្ដិច គឺ ៧,១ ភាគរយ នៅឆ្នាំនេះ និងដល់ឆ្នាំ២០១៨។

ក្នុងរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ នៃចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១៧ ចេញផ្សាយនៅថ្ងៃទី២៦ខែកញ្ញា ម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី ពន្យល់ថា ការរក្សាអត្រាកំណើន ៧,១ភាគរយ សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺដោយសារ មានការជំរុញផ្នែកពិពិធកម្មនាំចេញ កំណើននៃវិស័យសំណង់ និងទេសចរណ៍ លក្ខណៈអាកាសធាតុ និងគោលនយោបាយសារពើពន្ធ របស់រដ្ឋាភិបាលកម្ពុជា។

បើតាមរបាយការណ៍នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា វិស័យសេវាកម្ម នឹងរីកដល់ទំហំ ៦,៧ភាគរយ ដូចនៅឆ្នាំ២០១៦ ដែរ ប៉ុន្ដែ ធនាគារនេះ បានស្នើ កម្ពុជា ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង ផ្នែកឧស្សាហកម្មទេសចរណ៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ី ពិសេស គឺប្រទេសមីយ៉ាន់ម៉ា។

ចំណែកទំហំនាំចេញទំនិញ ទៅក្រៅប្រទេស ADB ព្យាករថា នឹងកើនដល់ ១១ភាគរយ នៅឆ្នាំ២០១៧នេះ ខណៈអត្រានាំចូលវិញ មានតែ ៩ភាគរយ។ ប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ក៏នៅបន្ដរឹងមាំ ក្នុងរយៈពេល២ឆ្នាំនេះ។ រីឯឪនភាពគណនីចរន្ដ គឺនឹងរួមតូចត្រឹម ៩,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងរួមតូចដល់ទៅ ៩ភាគរយ នៅឆ្នាំ២០១៨។

ប៉ុន្ដែបើតាមរបាយការណ៍ពីនាយកដ្ឋានគយ ការនាំចេញទំនិញ កើនឡើង ៧,៧ភាគរយ ខណៈការនាំចូលកើនឡើង ៨,១ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០១៧។ ចំណែកឪនភាពគណនីចរន្ដ សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ បានថយចុះពី ១០,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦ ដោយថា កើនលើសពីការព្យាករ ក្នុងរបាយការណ៍ ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី របស់ ADB បន្ដិច។

ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា ច្បាប់ថវិកាឆ្នាំ២០១៧ នឹងធ្វើឲ្យរដ្ឋាភិបាល អាចប្រមូលពន្ធអាករ បានកាន់តែច្រើន ដែលថា នឹងកើនដល់ ១៧,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦ មានតែ ១៦,៧ភាគរយ។

បើតាមសេចក្ដីប្រកាស ADB អះអាងថា នឹងបន្ដគាំទ្រដល់កម្ពុជា ចាប់ពីឆ្នាំនេះទៅ ដើម្បីជួយរដ្ឋាភិបាល បង្កើនផលិតភាព វិស័យកសិកម្ម បង្កើតការភ្ជាប់ទំនាក់ទំនងក្នុងតំបន់ កែលម្អការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់ការបណ្ដុះបណ្ដាញជំនាញ និងវិជ្ជាជីវៈ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ