HRW ជំរុញឲ្យលោក ​ហ៊ុន សែន​ បញ្ឈប់​ការរារាំងលោក សម រង្ស៊ី មិនឲ្យចូលស្រុក

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) អំពាវនាវឲ្យម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរារាំងនានា ក្នុងគោលបំណងមិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកវិញ។

ក្នុងសេចក្តីថ្លែងការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចុះថ្ងៃទី២៥ ខែតុលា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ជាបន្ទាន់ ក្នុងការរារាំងមិនឲ្យមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី វិលចូលស្រុកវិញ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក Brad Adams ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការជម្លៀសលោក សម រង្ស៊ី ឲ្យនៅក្រៅប្រទេសជាផ្លូវការនេះ នឹងប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ គឺថា បើគណបក្សប្រជាជនឈ្នះការបោះឆ្នោត ក៏មិនមែនជាការប្រកួតប្រជែងពិតប្រាកដដែរ។ លោកក៏បានជំរុញឲ្យប្រទេសម្ចាស់ជំនួយនិងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចាប់ការគំរាមកំហែងផ្នែកនយោបាយលើគណបក្សប្រឆាំង។

កាលពីថ្ងៃទី២៤ ខែតុលា តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបកស្រាយពីការចេញវិធានការទប់ស្កាត់មិនឲ្យប្រធានបក្សប្រឆាំងវិលត្រលប់មកកកម្ពុជាវិញមុនពេលបោះឆ្នោត ដោយអះអាងថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះគឺមិនសមហេតុផល។

ទោះយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការហាមមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនេះ ជាវិធានការសមស្របព្រោះលោកថា បើលោក សម រង្ស៊ី មកដល់កម្ពុជាវិញ នឹងបង្កចលាចលផ្សេងៗ ដូចឆ្នាំ២០១៣។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី ត្រឡប់ចូលស្រុកវិញបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ