សហជីព៤​ស្នើ​ទៅ​អន្តរជាតិ​កុំ​យក​វិស័យ​កាត់​ដេរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:11 PM | សេដ្ឋកិច្ច | 0 | 4349 សកម្មភាព​កម្មករ​រោង​ចក្រ​កាត់ដេរ​កំពុង​ធ្វើការ​នាពេល​កន្លងមក

សហជីពចំនួន ៤ បាន​អំពាវនាវទៅ​សហគមន៍អន្តរជាតិ កុំ​ឲ្យ​យកបញ្ហាសេដ្ឋកិច្ចកម្ពុជា ធ្វើជាចំណាត់ខ្មាំងនយោបាយ ដោយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ ខណៈស្ថានការណ៍នយោបាយកម្ពុជាកំពុងតែមានភាពតានតឹង។

ក្នុងសេចក្តីថ្លែងការរួមចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សហព័ន្ធសជីពមិត្តភាពកម្មករ សម្ព័នសហជីពជាតិ សហព័ន្ធសហជីពដើម្បីកម្មករ និងសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា បានអំពាវនាវសុំឲ្យ​អង្គការអន្តរជាតិ សហគមនអ៊ឺរ៉ុប សហរដ្ឋអាមេរិក ស្ថានទូតនានា រួមទាំងអ្នកបញ្ជាទិញ ត្រូវអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញ​ផលិត​ផល​កាត់​ដេរ​ពី​កម្ពុជាឲ្យកាន់តែ​ច្រើន។

ក្នុង​សេចក្តីថ្លែងការណ៍ដដែល ក្រុមសហជីពបានស្នើ​ទៅ​សហគមន៍អន្តរជាតិ កុំឲ្យ​ភ្ជាប់​វិស័យកាត់ដេរ​​ទៅនឹងរឿងនយោបាយ ដោយថា ប្រសិនបើយកវិស័យនេះទៅពាក់ព័ន្ធរឿងនយោបាយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មកររាប់សែននាក់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជារាប់លានផ្សេងទៀត ដែលទទួលផលពីវិស័យនេះ។

ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន​នេះ ត្រូវបានមតិជាតិ និងអន្តរជាតិមើលឃើញថា កំពុងមានភាពតានតឹង បន្ទាប់ពី​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» ហើយ​បក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

សហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសលោកសេរីមួយចំនួនទៀត បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសើរើទំនាក់ទំនងជាមួយកម្ពុជា ដោយថា កម្ពុជាបានដើរឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required