តុលាការដាក់ទោស​លោក សម រង្ស៊ី ៥ឆ្នាំ ដោយចោទថា​ក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម

លោក សម រង្ស៊ី កាលពីពេលកន្លង

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយដាក់ទោស លោក  សម រង្ស៊ី ៥ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជានិងវៀតណាម។

នៅព្រឹកថ្ងៃអង្គារទី ២៧ ខែធ្នូ នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់  បានប្រកាសសាលក្រមថា  ផ្ដន្ទាទោស លោក សម រង្ស៊ី  ៥ ឆ្នាំ ពីបទសមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ចំណែកជំនួយការលោក សម រង្ស៊ីពីរនាក់ទៀត ឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដែលមិនដឹងថានៅទីណានោះ ក៏តុលាការនេះផ្ដន្ទាទោសដាក់​ពន្ធនាគារ​៥ឆ្នាំ​ តែ​អនុវត្តទោសតែ​៣ ឆ្នាំ ។

យ៉ាងណាក៏ដោយ លោក លាង សំណាត់  បញ្ជាក់ថា បើអ្នកទាំង ៣ នាក់ មិនពេញចិត្តនឹងសាលក្រមនេះ ពួកគេមានសិទ្ធិប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍តាមនីតិវិធីច្បាប់។

មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺ សំ សុគង់  មានប្រសាសន៍ថា  សាលក្រមផ្ទន្ទាទោសនេះមានភាពអយុត្តិធម៌។​

លោកថា៖ «យើងពិនិត្យការសួរដេញដោលនៅពេលសវនាការ យើងឃើញថាមិនមានអ្វីដែលជាភស្ដុតាងដែលបញ្ជាក់ថា រឿងនេះវាពាក់ព័ន្ធបទចោទសមគំនិតក្នុងការប្រព្រឹត្តបទល្មើសទេ ដោយសារឯកឧត្ដម ហុង សុខហូរបានបញ្ជាក់ច្បាស់នៅពេលសវនាការនៅពេលតុលាការស៊ើបសួរ ហើយថានៅក្នុងរឿងហ្នឹងមិនមានការពាក់ព័ន្ធមិនមានការពាក់ព័ន្ធឯកឧត្ដម សម រង្ស៊ី​ ក៏ដូចជាជំនួយការរបស់ឯកឧត្ដមដែរ។ ដោយសារតែផេក[page]របស់ឯកឧត្ដម សម រង្ស៊ី វាជាកន្លែងផ្សាយព័ត៌មាន វាដូចជាទូរទស្សន៍មួយដែលតែងតែផ្សាយរៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃ គឺ៣០នាទីផ្សាយតែព័ត៌មានទេ អត់មានក៏អត់មានពាក់ព័ន្ធក៏អត់មានបានដឹងរឿងអីទេ ចឹងការដាក់ទោសទណ្ឌហើយផ្តន្ទាទោស ហើយចោទប្រកាន់ថាមានការសមគំនិតនេះ គឺមិនយុត្តិធម៌ទេ មិនអាចទទួលយកបានដែរ»។

លោកបញ្ជាក់ថា លោកគ្រោងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់ ពោលមិនឲ្យផុតពីមួយខែ នៃការប្រកាសសាលក្រមសាលាដំបូងនេះទេ។

សម្រាប់មេធាវីការពារក្ដីឲ្យជំនួយការលោក សម រង្ស៊ី គឺ លោក យុង ផានិត មានប្រសាសន៍ថា ចៅក្រមមិនបានបង្ហាញពីភស្តុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកនោះ។

ទាក់ទងរឿងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍វិញលោកថា  លោកមិនអាចប្ដឹងបានទេ ខណៈដែលមិនទាន់មានការផ្ទេរសិទ្ធិពីកូនក្ដី ។

លោកបញ្ជាក់ថា   តាំងពីការពារក្នុងសំណុំរឿងនេះ លោកមិនទាន់បានជួបមុខកូនក្ដីនៅឡើយ ដោយមិនដឹងថាពេលនេះអ្នកទាំងពីរនោះរស់នៅទីណាឲ្យច្បាស់។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា សំណុំរឿងនេះជារឿងនយោបាយ លោកថាគួរដោះស្រាយតាមបែបនយោបាយ ឈប់យកប្រព័ន្ធតុលាការដាក់សម្ពាធគ្នា ព្រោះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់តែខ្លាំង។

លោកថា៖ «វាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាយើង ព្រោះប្រទេសនីមួយៗគេមើលទៅប្រព័ន្ធតុលាការ បើប្រព័ន្ធតុលាការឯករាជ្យអាហ្នឹងគេគិតវាធានាបានការគោរពសិទ្ធិមនុស្ស … ហើយជាការបង្កើនទំនុបចិត្តសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងយុត្តិធម៌ ក៏ដូចជាទំនុបចិត្តសម្រាប់អ្នកវិនិយោគទាំងឡាយបើប្រព័ន្ធតុលាការឯករាជ្យក៏គេគិតតាមហ្នឹងដែរ»។

ពាក់ព័ន្ធនឹងរឿងនេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស តំណាងរាស្ត្របក្សប្រឆាំង លោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ដោយចោទប្រកាន់៣ករណី គឺ បទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីលោកបកស្រាយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ រវាងកម្ពុជានិងវៀតណាម កាលពីសម័យលោក ហេង សំរិនដឹកនាំប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ បានជាប់បណ្តឹងជាច្រើននៅតុលាការ បណ្តឹងទំាងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង និងបណ្តឹងរិះគន់ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ