អ្នកមានជម្លោះដីធ្លីបឹងកក់ជំរុញទៅអាជ្ញាធរពន្លឿនដោះស្រាយជូនអ្នក​សេសសល់១៣គ្រួសារ​

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ (ដោយ ណាត សុភាព)

អ្នកមានជម្លោះដីធ្លីជាង១០ឆ្នាំ នៅតំបន់បឹងកក់ ដែលទើបទទួលបានប្លង់កម្មសិទ្ធិ បានជំរុញទៅអាជ្ញាធរ​ពន្លឿន​​​​ដោះ​ស្រាយ​​ដីធ្លីជូនប្រជាសហគមន៍ពួកគេ​​ ដែល​សេសសល់ជាង១០គ្រួសារ និងសហគមន៍​ដទៃ  ទៀ​ត​ ដោយថា ​ដើម្បីកុំឲ្យពួកគេប៉ះពាល់ដល់ជីវភាពគ្រួសារ​​។

តំណាង​អ្នកមានជម្លោះដីធ្លីភូមិ១ លោក ចាន់ ពុទ្ធិស័ក្តិ បានប្រាប់VOD បន្ទាប់ពីពួកគេ២២គ្រួសារ ទទួល​​បានប្លង់​កម្ម​សិទ្ធិ ពីសាលារាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូនេះថា សាលារាជធានីភ្នំពេញ ត្រូវ​ពន្លឿន​​​ដោះស្រាយ​បញ្ហាដីធ្លីដែលនៅសេសល់នៅភូមិ១ចំនួន៧គ្រួសារ និងភូមិ២២ចំនួន៦គ្រួសារ​ ស្ថិត​ក្នុង​តំបន់​បឹងកក់ និងប្រជា​សហគមន៍​ដែលមានជំម្លោះដីធ្លីផ្សេងទៀត ជាពិសេសតំបន់បុរីកីឡា ឲ្យបាន​ឆាប់​ ដោយ​ថា កុំឲ្យពួកគេ ជួបបញ្ហាប្រឈមជីវភាពគ្រួសារ ខណៈគ្មាន​ជំរករស់នៅសមរម្យ។

លោកថ្លែងថា «បើដោះស្រាយបញ្ចប់ឲ្យពួកគាត់[អ្នកមានជម្លោះដីធ្លីបឹងកក់ និងអ្នកបុរីកីឡា​]លឿនទៅ គាត់អាច​មាន​សេរីភាពថ្មី មានជីវិតថ្មីក្នុងការរស់​នៅក្នុងការប្រកបរបបចិញ្ចឹមជីវិត កុំឲ្យរងគ្រោះ​ រំារ៉ៃ ដូចខ្ញុំ រំារ៉ៃរាប់​ឆ្នាំចឹង ព្រោះ​ដីធ្លីផ្ទះសំបែង​មានសារ​សំខា​ន់ណាស់​ គឺជាអាយុជីវិតសម្រាប់យើងទំាងអស់គ្នា​ បើអត់​មាន​​ដី គឺអត់មានជីវិត​ទេ ដូចជាមនុស្ស​អនាថា​ចឹង​​»។

អ្នកបឹងកក់ម្នាក់ទៀត អ្នកស្រី គឹម លី​ ដែលទើបទទួលបានប្លង់កម្មសិទ្ធិនៅថ្ងៃនេះ បានអះអាងថា សាលាក្រុងបានព្រ​មានពួកគេ​មិ​​ឲ្យចេញមុខ​តវ៉ានៅទីសាធារណៈនោះទេ ដោយថា បើពួកគេបន្តធ្វើ​នឹង​ប្រឈម​មុខ​នឹងច្បាប់។ ករណី​នេះ អ្នក​​ស្រី​​បានបញ្ជាក់ថា បើថ្ងៃណាមួយ​ប្រជាសហគមន៍​ដែលមិន​ទាន់​បាន​ប្លង់ ហើយ​ចេញតវ៉ា អ្នកស្រីថា ​គាត់​​​​នៅ​​តែចូលរួមជាមួយប្រជាសហគមន៍ដែលរងគ្រោះ ដោយថា ​មិន​ខ្លាច​​ការ​​ព្រមានរ​បស់​អាជ្ញាធ​រ​នោះ​ទេ​។​

អ្នកស្រីនិយាយ​ថា «ទុកកង្វល់ដូចតែគ្នាទេ គាត់មានកង្វល់​ ខ្ញុំបានធូស្រាល​ តែគាត់នៅខ្វល់​ ចឹងបានថា ខ្ញុំជួយ​អ្នករងគ្រោះដីធ្លី​ទំាងអស់គ្នា​ដែល​ធ្លាប់ពិបាក​វេទនាទំាងអស់គ្នា​ ត្រូវតែជួយគេវិញ​ ព្រោះគេធ្លាប់ជួយ​ខ្ញុំ​ ឲ្យគាត់​ទទួលបានលំនៅឋានដូច​រូប​ខ្ញុំចឹង​​»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ហាក់មិនចាប់អារម្មណ៍​និងការ​លើកឡើង​របស់​ប្រជា​សហគមន៍បឹងកក់ ដែលថាមន្ត្រីសាលារាជធានីភ្នំពេញ ព្រមានមិនឲ្យចូលរួមបាតុកម្ម ឬ តវ៉ាណាមួយ​ ជាមួ​យ​អ្នកមាន​ជម្លោះ​ដីធ្លីដទៃទៀតនោះទេ ដោយថានេះជាសិទ្ធិរបស់ពួកគេ។

ដោយឡែក លោក ភក្តី បាន​ច្រានចោល​លើការ​លើក​ឡើង​របស់​​អ្នក​បឹង​កក់ដែលថានៅសល់​១៣គ្រួសារ​ទៀតមិន​ទាន់ទទួលបានប្លង់ ដោយលោកថា សាលារាជធានី​បានដោះ​ស្រាយ​ជូនប្រជា​ពលរដ្ឋនៅ​តំបន់​បឹង​​កក់រួច​រាល់ហើយ។

លោកអះអាងថា «ខ្ញុំចង់បញ្ជាក់ជាថ្មីថា ពុំមាន​បងប្អូនរបស់យើងដែលនៅសេសសល់​ថា មិនទាន់ដោះ​ស្រាយ​ទទួលយក ឧទាហរណ៍ដូចខ្ញុំជម្រាបថា ប៉ុន្មានប្លង់[២២ប្លង់]គឺបានដោះស្រាយ​រួច​រាល់អស់​ហើយ នៅឡើយតែអ្នកខ្លះបានបំពេញនីតិវិធីហើយ ករណីនេះ ហើយអ្នកខ្លះទៀត​កំពុង​តែ​នៅក្នុង​នីតិវិធី សុរិយោដី​នៅពេលដែលគេធ្វើ ក្រោយពេលដែលគាត់​បានឯកភាពរួចរាល់ទៅហើយ នៃការទទួលយក​ការដោះស្រាយ​ទៅតាមករណីរបស់ពួកគាត់​​»

ដោយឡែក តំណាងអ្នកបុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់វីអូឌីកាលពីម្សិលមិញ​ថា អាជ្ញាធរបាន​កំណត់​ថ្ងៃ​ឱសាន​វាទជាលើកទី២ ដោយពន្យាពេល២សប្តាហ៍ទៀត​ គិតពី​ថ្ងៃទី២៣ធ្នូ ​ដល់ថ្ងៃទី​៥ខែ​មករា ឆ្នាំ២០១៨​ខាង​មុខ ដើម្បីទុក​ពេលឲ្យពួកគេជាង១០គ្រួសារ ចរចា យក​សំណងតាមគោលនយោបាយ​។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់ថា សាលាក្រុងនិងអាជ្ញាធរពាក់ព័ន្ធត្រូវ​ចុះទៅពិនិត្យនិងស្រង់ស្ថិតិអ្នករងគ្រោះ​ដីធ្លីនៅតំបន់​បឹងកក់ និងបុរីកីឡាឲ្យបានច្បាស់​ ដោយថា កុំឲ្យរបាយការណ៍របស់អាជ្ញាធរនិងការលើកឡើងរបស់ប្រជាពលរដ្ឋមានភាពផ្ទុយគ្នាបែបនេះ​។

លោក សុផាត បានបញ្ជាក់​ថា បើសាលាក្រុងមិនពន្លឿនធ្វើការដោះស្រាយជូនអ្នកសេសសល់តំបន់បឹងកក់​១៣គ្រួសារ​ និង​សហគមន៍បុរីកីឡាឲ្យបានឆាប់​ទេ នឹងធ្វើប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល​។

លោកយល់ថា «នៅដែលដែលគេរិះគន់អំពីការធ្លាក់ចុះ​នៃលទ្ធិ​ប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិមនុស្ស​នៅកម្ពុជា គេមិនមែនបំភ្លេចចោល​រឿង​ដីធ្លី​ទេ គេតែងតែផ្សារភ្ជាប់និងការបណ្តេញចេញ​ ជម្លោះដីធ្លីដែល មិនបានដោះស្រាយ​ ដែលរំលោភដីប្រជាពលរដ្ឋ​ ប្រជាពលរដ្ឋរាប់សែននាក់​រងគ្រោះ គេផ្សារភ្ជាប់រហូត មានន័យថា វាពិតជា​ប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល​ហើយ»

​កាលពី​ឆ្នាំ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបានកាត់ដីចំនួន ១២.៤៤ ហិចតា ឲ្យប្រជា​ពល​​​​រដ្ឋ​ជាង៧០០គ្រួសារ នៅតំបន់បឹងកក់។ ប៉ុន្តែអ្នកបឹងកក់ថា ជិត៥ឆ្នាំនៅតែមិនទាន់មាន​ដំណោះ​ស្រាយ​​​។​

ក្រោយមកនៅក្នុងវេទិកាជាតិលើកទី២ ​ស្តីពី ​«ការការពារ ​និងអភិរក្សធនធានធម្មជាតិ» នា​ថ្ងៃទី២២សីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់​ឲ្យអភិបាល​​រាជធានី​ភ្នំពេញ​ថ្មី គឺ លោក ឃួង ស្រេង ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់ ខណៈបច្ចុប្បន្នតំណាង​អ្នក​មាន​ជម្លោះ​​ដីធ្លីនៅតំបន់បឹងកក់ដែលទទួលបានប្លង់នៅថ្ងៃនេះ នៅតែអះអាងថា ប្រជាពលរដ្ឋ១៣​គ្រួសារ​ទៀត អាជ្ញាធរ​មិនទាន់ដោះស្រាយជូនពួកគេនៅឡើយ។ ប៉ុន្តែត្រូវ​បានអាជ្ញាធរបានច្រានចោល​ការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ