វិភាគ៖ តើ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ ពិត​ប្រាកដ​ហើយ​ឬ​នៅ?

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ជា​រឿយៗ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​តម្លៃ ឬ​ក៏​សារ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​វេទិកា​សាធារណៈ និង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក។

កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា និង​ការពារ​សន្តិភាព​ឲ្យ​បាន។

តម្លៃ ឬ​សារ​សំខាន់​នៃ​សន្តិភាព ក៏​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​វេទិកាទីក្រុង​ស្អាត​ប្រចាំ​ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្តិភាព កាលពីម្សិលមិញ។

លោក ហ៊ុន​ សែន ថ្លែង​ថា​៖ «អីចឹង តម្លៃ​ណា​ក៏​ដោយ ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន។ រឿង​ស្អី​ផ្សេង​ទៀត គឺ​និយាយ​គ្នា​ក្រោយ។ តែ​អ្នកណា​បំផ្លាញ​សន្តិភាព​ហើយ គឺ​អ្នក​ឯង​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​ពិត​ប្រាកដ​មួយ។ មិន​អាច​មើល​រំលង​បញ្ហា​នេះ​បាន​ទេ។ អ្នក​ឯង​និយាយ​ពី​សិទ្ធិ​មនុស្ស​ហេ សិទ្ធិ​ដើម្បី​សិទ្ធិ​មនុស្ស​ពីរ​បី​នាក់​បំផ្លាញ​ប្រទេស​ជាតិ​ទាំង​មូល អ្នក​ឯង​និយាយ​ពី​សិទ្ធិហេ។ សិទ្ធិ​ដែល​អ្នក​ឯង​សម្លាប់​ប្រជាជន​រាប់​ម៉ឺន រាប់​លាន​នាក់ តើ​អ្នក​ឯង​ស្គាល់​សិទ្ធិ​ទេ? កុំ​និយាយ​ពី​សិទ្ធិ សិទ្ធិ​ដូច​សព្វ​ថ្ងៃ​នេះ សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​មាន​អ្វីៗដែល​កំពុង​ធ្វើ​រាល់​ថ្ងៃ​នេះ សិទ្ធិ​ដោយ​អាណាធិបតេយ្យ គឺ​ជា​សិទ្ធិ​បំផ្លាញជាតិ​តែ​ប៉ុណ្ណោះ។ យើង​ទទួល​សិទ្ធិ តែ​មិន​មែន​ជា​សិទ្ធិ​អាណាធិបតេយ្យ​ទេ គឺ​ជា​សិទ្ធិនៃ​នីតិរដ្ឋ។ ត្រូវ​យល់​គ្នា​ឲ្យ​ច្បាស់​លើ​រឿង​នេះ។ សង្ឃឹម​ថា មិត្ត​ភក្តិ​បរទេស​យល់​ឲ្យ​ច្បាស់​អំពី​រឿង​នេះ។»

ទោះជាយ៉ាងណា​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​មក​ថា ការ​បញ្ចប់​សង្គ្រាម​​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែលោក​ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និងសន្តិភាព​ផ្លូវ​ចិត្ត។

ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​លើ​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀប​សង្កត់​អ្នក​ចាញ់​នោះ គឺ​ជាមូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ។

ភាព​ចម្រូង​ចម្រាស់​គ្នា​រវាង​មេដឹកនាំ​នយោបាយ​កម្ពុជា​អំពី​បញ្ហា​សន្តិភាព​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពិត​ប្រាកដ​ហើយ​ឬ​នៅ?

ប្រសិន​បើ​យើង​កំណត់​និយម​ន័យ​នៃ​ពាក្យ​សន្តិភាព ត្រឹម​តែ​ការ​បញ្ចប់​ទៅ​នៃ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ក៏​សង្គ្រាម​​​នោះ គេ​អាច​និយាយ​បាន​ថា កម្ពុជា​ពិត​ជា​មាន​សន្តិភាព​ ដូច​ទៅ​នឹង​អ្វី​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​បាន​លើក​ឡើង​មែន​ហើយ។ ប៉ុន្តែ នេះ​គឺ​ជា​ការ​កំណត់​និយម​បែប​ចង្អៀត ឬ​និយម​ន័យ​បែប​អវិជ្ជមាន ដែល​ត្រូវ​បាន​ពន្យល់​ដោយ​អ្នកស្រី Elizabeth Claggett-Borne អ្នកស្រាវជ្រាវ​អាមេរិក និង​ជា​អ្នក​តស៊ូ​មតិ​នៅ​សម្ព័ន្ធ​សុខភាព​ខេមប្រ៊ីដ។

អ្នកស្រី Elizabeth បាន​ពន្យល់​ថា សម្រាប់​ន័យ​ចង្អៀត ឬ​និយម័យ​បែប​អវិជ្ជមាន ពាក្យ​សន្តិភាព ត្រូវ​បាន​គេ​កំណត់​ត្រឹម​ថា ការ​លុប​បំបាត់ ឬ​អវត្តមាន ឬ​ការ​បញ្ចប់​ទៅ​នៃ​ទង្វើ​​ហិង្សា ឬ​ក៏​ស្ថានភាព​គ្រោះ​ថ្នាក់។ ក្នុង​ន័យ​ចង្អៀត​នេះ​ សន្តិភាព​ត្រូវ​បាន​កំណត់​ត្រឹម​គ្មាន​ជម្លោះ គ្មាន​អំពើ​ហិង្សា គ្មាន​អំពើ​ភេរវកម្ម និង​គ្មាន​ការ​គំរាម​កំហែង។

ប៉ុន្តែ និយម​ន័យ​សន្តិភាព ត្រូវ​បាន​គេ​កំណត់​ទៅ​ហួស​ពី​ត្រឹម​ការ​បញ្ចប់​ទៅ​នៃ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ក៏​សង្គ្រាម។ ក្នុង​ន័យ​កាន់​តែ​ជាក់​លាក់​​ថែម​ទៀត អ្នកស្រី Elizabeth បាន​ពន្យល់​និយម​នៃ​ពាក្យ​សន្តិភាព​នេះ​ថា ជាបរិយាកាស​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​អាច​បង្ហាញ​សក្ដានុពល​របស់​ពួកគេ។ ផ្អែក​តាម​ន័យ​នេះ អ្នក​ស្រី Elizabeth កំណត់​និយម​ន័យ​នៃ​ពាក្យ​សន្តិភាព​បែប​លម្អិត​ថា ជា​ការ​ធានា​សិទ្ធិ​មនុស្ស សម​ភាព ភាព​អធ្យាស្រ័យ​គ្នា ការ​ចូល​រួម​តាម​បែប​ប្រជាធិបតេយ្យ ភាព​បើក​ទូលាយ​ទៅ​រក​ការ​ធ្វើការងារ​ឆ្ពោះ​ទៅ​រក​គោលដៅ​រួម សុវត្ថិភាព និង​ការ​មាន​ឱកាស​ចូល​ទៅ​ប្រើ​ប្រាស់​ធន​ធាន។

បើ​ទោះបី​ជា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​ប្រទេស​មាន​ឱកាស​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត​ក៏​ដោយ ក៏​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា យល់​ថា ប្រទេស​នេះ​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

បើ​ទោះ​បី​ជា​ទទួល​ស្គាល់​ថា ការ​បញ្ចប់​​ទៅ​នៃ​សង្គ្រាម​ ឬ​ជម្លោះ​ប្រដាប់​អាវុធ បាន​នាំ​មក​នូវ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បានវិភាគ​លើ​ស្ថានភាព​សង្គម​កម្ពុជា​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​រស់​នៅ​ដោយ​​ខ្វះ​ភាព​សុខ​សាន្ត និង​ភាព​ស្ងប់​សុខ​ជាមួយ។ កង្វះ​ភាព​សុខ​សាន្ត​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​កម្ពុជា​រូប​នេះ ប្រាប់​ថា នោះ​ក៏​ព្រោះតែ​សង្គម​មួយ​នេះ មិន​ទាន់​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ ដូច​ដែល​អ្នក​ដឹកនាំ​នយោបាយ​ខ្មែរ​ប្ដេជ្ញា​ ​នៅ​ក្រោយ​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​នោះ​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «ប្រទេស​អត់​សង្គ្រាម​ហិង្សា អាហ្នឹង​យើង​មាន ប៉ុន្តែ សន្តិភាព​នៅ​ក្នុង​ន័យ​ស្ងប់​សុខ សុខ​សាន្ត រស់​នៅ​សុខដុមរមនា​ជាមួយ​គ្នា គឺ​យើង​អត់​មាន​ទេ​។ យើង​មិន​ទាន់​មាន​សន្តិភាព​ក្នុង​ន័យ​ថា រស់នៅ​សុខ​សាន្ត សុខដុមរមនា​ជាមួយ​គ្នា​ហ្នឹង ដោយសារ​យើង​មិន​បាន​គ្រប់​គ្រង​រដ្ឋ​ទៅ​តាម​ប្រព័ន្ធដែល​យើង​មូល​មាត់​គ្នា គឺ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។»

មិន​ខុស​ពី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​សុចរឹតភាព និង​គណនេយ្យភាព​សង្គម លោក សួន ប៊ុនស័ក្តិ ក៏​បាន​មើល​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ផ្លូវ​ចិត្ត​នោះ​ឡើយ ដោយសារ​តែ​ពលរដ្ឋ​កម្ពុជា​ច្រើន បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​ដី​ធ្លី​ផ្ទះ​សម្បែង​ជាដើម។

លោក សួន ប៊ុនស័ក្តិ៖ «បើ​យើង​និយាយក្នុង​ន័យ​អវត្តមាន​នៃ​សង្គ្រាម ចម្បាំង​រាំង​ជល់ យើង​ថា យើង​មាន​សន្តិភាព​ហើយ ប៉ុន្តែ សន្តិភាព មិន​មែន​សំដៅ​ទៅ​លើ​តែ​ប៉ុណ្ណឹង​ទេ។ ស្រុក​ខ្មែរ​យើង​មិន​ទាន់​មាន​សន្តិភាព​ទេ គឺ​សន្តិភាព​ផ្លូវ​ចិត្ត ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ជា​ទូទៅ មាន​បញ្ហា ភាគ​ច្រើន បញ្ហា​សេដ្ឋកិច្ច គឺ​សំដៅ​ទៅ​លើ​ការ​កាន់​កាប់​ធនធាន​ធម្មជាតិ ដូចជា ដី​ព្រៃបច្ចុប្បន្ន​ហ្នឹង​ហើយ។ ប្រជា​ពលរដ្ឋ​កំពុង​តែ​រង​ទុក្ខ​ពី​រឿង​សិទ្ធិ​នៃ​ការ​កាន់​កាប់​ដី​ធ្លី​ហ្នឹង​ហើយ គ្មាន​បាន​សុខ​ទេ។ ដូច្នេះ អាច​ទាញបាន​ច្បាស់​លាស់​ថា ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​សន្តិភាព​ពេញ​លេញ​ទេ​មក​ដល់​បច្ចុប្បន្ន។»

សម្រាប់​អ្នក​ជំនាញ​អភិបាល​កិច្ច​រូប​នេះ សង្គម​មួយ​ដែល​មាន​សន្តិភាព​ពិត​ប្រាកដ មិន​ត្រឹម​តែ​អវត្តមាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែក៏​ជា​សង្គម​ដែល​ប្រជា​ពលរដ្ឋ​​មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ផ្នែក​សង្គម និង​ទទួល​បាន​សេវា​​កម្ម​ល្អ​ពី​រដ្ឋបាល​សាធារណៈ​ផង​ដែរ។

ទាំង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក សួន ប៊ុនស័ក្តិ បាន​សង្កេត​ឃើញ​ស្រប​គ្នា​ថា សន្តិភាព​នៅ​ក្នុង​ប្រទេស ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ហើយ​ប្រទេស​នេះ​ងាយ​នឹង​រង​គ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់ ដូច​អំឡុង​ទសវត្សរ៍ ១៩៦០។

មិន​មែន​តែ​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ទេ ដែល​មើល​ឃើញ​ថាស្ថានភាព​សន្តិភាពឬ​ក៏​នយោបាយ​កម្ពុជា ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ​នោះ ប៉ុន្តែ ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​​មាន​ឈ្មោះ​ថា មូលនិធិ​​សម្រាប់​សន្តិភាព ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន ក៏​បាន​បង្ហាញ​ថា ​សន្តិភាព ឬ​នយោបាយ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ខ្ពស់។

អង្គការ​មូលនិធិ​ដើម្បី​សន្តិភាព បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លំដាប់​ទី៤៦ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន១៧៨ ដែល​សិក្សា​ដោយ​អង្គការ​មួយ​នេះ កាល​ពី​ឆ្នាំ​២០១៦​កន្លងមក​នេះ។ អង្គការ​មួយ​នេះ បាន​ចេញ​សន្ទស្សន៍​បែប​នេះ ដោយ​ផ្អែក​លើ​សុចនករ ៣​ធំៗ មាន​សុចនករ​ផ្នែក​សង្គម សុចនករ​ផ្នែក​សេដ្ឋកិច្ច និង​សុចនករ​ផ្នែក​នយោបាយ និង​យោធា។

ទោះជាយ៉ាងណា បណ្ដា​ប្រទេសជាច្រើន​​នៅ​តំបន់​អឺរ៉ុប សុទ្ធ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​លើ​ផ្នែក​ស្ថានភាព​ស្ថេរភាព​សន្តិភាព និង​នយោបាយ បើ​ធៀប​ទៅ​នឹង​បណ្ដា​ទ្វីប​ដទៃ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ