ក្រុម​មន្ត្រី​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ជួប​ជជែក​គ្នា​រឿង​ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ ដើម្បី​ពិភាក្សា​ពី​របៀប​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​​ឲ្យ​កាន់​តែ​ប្រសើរ ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​

កិច្ច​ពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីងតោន​នេះ បាន​កើត​ឡើង​​យ៉ាង​លឿន ក្រោយ​ពី​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ បាន​ព្រមាន​ថា ក្រុង​ព្យុងយ៉ាង កំពុង​តែ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ និង​ក្រោយ​ពី​មន្ត្រី​កាទូត​ជាន់​ខ្ពស់​របស់​ចិន បាន​ជួប​ពិភាក្សា​នៅ​សេតវិមាន។

តំណាង​ពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​គោល​នយោបាយ​កូរ៉េ​ខាង​ជើង លោក Joseph Yun បាន​ជួប​ជាមួយ​មន្ត្រី​កាទូត​ជប៉ុន លោក Kenji Kanasugi និង​តំណាង​ពិសេស​របស់​កូរ៉េ​ខាង​ត្បូង លោក គីម ហុងឃ្យុន នៅ​ក្រសួង​ការបរទេស​អាមេរិក។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រុម​មន្ត្រី​កាទូត​ទាំង​នោះ បាន​ថ្កោល​ទោស​ចំពោះ​ការ​រំលោភ​បំពាន​ជាច្រើន​លើក​ច្រើន​ដង​របស់​កូរ៉េ​ខាង​ជើង ទៅ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ហាម​ឃាត់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប។

ក្រុម​មន្ត្រី​កាទូត​ទាំងនោះ បាន​ទាមទារ​ឲ្យ​មាន​សម្ពាធ​អន្តរជាតិ​ដ៏​តឹង​រឹង​ទៅ​លើ​របប​ក្រុង​ព្យុងយ៉ាង ហើយ​ពួកគេ​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រទេស​ដទៃ​ទៀត ឲ្យ​អនុវត្ត​កាតព្វកិច្ច​របស់​ពួកគេ​ឲ្យ​បាន​ពេញ​លេញ នៅ​ក្រោម​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ