បទយកការណ៍៖ ក្រុមនិស្សិតគាស់រម្លើងស្នាដៃបុរាណ ដើម្បីលើកតម្កើងវប្បធម៌ខ្មែរ ចំពេលរដ្ឋាភិបាលប្រកាសដូរទីតាំងសាលារចនា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 2:39 PM | បទយកការណ៍ | 0 | 886 ពិព័រណ៍ទេពកោសល្យ និង​ស្នាដៃ នៅសាលារចនា (ហ្វេសប៊ុក)

អង្គុយខាងមុខបន្ទប់មានគ្នាពីរនាក់ ដោយកំពុងរងចាំទទួលអ្នកចូលរួមកម្មវិធី «ពិព័រណ៍ទេពកោសល្យ និង​ស្នាដៃ» ដើម្បីកត់ឈ្មោះ មុនចូលទស្សនាឧបករណ៍និងផលិតផលបុរាណ យុវជនម្នាក់ឈ្មោះ ណុប សម្បូរមី អាយុជាង២០​ឆ្នាំ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ​នៃការតាំងពិព័រណ៍​របស់សាលា​រចនាកាល​ពី​ចុង​សប្តាហ៍ មានក្រុមនិស្សិត យុវជន ប្រជាពលរដ្ឋ និងជនបរទេសជាច្រើន បានចូល​មើល​ការ​តាំង​បង្ហាញ​ផលិត​ផលបុរាណ ដែលរៀបចំដោយក្រុមនិស្សិត។

ខណៈដៃកំពុងហុចប៊ិច ឲ្យអ្នកចូលទស្សនាកត់ឈ្មោះនោះ លោក ណុប សម្បូរមី បានឆ្លៀតពេលបន្ដិច ដើម្បីផ្តល់បទសម្ភាន៍ជាមួយអ្នកយកព័ត៌មានវីអូឌី​ទាំងទឹកមុខញញឹមញញែមថា​ ​ពួកគេ​មានការ​សប្បាយ​ចិត្ត​នៅ​ពេលបានឃើញអ្នកចូលទស្សនាការដាក់បង្ហាញឧបករណ៍ និងផលិតផលបុរាណយ៉ាងច្រើន ក្នុង​រយៈ​ពេល​បីថ្ងៃនេះ ដោយសង្កេតឃើញថាចំនួនអ្នកចូលរួមច្រើនប្រមាណ​ជាង៥ ០០០នាក់ ដែលចំនួន កើន​ឡើងទ្វេដង ច្រើនជាងឆ្នាំកន្លងទៅ។

លោកបន្តថា មូលហេតុនៃការតាំងពិព័រណ៍ឧបករណ៍វង់ភ្លេងបុរាណនេះ ដោយសារ​កន្លង​មក​ប្រជាពលរដ្ឋ និងយុវជនមួយចំនួន តែងយល់ច្រឡំដោយហៅវង់ភ្លេងនេះថា ជាវង់ភ្លេងរបស់ថៃទៅវិញ។

លោកថា៖ «ការតាំងពិព័រណ៍នៅក្នុងបន្ទប់ នឹងដាក់ខាងផ្នែកវង់តន្ត្រីពិណពាទ្យនេះ ដោយសារ​ចង់ឲ្យអ្នក​ដែល​ចូលមកមើលហ្នឹង គឺគាត់មានការស្វែងយល់ពីឧបករណ៍តន្ត្រីបុរាណ ថាវង់តន្ត្រីបុរាណពិណពាទ្យនេះ អ្នក​ខ្លះ​គេហៅថា វង់ភ្លេចសៀម ប៉ុន្តែអត់ចង់​ឲ្យគាត់​ហៅចឹងទេ​ចង់​បញ្ជៀប​ឲ្យពួកគាត់យល់ថា​នេះ​ គឺជា​វង់ភ្លេងពិណពាទ្យដែលជារបស់ខ្មែរ។ ផ្សាភ្ជាប់នឹងអាហ្នឹងដែរ នេះគឺជាឧបករណ៍ដែលគេហៅថា ឧបករណ៍​កន្ទ្រឹម​នេះ ដែលមាន​គងពាទ្យអាហ្នឹង​ គឺជាភស្តុតាងបញ្ជាក់ថា​ឧបករណ៍ភ្លេងរបស់​យើងមានមុនតាំង​ពី​សម័យអ​​ង្គរមកម្លេះ»។

លោក ណុប សម្បូរមី បន្តថា ប្រសិនបើប្រជាពលរដ្ឋនិងយុវជន​នៅតែ​បន្ដហៅ​ឧបករណ៍ភ្លេងពិណពាទ្យ​របស់​ខ្លួនថា ជាភ្លេងសៀមទៀតនោះ លោកថា វាអាចធ្វើឲ្យយុវជនខ្មែរជំនាន់ក្រោយលែងស្គាល់ឧបករណ៍និងឈ្មោះវង់ភ្លេងបុរាណរបស់ខ្លួនឯងក៏អាចថាបាន។ លោកថា ឧបករណ៍ភ្លេងប្រពៃណីបុរាណទាំងនេះ សុទ្ធតែជារបស់ខ្មែរតាំងពីបុរណកាលមក ដូចជា​ គងភ្លោះ ទ្រសោ ឃឹម រនាតធុង គងតូច រនាតដែក គងធំ រនាតឯក ស​ម្ភោរ ខ្សែដៀវ ពិណ្យ រមនា ស្គរធុងជាដើម។

លោកថា៖ «ធម្មតា តាហៅភ្លេងសៀមមួយមាត់វា​ប៉ះទង្គិចទៅនឹងផ្នត់គំនិតពួកគាត់ ព្រោះគាត់ធម្មតា​ គាត់​គឺជា​សាច់ឈាមខ្មែរ ចឹងគាត់រក្សានៅអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ ចឹងបើសិនជាហៅភ្លេង​សៀម​ទៅ​សួរ​ថា ភ្លេងហ្នឹងគឺជារបស់មែន [ខ្មែរ] ចឹងបានគាត់ចង់បជ្រាបឲ្យប្រជាពលរដ្ឋ[ខ្មែរ]ដឹងថា នេះជា វង់​ភ្លេង​ខ្មែរ​ពិតៗ មិនមែនជារបស់សៀមទេ»។

កំពុងបង្ហាញឈ្មោះផលិតផលបុរាណដល់ជនបរទេស ដែលចូលទស្សនាស្នាដៃរបស់ខ្លួនលោក ឃឹះ បញ្ញារឹទ្ធិ ជានិស្សិតផ្នែកបុរាណវិទ្យាឆ្នាំទី៣ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវីអូឌីថា ក្រុមរ​បស់​លោក​ចែក​ជាពីរផ្នែកគឺទី១ និយាយពីបុរាណវិទ្យាបែបនរៈវិទ្យា ដែលផ្នែកនេះ សិក្សាពីសម្ភារៈ និងសរីរាង្គ​របស់​មនុស្សសម័យបុរាណ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃដូចជាសំពត់សូត្រ ហូល ផាមួង ចរល្បាប ក្អម ឆ្នាំង ឆ្អឹងសត្វ ជាដើម។ល។និង។ល។ ចំណែផ្នែកទី២ លោកថានិយាយពីសម័យបុរេ ដែល​សិក្សា​ពី​យុគសម័យ​ទាំង៣មានដូចជា យុគថ្មបំបែកយុគថ្មរំលីង យុគអលោហៈ ហើយ​ការតាំង​ពិព័រណ៍​របស់​ក្រុម​លោក គឺចង់បង្ហាញយុវជននិងពលរដ្ឋបានដឹងពីរបៀបរស់នៅខ្មែរសម័យនោះ ការកប់សព​អ្នក​ដែល​ស្លាប់​ផង​ដែរ។ លោកបន្តថា ក្នុងរយៈពេលបីថ្ងៃក៏មានអ្នកចូលទស្សនាច្រើន ដែលចំនួននេះ​បានកើន​ឡើងទ្វេ​ដង​ជាងឆ្នាំមុនៗ។

លោកថា៖ «ចាត់ចេកនេះ គឺដែលជាលម្អមួយនៅតាមរងនៅតាមអីដែរ វាសិនតែសាបរលាប​ទៅហើយ​ ប៉ុន្តែ​យើងព្យាយាមលើកយកវាមកវិញ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញ។ នៅខាងក្រៅមួយ​ទៀតគឺ​ទាក់​ទងនឹងបុរាណវិទ្យាបែប បុរេប្រវត្តិសាស្ត្រនៅក្នុងនឹងយើងដាក់តាំងអំពីឧបករណ៍ប្រើប្រាស់នៅយុគទាំងបី ដូចយុគថ្មបំបែកជាយុគដំបូងគេ បន្ទាប់មកយុគថ្មរំលីង ហើយយុគមួយទៀតយុគអលោហៈ ដែល​មានបី​យុគបីធំសំខាន់។ ពិសេស​ [ជាងនេះទៅទៀត] គឺយើងតាំង​បង្ហាញរចនាសម្ព័ន្ធ​នៃផ្នូរកប់សព​ពី​សម័យ​បុរាណមក ប៉ុន្តែនៅក្នុងហ្នឹងគឺជារូបសិប្បនិមិត្តទេ ប៉ុន្តែយើងព្យាយាមធ្វើយ៉ាងឲ្យវាមានរចនាសម្ព័ន្ធ ដូចគ្នាជាមួយនឹងផ្នូរសពនៅសម័យបុរេប្រវត្តិ»។

លោកបន្តថា ​រយៈពេលតាំងពិព័រណ៍ចំនួនបីថ្ងៃមកនេះ លោកសង្កេតឃើញមានអ្នកចូលរួមច្រើនកុះកុរ ប៉ុន្តែក៏មានយុវជនខ្លះចូលមើលហើយ មិនសូវចាប់អារម្មណ៍ ដោយលោកថា ពួកគេហាក់គិតថា ការដាក់​បង្ហាញ​​​ឧបករណ៍ទាំងនេះ គ្មានអ្វីសំខាន់សម្រាប់ពួកគេទៅវិញ។

លោកអំពាវនាវឲ្យក្រុមយុវជន ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើន នៅពេលមានការដាក់​តាំង​ពិព័រណ៍​ឧបករណ៍ ឬវត្ថុបុរាណនិងរបស់បបរដែលចាស់ជំនាន់ដើមប្រើប្រាស់ ដោយសាររបស់ទាំងអស់វា​បានបញ្ជាក់ពីអត្តសញ្ញាណខ្មែរកាលពីសម័យនោះ។

លោកថា៖ «ក៏មានមួយចំនួនគាត់បានត្រឹមមើល ហើយគាត់​ទៅដូចថាអត់ចាប់​អារម្មណ៍ឃើញគាត់មើលគាត់​ទៅវិញដូចរបៀបថាអត់ចាប់អារម្មណ៍ គាត់មើលមកថាបុរាណវិទ្យាដូចអត់មានអីផង កើតមក​ឃើញ​តែ​ក្បាល​​ឆ្អឹងអីចឹងទៅ ចឹងក៏គាត់ហួសទៅមើលដៃផ្សេងៗដែលគេមើលទៅវាចាប់អារម្មណ៍ជាង។ ប៉ុន្តែផ្ទុយ​ទៅវិញ អ្វីដែលគាត់ចូលមក បានមើលក្នុងហ្នឹងគឺមានគ្រប់គ្នាខ្ញុំ អ្នកនៅចាំតាម​កន្លែងគាត់បាន​អធិប្បាយ​មួយ​ចំនួន​ត្រួសៗ យ៉ាងហោចណាស់បានជាយោបល់ ជាគំនិត ឬក៏​ចំណេញ​ដឹងទៅមួយ​ផ្នែកគាត់​បាន​ចូល​ទស្សនា​ហ្នឹងដែរ»។

និស្សិតផ្នែកចម្លាក់ទំនើប មហាវិទ្យាល័យសិល្បៈសូន្យរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈម្នាក់ទៀត លោក ឈិន ពិសិដ្ឋ បានរៀបរាប់ថា ការតាំងពិព័រណ៍នៅសាលារចនានេះ វាអាចជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌អរិយធម៌ខ្មែ​រឲ្យប្រទេសផ្សេងៗបានដឹង។

លោកបន្តថា ក្នុងរយៈ​ពេលបីថ្ងៃក្រុមរបស់លោកបានដាក់តាំងចម្លាក់សូន្យរូបដែលជា​ស្នាដៃរបស់​ក្រុមនិស្សិតជា​អ្នកធ្វើ ហើយរូប នោះក៏មានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និង​យុវជនពេល​ពួកគេ​បានចូល​មើល​ចម្លាក់ទាំងអស់នេះផងដែរ។

លោកថា៖ «យើងចង់បង្ហាញនៅស្នាដៃរបស់និស្សិត ឬក៏របស់កូន​ខ្មែរយើង​ពីមួយជំនាន់​ទៅមួយ​ជំនាន់​ទៀត អ្នកខ្លះគាត់ស្គាល់តែផ្នែកសូត្ររូប សូន្យគាត់ថាមានតែគូស មានតែ​ឆ្លាក់អីចឹង ប៉ុន្តែ​យើងចង់​បង្ហាញ​ថា ​សូន្យរូបមានអីខ្លះនៅក្នុងហ្នឹង។ ចឹងការបង្ហាញ ក្នុងរយៈពេលបីថ្ងៃហ្នឹង គឺយើង​មានការតាំងបង្ហាញចឹង អ្នក​ខ្លះ​​​បានស្អាល់អ្នកខ្លះអត់បានយល់ដឹង បច្ចេកទេ ឬក៏វិស័យសូន្យ​រូបបម្រើ​ទៅក្នុងវិស័យ​អីខ្លះ​នៅក្នុង​ប្រទេសកម្ពុជា។ អំពាវនាមឲ្យប្រជាពលរដ្ឋខែ្មរឬនិស្សិតទាំងវិទ្យាល័យ ឬក៏មហាវិទ្យាល័យ​ធ្វើការ​ស្វែងយល់ និងដើម្បីផ្សព្វផ្សាយ វប្បធម៌របស់ខ្មែរ ដើម្បីឲ្យពិភពលោកទាំងអស់បានដឹងថា សិល្បៈខ្មែរវាមានស្អីៗនៅក្នុងប្រទេសកម្ពុជា»។

មានមតិស្រដៀងគ្នាទៅនឹងលោក ឈិន ពិសិដ្ឋ ប្រធាននិស្សិត​នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ កញ្ញា​ សូ សុវណ្ណនីតា ប្រាប់អ្នកសារព័ត៌មានវីអូឌីថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បី​បង្ហាញស្នា​ដៃរបស់ក្រុមនិសិ្សត និងទេពកោសល្យតាមមហាវិទ្យាល័យនីមួយៗ ដែលមានចំនួន៥មហាវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ។ កញ្ញាបន្តថា ការរៀបចំកម្មវិធីនេះធ្វើឡើងស្របពេលគម្រប់ខួប១០០ ឆ្នាំ​នៃ​ការ​បង្កើតសាលារចនា។

កញ្ញាថា៖ «មហាវិទ្យាល័យស្ថាបរិយ្យកម្ម មហាវិទ្យាល័យសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យ​នីតិសាស្ត្រ និងឆ្នាំសិក្សាមូលដ្ឋាន។ មូលហេតុទី២ យើងចង់និយាយអំពី សាមគ្គីភាពគ្នា​រវាងនិ​ស្សិត​និងនិស្សិតដែលពួកគាត់បានសហការគ្នាយ៉ាងល្អដើម្បីរៀបចំពិព័រណ៍នេះឡើង។ អ្វីដែល​ជាចំណុចសំខាន់មួយទៀតគឺ យើងបញ្ជាក់ឲ្យឃើញថា ដោយសារតែសាលារបស់យើងមានគម្រប់ខួប ១០០ ឆ្នាំហើយ ចឹងយើងចង់ភ្ជាប់ពិព័រណ៍នឹងចូលការគម្រប់ខួបនេះតែម្ដង»។

ថ្វីបើមានគំរោងផ្លាស់ប្តូរទីតាំងសាលារចនាក៏ដោយ កញ្ញា សូ សុវណ្ណនីតា បន្តថា សាលានឹងនៅតែបន្ត​រៀប​ចំកម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត ដើម្បីរកអ្វីដែលថ្មី និងដែលបានកប់បាត់ជ្រៅ ដោយយុវជន មិនបានឃើញ យកមកតាំងបង្ហាញឲ្យនៅឆ្នាំក្រោយនេះទៀត។

កញ្ញាថា៖ «ដោយសារសាលាយើងគឺសាលាវប្បធម៌ ដូច្នេះហើយរាល់ការតាំងស្នាដៃរបស់និស្សិ​តគឺទាក់ទងទៅនឹងទំនៀមទម្លាប់ប្រពៃណីវប្បធម៌ សិល្បៈដែលយើងមាន តាំងពីសម័យបុរេប្រវត្តិរហូតមកដល់លូវ។ ចឹងមានគ្រប់ទាំងអស់  គ្រប់ជំនាន់ទាំងអស់ មិនមែនតែសម័យបុរាណទេ  គឺមានតាំងពីលូវដែលរកឃើញថ្មីៗ តើមានអ្វីខ្លះដែលយើងអាចរកឃើញកំណែថ្មីៗផ្សេងៗទៀត»។

ខណៈពេលនិស្សិតប្រារព្ធពិធីតាំងពិពណ៌ស្នាដៃសិល្បៈ និងគម្រប់ខួប១០០ឆ្នាំ​ នៃ​ការ​បង្កើតសាលារចនា ពត៌មាននៃការផ្លាស់ប្តូរសាលារចនា ត្រូវបានអ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក ថៃ នរៈសត្យា បញ្ជាក់ថាជាការពិត ដោយថាទីតាំងថ្មីនៃ សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬ​ហៅ​ថា សាលា​រចនានោះនិងផ្លាស់ប្ដូរទៅ​សង្កាត់​ជ្រោយចង្វារវិញ ដោយថាការផ្លាស់ប្ដូរទីតាំងនេះ ដើម្បី​ពង្រីក​សារៈ​មន្ទីរ​ជាតិឲ្យធំជាងមុន។

ទាក់ទងការផ្លាស់ប្ដូរទីតាំងនេះ មានការបញ្ចេញមតិផ្ទុយគ្នាដោយអ្នកខ្លះគាំទ្រ និងអ្នកខ្លះទៀតមិនគាំទ្រ ដោយថារដ្ឋាភិបាលគួរធ្វើការជួសជុល ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាជាងផ្លាស់ប្តូរទីតាំង។

គួររំលឹកថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ​ដំបូងមាន​ឈ្មោះ​ជាសាលា​ភូមិន្ទសិល្បៈ ឬសាលារចនា​ ដែល​ត្រូវ​បាន​កសាងឡើងក្នុងឆ្នាំ១៩១៨ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ១៩៦៥។

សាលានេះ មានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអវិចិត្រកម្ម និងចម្កាក់៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required