សាលារាជធានីមិនអនុញាតឲ្យសហជីពហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ

សាលារាជធានីភ្នំពេញ ចេញបម្រាមមិនអនុញ្ញតឲ្យក្រុមសហព័ន្ធសហជីពនិងសមាគម ដែលធ្វើការលើវិស័យការងារ ធ្វើការហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភាខាងមុខនេះ ប៉ុន្តែប្រាប់ឲ្យក្រុមអ្នករៀបចំទាំងនោះ អាចបា្ររព្ធនិងជួបជុំនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកវិញ។

កាលពីថ្ងៃទី១០មេសា២០១៧ ក្រុ​មសហព័ន្ធសហជីពនិងសមាគមប្រមាណជាង១០ បានសរសេរលិខិតរួមមួយដាក់ជូនសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំរៀបចំកម្មវិធីខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៧ ដោយគ្រោងនឹងជួបជុំគ្នានៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  រួចបន្តហែក្បួនទៅកាន់រដ្ឋសភាដើម្បីដាក់ញ្ញតិ។ ប៉ុន្តែសំណើរនេះ ត្រូវបានសាលារាជធានីភ្នំពេញបដិសេធ។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧ សាលារាជធានីភ្នំពេញ អះអាងថា ការមិនអនុញត្តិឲ្យហែរក្បួននេះ ដោយសារ ការដើរហែក្បួន អាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ទោះជាយ៉ាង ក្នុងករណីក្រុមអ្នកធ្វើការលើវិស័យការងារ នៅតែជួបជុំក្រៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ឬដង្ហែក្បួនតាមដងផ្លូវណាមួយ សាលារាជធានីភ្នំពេញ បញ្ជាក់ថា ពួកគេត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ចាត់ទុកការមិនអនុញត្តិនេះថាជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ  ដោយសារ ការហែក្បួន សហជីពនិងសមាគម មិនបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈនោះឡើយ។

លោកបន្តថា បើអាជ្ញាធរនៅតែមិនអនុញាតិ្តនោះ វាមិនបានចំណេញទេ គឺមានតែធ្វើឲ្យរដ្ឋាភិបាលខាតបង់បន្តទៀត ខណៈដែលការបោះឆ្នោតឃុំសង្កាត់ជិតមកដល់។

លោកថា៖ «កាលលើកឡើងខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ អសន្តិសុខសង្គមអីហ្នឹង សម្រាប់ខ្ញុំមើល ឃើញថាវា មិនមែនជាហេតុផលធំទេ វាធ្វើឲ្យខ្ញុំគិតថា អាជ្ញាធរហាក់ដូចជាបារម្ភពេក បារម្ភខ្លាំងពេក ។ បារម្ភ ឈានធ្វើបាតុកម្មទ្រង់ទ្រាយធំ ទម្លាក់រដ្ឋាភិបាល គឺខ្ញុំមិនដឹងទេ ការបា្ររព្ធទិវាសិទ្ធិមនុស្សក្ដី ការប្រារព្ធទិវា១ឧសភាក្ដី វាមិនមែនជាការធ្វើបាតុកម្មទេ ដើម្បីទម្លាក់រដ្ឋាភិបាលណាមួយ ឬក៏ដើម្បីធ្វើបដិវត្តន៍ពណ៌នោះទេ គ្រាន់តែជាបា្ររព្ធទិវាទពលកម្មអន្តរជាតិទេ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ក្រុមសហជីពនៅតែធ្វើការហែក្បួនដដែល បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ។

សេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធសហជីពនិងសមាគមឲ្យដឹងថា ការរៀបចំទិវាទពលកម្មអន្តរជាតិ ១ឧសភា២០១៧ នេះ អាចនឹងមានអ្នកចូលរួម៣ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ