តំណាងរាស្ដ្របក្សប្រឆាំងម្នាក់ទៀតចូលបំភ្លឺនៅតុលាការព្រឹកនេះ

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិម្នាក់ទៀត ចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីតាមដីកាកោះរបស់តុលាការ ករណីដែលរដ្ឋាភិបាលចោទ លោក ជុន​ ច័ន្ទ​បុត្រ​ ថាបន្លំខ្លួនចូលពន្ធនាគារ។

នៅព្រឹកថ្ងៃសុក្រទី២៨ខែមេសាឆ្នាំ២០១៧នេះ តំណាងរាស្ដ្រគណបក្សប្រឆាំងមួយរូបទៀតគឺលោកស្រី មួរ សុខហួរ បានចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក សំ សុគង់ ជាមេធាវីប្រឹក្សាដដែល ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថានាយរងវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនចូលក្នុងពន្ធនាគារព្រៃសរ ជាមួយតំណាងរាស្ដ្របក្សប្រឆាំង ខណៈពួកគេចូលសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារ។

លោកស្រី មួរ សុខហួរ បានចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការ បន្ទាប់ពីតំណាងរាស្ដ្របក្សសង្គ្រោះជាតិលោក ឡុង រី ក៏បានចូលឆ្លើយបំភ្លឺរួចហើយក្នុងសំណុំរឿងដូចគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា លោកស្រី មួរ សុខហួរ គ្រាន់តែអាចបំភ្លឺក្នុងនាមជាសាក្សី ដើម្បីផ្ដល់ការពិតដែលលោកស្រីដឹងដល់តុលាការ។ ប៉ុន្ដែលោកសុំមិនធ្វើអត្ថាធិប្បាយចំពោះខ្លឹមសារនៃការសួរនេះទេ ដោយថា ជាការសម្ងាត់ក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ។

តុលាការក្រុងភ្នំពេញ បាន​​ចេញ​ដី​កា​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺនៅដើមសប្តាហ៍ក្រោយ ជុំ​វិញ​​ការចោទ​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ កាល​ពេល​ថ្មីៗ​នេះ។

នាយករងវិទ្យុអាស៊ីសេរីលោក ជុន ច័ន្ទបុត្រ បានបដិសេធថា លោកមិនបានបន្លំខ្លួនចូលពន្ធនាគារដូចការចោទប្រកាន់ទេ ប៉ុន្ដែគឺលោកគ្រាន់តែចង់ជួបលោក គឹម សុខ ជាអ្នកវិភាគ ដែលត្រូវតុលាការបានឃុំខ្លួន បន្ទាប់ពីរិះគន់ករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ