ក្រសួងធនធានទឹកប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតភ្លៀងនិងខ្យល់កន្ត្រាក់​

ក្រសួងធនធានទឹក​ និងឧតុនិយម បានជូនដំណឹងដល់ប្រជាពលរដ្ឋ​ឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់​បំផុតអំពីបាតុ​ភូត​ផ្គរ​ន្ទះ និងខ្យល់កន្ត្រាក់ ​ចាប់ពីថ្ងៃ២៨មេសាដល់ថ្ងៃ០៦ឧសភាខាងមុខ​នេះ។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី២៥ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា​ កម្ពុជា​អាចមាន​បាតុភូត ផ្គរ​ន្ទះ ខ្យល់កន្ត្រាក់ ជាពិសេស​នៅ​ថ្ងៃទី​២៨មេសាដល់ថ្ងៃទី៣០មេសា ដោយអំឡុងពេលនោះ បាតុភូតនេះ អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ច្រើននៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា បាតុភូតនេះ ក៏ប្តូរទិសដៅ ដោយមាន​ខ្យល់បក់មក​ពីទិសខាងត្បូង និងទិសនីរតី បង្កឲ្យមានភ្លៀង​បន្តធ្លាក់រាយប៉ាយស្ទើរទូទំាងប្រទេស រហូតដល់ថ្ងៃទី០៦ខែ​ឧសភា ឆ្នាំ​២០១៧​ ខាងមុខនេះ​ផង​ដែរ។

ក្រសួងធនធានទឹកបានឲ្យដឹងថា មូលហេតុដែលបង្ក​ឲ្យ​មានបាតុភូតទាំងនេះ គឺបណ្ដាលមកពីកម្ពុជា កំពុងទទួលរងឥទ្ធិពលសំពាធទាប ទើប​នាំឲ្យ​បន្ដគ្រប់បណ្ដប់លើប្រទេសកម្ពុជា។

កាលពីដើមសប្តាហ៍នេះ របាយការណ៍ឲ្យដឹងថា មនុស្សយ៉ាងតិច៤នាក់ស្លាប់និង៣នាក់ទៀតរងរបួស ខណៈផ្ទះប្រជាពលរដ្ឋច្រើនខ្នងទៀតបានរងការបំផ្លិចបំផ្លាញ ក្រោយភ្លៀងខ្យល់ និងផ្គររន្ទះ បានបោកបក់ លើខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កណ្តាល និងបាត់ដំបងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ