លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោត

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 12:17 PM | នយោបាយបោះឆ្នោត | 0 | 18822 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ ពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្តុំអង្គការសង្គមស៊ីវិល។

ក្នុងពិធីរំលឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលជួបជុំអ្នកគាំទ្ររាប់ពាន់នាក់នៅកោះពេជ្រ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថាជាទីតាំងបញ្ជាឲ្យមាន «បដិវត្តន៍ពណ៌»។ លោកចោទថាសកម្មភាពរបស់បន្ទប់​ស្ថានការណ៍ស្ថិតនៅក្រៅសំណាញ់ច្បាប់​។

លោកមានប្រសាសន៍ថា៖ ​«យើងបានដឹងហើយថាអង្គការក្រៅរដ្ឋាភិបាលមួយៗបានចុះឈ្មោះប៉ុន្តែរបស់​ដែល​ហៅថាបន្ទប់ស្ថានការណ៍ដែលជាអ្នកខោកក្បាលទៅលើគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត។តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ព័ណ៌?ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់នូវអ្វី​ដែល​ពួកគេបាននិងកំពុងធ្វើក្រោមលេសតាមពិនិត្យមើលការបោះឆ្នោត»។

សមាជិកបន្ទប់ស្ថានការណ៍លោក សំ គន្ធាមី មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាការយល់ច្រឡំ ដោយថា បន្ទប់ស្ថានការណ៍ជាបណ្តុំអង្គការសមាគម ដែលស្របច្បាប់ បង្កើតឡើងរយៈពេលខ្លី ដើម្បីឃ្លាំមើលដំណើរបោះឆ្នោតតែប៉ុណ្ណោះ។

លោកបន្តថា បន្ទប់ស្ថានការណ៍មិនមែនជាមូលដ្ឋានគាំទ្រឲ្យមានបដិវត្តន៍ពណ៌ដូចលោក ហ៊ុន សែន យល់ឃើញនោះទេ។

លោកបន្ថែមថា៖ «បន្ទប់ស្ថានការណ៍នេះ ជាបណ្តុំអង្គការសមាគមមិនមែនរដ្ឋាភិបាលហើយអង្គការនីមួយៗ ជាអង្គការស្របច្បាប់ ហើយបន្ទប់ស្ថានការណ៍នេះបង្កើតតែរយៈពេលខ្លីទេធ្វើការ ជាមួយគ្នាជាក្រុមហ្នឹងតែរយៈពេលខ្លីមួយសម្រាប់លើដំណើរការបោះឆ្នោតឥលូវចប់បោះឆ្នោត យើងរំសាយវិញអស់ហើយៗ ពួកយើងគ្មានគំនិតធ្វើជាមូលដ្ឋានស្អីទេ ខ្ញុំសូមបដិសេធថា អត់មានជាមូលដ្ឋានជាបដិវត្តិពណ៌ទេ នេះជាចម្លើយរបស់ខ្ញុំ គាត់យល់ច្រឡំហើយ»

លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា ប្រសិនបើបន្ទប់ស្ថានការណ៍ធ្វើការដោយមានការអនុញ្ញាត្តពីគ.ជ.បត្រឹមត្រូវនោះ គឺមិនមានអ្វីខុសច្បាប់ទេ។

លោកបន្ថែមថា៖ «បើនិយាយពីរឿងច្បាប់ខុស ម៉េចគេអនុញ្ញាត្តឲ្យពួកគាត់ធ្វើការងាររហូតដល់បញ្ចប់ ព្រោះគាត់ដាក់ពាក្យសុំ ឬ ក៏គ.ជ.បយល់ព្រមទេ កាលពួកគាត់ទៅបង្កើតអាហ្នឹងនៅអី ហ្នឹងបាននោះ យើងពិនិត្យអាហ្នឹងសិន បើសិនជាថា កាលក្រុមការងារនេះចូលទៅធ្វើការជាមួយនឹងគ.ជ.ប ឬក៏បង្កើតទីតាំងដោយមានការអនុញ្ញាត្តពីគ.ជ.ប អាហ្នឹងអត់ខុសច្បាប់ទេ»

បន្ទប់ស្ថានការណ៍ ដែលជាបណ្តុំអង្គការសង្គមស៊ីវិលបានដាក់អ្នកសង្កេតការណ៍ប្រហែលមួយម៉ឺននាក់ ឃ្លាំមើលដំណើការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៤​ខែមិថុនា។​

បន្ទប់ស្ថានការណ៍បានវាយតម្លៃដំណើការបោះឆ្នោតនេះថា បាន​ប្រព្រឹត្តិទៅដោយសន្តិវិធី ល្អជាងការបោះឆ្នោត​លើក​មុន​ៗ តែ​ស្នើឲ្យកែលម្អចំណុចខ្វះខាតមួយចំនួនដូចជា ការគំរាមកំហែងមុនបោះឆ្នោត ការទិញទឹកចិត្តអ្នកបោះឆ្នោត និងការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងជាដើម៕

រាយការណ៍បន្ថែមដោយ ឃុត សុគុណ

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required