តើអ្វីទៅជាបន្ទប់ស្ថានការណ៍?

បន្ទប់ស្ថានការណ៍

នៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង ពិនិត្យ​ផ្លូវច្បាប់​ដើម្បីចាត់វិធានការលើ​បន្ទប់ស្ថានការណ៍បោះឆ្នោត​ដែលជាបណ្តុំ​អង្គការ​សង្គម​ស៊ីវិល​។​​ លោក ហ៊ុន សែន ចោទថាបន្ទប់ស្ថានការណ៍ជា​មូលដ្ឋាន​បញ្ជាឲ្យ​មាន ​«បដិវត្តន៍​ព័ណ៌​»​។

បន្ទប់ស្ថានការណ៍ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន សហការគ្នា​​បង្កើត​ឡើង​ដោយធ្វើការរួមគ្នាក្នុងការតាមដានដំណើការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។

ក្រុមអង្គការដែលសហការគ្នាតាមដានដំណើរការបោះឆ្នោតបានបញ្ជាក់ថា គោល​បំ​ណង​ពួកគេគឺចង់​ស្វែងរកពិតនៃលទ្ធផលបោះឆ្នោត ក្នុងតួនាទីជាស្ថាប័នឯករាជ្យមួយដើម្បីកុំឲ្យគណបក្ស ប្រកាសលទ្ធផលបោះឆ្នោតតែរៀងៗខ្លួនដោយ​គ្មានតួលេខ​ណាមកផ្ទៀងផ្ទាត់គ្នា។

បេសកម្មរបស់បន្ទប់ស្ថានការណ៍ត្រូវបានស្វាគមន៍ដោយ​​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត ដោយ​ថានេះជាការរួម​ចំណែកជំរុញឲ្យការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​មានតម្លាភាព ដែលអាចឲ្យគ្រប់ភាគីគណបក្សទទួលយកបាន។

បន្ទប់ស្ថានការណ៍បានជ្រើសរើសភ្នាក់សង្កេតការណ៍បោះឆ្នោតប្រហែលមួយម៉ឺននាក់ ដាក់​ឲ្យឈរជើងនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ មុនចុះ​សង្កេតការណ៍ ភ្នាក់ងារទាំងនោះត្រូវបានទទួលបានការបណ្តុះបណ្តាលពីរបៀបធ្វើការងារ​របស់​ពួកគេ​ប្រកប​ដោយ​វិជ្ជាជីវៈ។

អ្នកសង្កេតការណ៍ទាំងនោះ មានភារកិច្ច ឃ្លាំមើល​ពីដំណើរការបោះឆ្នោត​តាំងពីពេល​ចាប់​​ផ្តើម​រហូត​ដល់ពេល​រាប់​សន្លឹក​ឆ្នោត។ ពួកគេក៏ត្រូវរាយការណ៍ពីបញ្ហាមិនប្រក្រតី​ដែល​កើត​មានឡើង និង​រាយការណ៍អំពីចំនួនសន្លឹក​ឆ្នោត​ដែលបាន​រាប់នោះ មកកាន់​បន្ទប់​ស្ថានការណ៍នៅថ្ងៃបោះឆ្នោត។

ការធ្វើដូចនេះអាចនិយាយបានថា ជាលើកទី១ក្នុង​ដំណើ​រ​ការ​បោះ​ឆ្នោត​នៅកម្ពុជាច្រើន​អាណត្តិមកនេះ។ ប៉ុន្តែក្រុមអង្គការទាំងនោះ បាន​បញ្ជាក់​ថា ការដែល​ធ្វើ​ដូចនេះ ដោយសារតែពួកគេ​ចង់​ឲ្យមាន​តួលេខ​សន្លឹក​ឆ្នោត​មួយ​ដែល​អព្យាក្រិត​ ដោយ​មិនសំអាងតែលើ​តួរលេខរបស់គណបក្សនីមួយៗ ដែលបានប្រកាសមុន គជប ចេញ​លទ្ធផល​។

មែនទែនទៅ លទ្ធផលបោះឆ្នោត​បឋមដែលបន្ទប់ស្ថានការណ៍ទទួលបាន គឺមិនខុសគ្នា​ច្រើនជាមួយនឹងលទ្ធផល​បោះឆ្នោត​ដែលគណបក្សនយោបាយនីមួយៗ​ ប្រកាសប៉ុន្មាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ