ក្រសួងបរិស្ថានអះអាងថា កូនសត្វត្រដក់ធំ ជិតផុតពូជនៅលើពិភពលោក ជាច្រើនសំបុកបានញាស់ចេញដោយជោគជ័យក្នុងប្រទេសកម្ពុជា។
បើតាមការចុះផ្សាយ នៅថ្ងៃសុក្រទី២៨កក្កដានេះ ក្រសួងបរិស្ថានឲ្យដឹងថា កូនសត្វត្រដក់ធំជិតផុតពូជ ចំនួន១៧៥សំបុក បានកើតចេញដោយជោគជ័យ នៅតំបន់រ៉ាមសារ ព្រែកទាល់ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងបានហោះចាកចេញពីសំបុកទៅទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
ក្រសួងថា សំបុកសត្វត្រដក់ធំទាំងនោះ បានទទួលការមើលថែ និងការពារយ៉ាងយកចិត្តទុកដាក់ សម្រាប់រយៈពេល៦ខែកន្លងទៅ ពីសំណាក់មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជននៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន សត្វត្រដក់ធំមានកម្ពស់ដល់ទៅ១.៥ម៉ែត្រ និងជាប្រភេទសត្វ ជិតផុតពូជលើពិភពលោក ដោយមានចំនួនចន្លោះពី៨០០ទៅ១ពាន់ក្បាលប៉ុណ្ណោះ។ ហើយនៅកម្ពុជា សត្វត្រដក់ធំនេះ មានចំនួនពី១៥០ទៅ២០០គូប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕