ពលរដ្ឋទាមទារឲ្យរដ្ឋប្រគល់ដីដែលខ្ចីធ្វើបន្ទាយទាហានមកវិញ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 8:33 AM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1187

ពលរដ្ឋជាង១៤០គ្រួសាររស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់ ខណៈដែលរឿងនេះបានអូសបន្លាយជាង១០ឆ្នាំ។

តំណាងពលរដ្ឋ លោក ជា សុខ ប្រាប់វីអូឌីនៅថ្ងៃទី២៨ខែសីហានេះថា កាលពីឆ្នាំ១៩៨៧ ក្រសួងការពារជាតិបានយកដីពួកគាត់ជាង៩ហិកតាធ្វើជាបន្ទាយទាហាន ហើយសន្យាថាប្រគល់ឲ្យពួកគាត់វិញនៅឆ្នាំ២០០០។  ប៉ុន្តែលោកបន្តថា ជាង១៧ឆ្នាំមកហើយ រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ គ្រាន់តែបានចេញសេចក្ដីប្រកាសមួយ ដោយមានការយល់​ព្រមពីលោកនាយករដ្ឋមន្ត្រី ដើម្បីប្រគល់ដីឲ្យពួកគាត់ជាតំណាង៣៥គ្រួសារ ដើម្បីយកទៅចែកគ្នាបន្តជាមួយពលរដ្ឋ១១០គ្រួសារទៀត។

លោកថា «ច្បាស់ជាងនេះទៅទៀត ខាងក្រសួងបានដាក់ថ្ងៃកំណត់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ចប់[ជាមួយ]ខាងចុះអនុវត្តផ្ទាល់លើដីទំនាស់ ប៉ុន្តែមកដល់ខែសីហា ឆ្នាំ២០១៧នេះហើយ ពួកប្រជាជនខ្ញុំអភ័ព្វណាស់ គ្មានទទួលបានការដោះស្រាយអ្វីទេ និយាយទៅពួកខ្ញុំបានត្រឹមតែក្រដាស បានត្រឹមតែលិខិតសម្រេចពីថ្នាក់លើតែប៉ុណ្ណោះ»។

លោកបន្តថា បច្ចុប្បន្ននេះពួកគាត់មានការព្រួយបារម្ភ ដោយសារតែកងទ័ពដែលរស់នៅទីនោះបានពុះដីនោះធ្វើជាដីឡូតិ៍លក់ឲ្យប្រជាពលរដ្ឋផ្សេងទៀត ខណៈដែលក្រសួងមិនទាន់បានដោះស្រាយឲ្យពួកគាត់នៅឡើយ។

តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី ម៉ែន គីម លើឡើងថា ពួកគាត់ចង់ឲ្យក្រសួងការពារជាតិធ្វើការដោះស្រាយទៅតាមការសន្យាកន្លងមក។

លោកថា «បើយើងមានចំណារបស់សម្ដេច យើងមានសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក៏មាន ហើយក្រសួងការពារជាតិខ្លួនគាត់ ក៏គាត់សម្រេចមានតែគាត់ទេ។ អ្នកស្នើសុំទៅសម្ដេចសុំឲ្យពួកខ្ញុំអី ហើយគាត់មិនអនុវត្ត បើនិយាយតាមផ្លូវច្បាប់ ឯកសារមានគ្រប់គ្រាន់ទាំងអស់បានមកអស់ហើយ ក៏ប៉ុន្តែគ្រាន់តែគេមិនចុះអនុវត្ត យើងទទួលបានតែក្រដាស ហើយរឿងនេះមិនមែនតិចទេ ១៧ឆ្នាំហើយ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ក្រុមពលរដ្ឋទាំងនោះព្រមានថា ប្រសិនបើក្រសួងការពារជាតិមិនព្រមដោះស្រាយទេ ​ពួកគាត់នឹងនាំគ្នាតវ៉ានៅតាមស្ថាប័នពាក់ព័ន្ធនានា ដើម្បីទាមទារយកដីនោះមកវិញ ហើយឲ្យរដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ដូចដែលមាននៅក្នុងចំណារបស់រដ្ឋាភិបាលចេញឲ្យក្រសួងចុះអនុវត្តកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងទៅ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required