ពិធីការិនី សានសាណា ចាយលុយខ្ទង់ម៉ឺន​ដុល្លាររៀបការម្តងទៀត

អ្នកនាង ​​​ខៀវ សានសាណា (ដោយ វង្ស សុម៉ាលីន)

បន្ទាប់ពីបានទម្លាយឲ្យដឹងពីគម្រោងរៀបការជាមួយបុរសជនជាតិអូស្រ្តាលីនៅថ្ងៃទី៨ ខែតុលា ធ្វើឲ្យមានការភ្ញាក់ផ្អើល អ្នកនាង ខៀវ សានសាណា ក៏បានប្រកាសប្រាប់ថាពិធីនោះនឹងចាយរហូតដល់ជាង៥ម៉ឺនដុល្លារដែលជាចំនួនច្រើនផងដែរ។ យ៉ាងណាមិុញ អ្នកនាងថានឹងធ្វើក្នុងចំនួនភ្ញៀវត្រឹមតែរង្វង់២៥០នាក់ប៉ុណ្ណោះ។

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីអ្នកនាង ខៀវ សានសាណា បានប្រកាសឲ្យដឹងថាក្រោយពិធីបុណ្យភ្ជុំចំនួន១សប្ដាហ៍ គឺអ្នកនាងនិងបុរសពោះម៉ាយជាជនជាតិអូស្ត្រាលីគឺលោក Seraj Satton ដែលអ្នកនាងក៏ស្គាល់ថាជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំមួយ នឹងចូលសំពះផ្ទឹមជាប្ដីប្រពន្ធនៅថ្ងៃទី៨តុលាខាងមុខ។

ដំណឹងនេះទើបត្រូវបានទម្លាយចេញរបស់សមីខ្លួនកាលពីថ្ងៃទី២៧កញ្ញា គឺបន្ទាប់ពីអ្នកនាងរៀបចំពិធីមង្គលការបានចប់សព្វគ្រប់។

អ្នកនាង ខៀវ សានសាណា បានអះអាងការពិតមង្គលការរបស់អ្នកនាងត្រូវបានគម្រោងទុកយូរហើយ ប៉ុន្តែមកពីមិនចង់ប្រាប់ប្រិយមិត្ត ទើបអ្នកនាងចេះតែឆ្លើយបង្វៀងថាមិនទាន់ច្បាស់លាស់។

អ្នកនាងនិយាយថា៖ “ការពិតខ្ញុំចាត់ចែងជួលហាងនិងហៅសំបុត្រភ្ញៀវអីបណ្ដើរៗយូរហើយ ប៉ុន្តែខ្ញុំអត់ចង់ប្រកាសមុនថ្ងៃរៀបការយូរពេក ទើបខ្ញុំចេះតែលាក់!”។

អ្នកនាងបន្តថា ហេតុផលដែលមង្គលការរបស់អ្នកនាងមិនសូវមានការចាប់អារម្មណ៍ពីកាលបរិច្ឆេទក្រោយពីអ្នកនាងមិនទាន់បង្ហើប គឺបណ្ដាលមកពីអ្នកនាងធ្វើការអញ្ជើញអ្នកសិល្បៈតែចំនួនតិចតួចបំផុតសម្រាប់អោយចូលរួមមង្គលការ។

អ្នកនាងនិយាយថា ភ្ញៀវភាគច្រើនដែលត្រូវបានអញ្ជើញគឺជាអ្នកជំនួញនិងជាក្រុមគ្រួសារផ្ទាល់ខ្លួន ទើបដំណឹងរៀបការមានភាពស្ងប់ស្ងាត់មុនពេលអ្នកនាងសម្រេចចិត្តទម្លាយអោយដឹងពីកាលបរិច្ឆេទ។

អ្នកនាង ខៀវ សានសាណា ឲ្យដឹងទៀតថាមង្គលការនៅថ្ងៃទី៨ ខែតុលានេះ អ្នកនាងនឹងចំណាយថវិការហូតដល់ជាង៥ម៉ឺនដុល្លារ ដោយសារតែការចាត់ចែងពិធីធ្វើឡើងនៅក្នុងសណ្ឋាគារផ្កាយ៥និងមានការរៀបចំដេគ័រជាទ្រង់ទ្រាយពិធីធំដុំ។

ទីតាំងដែលអ្នកនាងកំណត់ជាកន្លែងរៀបការនោះគឺសណ្ឋាគារ Le Royal ដោយការហែជំនូន ពិធីកាត់សក់ និងសំពះផ្ទឹមគឺត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារមួយនេះតាំងពីព្រឹកម៉ោង៦ដល់ចប់ពិធីទទួលភ្ញៀវនៅពេលល្ងាច។

អ្នកនាងនិយាយថា ពិធីខ្លួនមិនខុសពីពិធីជប់លៀងខ្នាតតូចទេ ប៉ុន្តែចំពោះការចំណាយគឺប្រហែលជិតដល់៦ម៉ឺនដុល្លារទម្រាំដល់ចប់។

អ្នកនាងនិយាយថា៖ “ការពិតទទួលភ្ញៀវត្រឹម២តុដូចតែជប់លៀងអីធម្មតាៗទេ ប៉ុន្តែពិធីហ្នឹង ខ្ញុំចាយច្រើន ដោយសារតាំងពីព្រឹកដល់យប់ខ្ញុំធ្វើតែនៅ Le Royal មួយកន្លែង! ហើយបើនិយាយពីដេគ័រនិងផ្កាស្រស់ គឺអស់រាប់ម៉ឺនដុល្លារតែម្ដង និយាយឲ្យខ្លី ស្អីៗនៅក្នុងពិធីហ្នឹង គឺខ្ញុំរើសសុទ្ធតែល្អឥតខ្ចោះទាំងអស់។ មិនថាសម្អាងការ មិនថាផ្នែកពិធីការ និងការតុបតែងអីទេ ចឹងហើយទើបគ្រាន់តែត្រួសឥឡូវជាង៥ម៉ឺនដុល្លារហើយ!”។

អ្នកនាង ខៀវ សានសាណា បញ្ជាក់ថា អនាគតរបស់ខ្លួនគឺលោក Seraj Satton ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Cambodia និងជាអ្នកជំនួញជាជនជាតិបរទេសម្នាក់ដែលបានមកធ្វើការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយទើបធ្វើឲ្យលោកនិងអ្នកនាងស្គាល់គ្នាជារបៀបអ្នកធ្លាប់រួមការងារ ហើយក៏ឈានទៅដំណឹងស្រឡាញ់គ្នា។

អ្នកនាងថាកន្លងមក លោក Seraj Satton ច្រើនបង្ហាញខ្លួនក្នុងពិធីបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួននិងក្រុមហ៊ុនរបស់មិត្តភ័ក្ត្រដែលអ្នកនាងទទួលធ្វើពិធីការិនី ទើបមានទំនាក់ទំនង ហើយបានចាប់ដៃគ្នាក្នុងនាមជាគូសង្សារ។

នាងថាលោកជាបុរសពោះម៉ាយកូនមួយ ហើយខ្លួនជាមេម៉ាយកូន២ ក្រោយលែងលះបុរសជាជនជាតិកាណាដា ទើបពិធីមង្គលការនៅថ្ងៃទី៨ ខែតុលាក្រោយបុណ្យភ្ជុំ ធ្វើតែរយៈពេលមួយថ្ងៃ ដោយមិនមានរៀបចំពិធីសូត្រមន្តពេលល្ងាច។

អ្នកនាងថាខ្លួននឹងចំណាយជាងម៉ឺនសម្រាប់មង្គលការដោយមិនរំពឹងថានឹងរួចខ្លួនឬចំណេញពីការចងដៃរបស់ភ្ញៀវវិញទេ។ ប៉ុន្តែអ្វីដែលនាងចង់បានគឺធ្វើអោយល្អឥតខ្ចោះ ដោយសារតែការរៀបការជាមួយអតីតស្វាមីកាលមុនគឺជាមង្គលបែបអ៊ឺរ៉ុប ដែលនាងមិនបានសំពះផ្ទឹមតាមប្រពៃណីខ្មែរឲ្យបានពេញមុខ។

អ្នកនាង ខៀវ សានសាណា ឲ្យដឹងទៀតថាលោក Seraj Satton  ស្រឡាញ់បែបបទប្រពៃណីខ្មែរណាស់ ទើបលោកមិនទាមទារឲ្យរៀបការតាមបែបអ៊ឺរ៉ុបដូចគ្នានឹងអតីតស្វាមីរបស់ខ្លួន ហើយសម្រេចចាយប្រាក់ដល់ច្រើនម៉ឺនដុល្លាររៀបការបែបខ្មែរនៅក្នុងសណ្ឋាគារផ្កាយ៥នាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ