មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ

មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិន២រូប ត្រូវបានបណ្តេញចេញពីតួនាទី និងបើកផ្លូវឲ្យមន្ត្រីជំនាញស៊ើបអង្កេតបន្ថែម បន្ទាប់ពីររកឃើញថាអ្នកទាំងពីរនោះជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងតំណែង។

សារព័ត៌មានរដ្ឋចិនស៊ីនហូរចុះផ្សាយថា ការបណ្តេញចេញមន្ត្រីទាំងពីរនេះចេញពីបក្ស គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការរបស់ លោក ស៊ី ជីនពីង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ក្នុងខ្លឹមសារសង្ខេបរបស់សារព័ត៌មានរដ្ឋចិនស៊ីនហួរពីការបើកកិច្ចប្រជុំបិទទ្វារ៤ថ្ងៃរបស់បក្សកុម្មុយនីស្តហើយបានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ បានបង្ហាញឈ្មោះមន្ត្រីពីរនាក់គឺឈ្មោះ Fan Changmi អតីតមេបញ្ជាការរងយោធានៅ Lanzhou និងឈ្មោះ Niu Zhizhong ជាមេបញ្ជាការយោធាមួយរូប។

ស៊ីនហូរបញ្ជាក់ថា បក្សសម្រេចបណ្តេញចេញមន្ត្រីទាំងពីរនេះ ដោយសាររកឃើញមានកំហុសច្រើនពាក់ព័ន្ធអំពើពុករលួយ។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

Fan Changmi ត្រូវបានរដ្ឋដាក់ការស៊ើបអង្កេតតាំងពីឆ្នាំ២០១៤ ហើយទើបប្រកាសជាផ្លូវការនៅពេលនេះ ចំណែក Niu Zhizhongក៏ត្រូវបានស៊ើបអង្កេតរកឃើញកំហុសពុករលួយដែរ។

កាលពីខែកក្កដាកន្លងទៅ មន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនីស្តចិនមួយរូប ត្រូវបានតុលាការក្រុងប៉េកាំងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

ក្នុងរយៈពេល៣ឆ្នាំដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោក ស៊ី ជីនពីង ចិនបានកាត់ទោសមន្ត្រីរដ្ឋាភិបាលជាង១លាននាក់ ដែលពាក់ព័ន្ធករណីអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ