នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា វាមិនមានសារៈសំខាន់អ្វី ក្នុងការរៀបចំការបោះឆ្នោតមុនចប់អាណត្តិដែល គ្រោងរៀបចំឡើងនៅឆ្នាំក្រោយតាមការទាមទាររបស់ គណបក្សប្រឆាំងក្នុងបំណងបណ្តេញលោកចេញពីតំណែង។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានចម្រុះជាតិសាសន៍ច្រើនជាងគេមួយនេះ តាមការកំណត់អាណត្តិ នឹងត្រូវបោះឆ្នោតនៅខែសីហាឆ្នាំ២០១៨ ប៉ុន្តែពលរដ្ឋនិងបក្សប្រឆាំងទាមទារឲ្យបោះឆ្នោតមុនអាណត្តិ នៅឆ្នាំ២០១៧ ដោយសារនាយករដ្ឋមន្ត្រីរូបនោះ មានកំហុសពុករលួយកេងបន្លំលុយជាតិ។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ស្តារដេលី កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ណាជីប ដែលកាន់តំណែង តាំងពីឆ្នាំ២០០៩ បានស្នើឡើងថា មិនចាំបាច់ប្រញាប់ក្នុងការបោះឆ្នោតទេ ខណៈពលរដ្ឋម៉ាឡេស៊ីបច្ចុប្បន្នមានអារម្មណ៍មិនសូវល្អផង។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ រងការចោទថា បានកេងបន្លំយកលុយអភិវឌ្ឍន៍របស់ជាតិអស់ជាង៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ មូលហេតុនេះ ទើបពលរដ្ឋម៉ាឡេស៊ីទាមទារឲ្យមានការបោះឆ្នោតដូរនាយករដ្ឋមន្ត្រី៕