ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់ពាក់ព័ន្ធរស់នៅ​ខុសច្បាប់​

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:47 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 2864

អាជ្ញាធរ​កម្ពុជា បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់ ពាក់ព័ន្ធ​ករណី​លួចមក​រស់​នៅកម្ពុជាដោយគ្មានលិខិតឆ្លងដែន និង​គ្មានឯកសារបញ្ជាក់​ត្រឹមត្រូវ។

គេហ​ទំព័រ​អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សមត្ថកិច្ច​ចម្រុះ​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក និង​បាន​រក​ឃើញ​ជន​ជាតិ​វៀតណាម ៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ដែល​សមត្ថកិច្ច​ថា រស់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។

នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា ជនជាតិវៀតណាមទាំងនោះរស់នៅខុសច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនពួកគេទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់។

ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOD ទទួលបានពី​ប្រធានផ្នែកស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ ដល់២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប​ណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង ១ម៉ឺននាក់ ក្នុងចំណោម ៦៨សញ្ជាតិ ដែលក្នុងនោះ​មាន​ជនជាតិវៀតណាមប្រហែល ៩០ភាគរយ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required