បទយកការណ៍៖ ខ្មែរអ៊ិស្លាមច្រើនរយនាក់គាំទ្រគំរោងធ្វើផ្លូវកាត់ដីវិហារអាល់សារកាលបឹងកក់ ទោះបីមានការរិះគន់

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 5:00 PM | បទយកការណ៍ | 0 | 4850

ក្រោមកំដៅថ្ងៃក្តៅគួរសមនៅម៉ោងជិតពីររសៀលក្នុងបរិវេណវិហារអាល់សារកាលបឹងកក់ ឃើញមានប្រភេទឡានតូច ឡានមានស្លាកលេខរដ្ឋ ឡាន១២កៅអី ចតពាសពេញទីធ្លារដ៏ទូលាយខាង​​មុខ។ ក្រឡេកទៅចំហៀងខាងកើតឈាងខាងត្បូងមុខវិហារ មានឡានកាយដីពណ៌លឿង​ចតស្ញៀម លូថ្មមូលធំៗតម្រៀបគ្នា និងរបងស័ង្កសីពណ៌ខៀវយ៉ាងវែងរាប់សិបម៉ែត្រដេកដួលនៅលើដីដោយ​សារកម្លាំងមនុស្សទើបតែវាយរុញច្រានថ្មីៗ។

អ្នកលក់ភេសជ្ជៈតាមរទេះ ដែលកំពុងញាប់ដៃធ្វើការផងប្រាប់ថា ថ្ងៃនេះមានការប្រជុំធំ។ ខាងក្នុងវិហារ ប៉ុន្តែនៅបន្ទប់ផ្នែកខាងក្រោមឯណេះវិញ មានគណៈអធិបតីជាងដប់នាក់អង្គុយទល់មុខមនុស្សជាច្រើនរយនាក់ទៀត ដែលអ្នកខ្លះមានទុកពុកមាត់វែងៗ មានពាក់មួកពណ៌ខ្មៅ ពណ៌ស ខ្លះទៀតចំរុះពណ៌អមរូបក្បាច់រចនាផងតាមរបៀបប្រពៃណីសាសនាឥស្លាម។ ពួកគេគឺ អ៊ីមាំ ហាគឹម និងទួន ដែលមានន័យថា គឺជាអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំ ទើបតែឡើងមកពីតាមបណ្តាខេត្តទូទាំងប្រទេសនៅថ្ងៃនេះ។

ទាំងគណៈអធិបតី ទាំងអ្នកចូលរួមទាំងអស់កំពុងអង្គុយស្ងៀមស្ងាត់និងអត់ធ្មត់ រង់ចាំអ្នកតំណាងធំមកពីសាលាក្រុងភ្នំពេញក្នុងបន្ទប់ ដែលបរិយាកាសរាងហប់បន្តិច។ នៅចំហៀងក្រុមគណៈអធិបតី មានផ្ទាំងស្គ្រីនបញ្ចាំងស្លាយពីរ ធំៗដាក់ថា គំរោងបើកផ្លូវថ្មី (R4) របស់សាលារាជធានីភ្នំពេញ។

ក្នុងឱកាសកំពុងរង់ចាំនេះ អ៊ីមាំម្នាក់មកពីខេត្តក្រចេះថា លោកមកនេះគឺមកស្តាប់គេនិយាយ៖ «បើថាគេធ្វើផ្លូវកាត់វិហារហ្នឹង អត់គាំទ្រទេ ព្រោះអីកន្លែងហ្នឹងសាសនាឥស្លាមសំរាប់បូជា»។

ហាគឹមម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងថា មិនទាន់ដឹងគេប្រជុំពីរឿងអីទេ លោកថាមិនទាន់ដឹងគេនិយាយ មិនមានយោបល់អ្វីទេ។ ឯហាគឹមម្នាក់ទៀតមកពីត្បូងឃ្មុំថា បើគេធ្វើផ្លូវគឺគាំទ្រហើយមិនដឹងធ្វើម៉េចទេ។

គណៈអធិបតីសំខាន់ក៏បានមកដល់ មិនបង្អង់យូរ អ្នករៀបចំកម្មវិធីបានចាប់ផ្តើមដោយឲ្យអភិបាលស្តីទីរាជធានីភ្នំពេញ លោក ឃួង ស្រេង មានមតិបើកកិច្ចប្រជុំមុនគេ។ លោកបានបកស្រាយពីការយល់ច្រឡំចំពោះសាលារាជធានីដែលអនុវត្តបើកផ្លូវ R4 ថាមិនឲ្យបាត់ដីវិហារទេ និងថាការគូសប្លង់ពុះផ្លូវនេះ ក៏មានការសំណូមពរថាអាចពុះបាន ហើយដីនៅចំណែកខាងត្បូង​​ ទុកសំរាប់ធ្វើអន្ទេវាសិកដ្ឋានសំរាប់សិស្សនិស្សិតសាសនិកឥស្លាមស្នាក់នៅ។ ដោយមិនភ្លេចនិយាយសរសើរពីឈ្មោះនាយករដ្ឋមន្ត្រីផង លោកលើកពីអត្ថប្រយោជន៍នៃការពុះផ្លូវថា៖ «អត្ថប្រយោជន៍នៃការពុះផ្លូវនេះគឺ ទីមួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ទីពីរផ្សព្វផ្សាយវិហារឥស្លាម។ ប្រហែលជាអ្នកនៅតាមបណ្តាខេត្តមិនដឹងថាតំបន់នេះជាតំបន់ទឹកលិចខែវស្សាទេ ហើយមានម៉ាស៊ីនបូមទឹកពីរបីសំរាប់បូមឡើង ប៉ុន្តែបើយើងធ្វើផ្លូវនេះយើងនឹងរៀបចំប្រព័ន្ធលូ យើងសង្ឃឹមថាថ្ងៃក្រោយយើងអត់បាច់ប្រើម៉ាស៊ីនបូមទឹកទេ ទឹកនឹងហូរតាមលូ»។

លោកបន្ថែមថា មេដឹកនាំជាន់ខ្ពស់សាសនិកឥស្លាម សូមធ្វើម៉េចពិភាក្សាគ្នាជាឯកច្ឆនទ្ទថាគួរបើកផ្លូវនេះ ឬមិនបើក។

អនុប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា គំរោងធ្វើផ្លូវ R4 នេះជាគំរោងរបស់សាលារាជធានីភ្នំពេញដែលមានយូរមកហើយ ដើម្បីរំដោះចរាចរណ៍ និងតភ្ជាប់តំបន់ប៉ែកខាងលិចនៃរាជធានីភ្នំពេញមកតំបន់ប៉ែកខាងកើត ជាពិសេសតំបន់ទួលគោកភ្ជាប់មកមហាវិថីព្រះមនុវង្សនិងមហាវិថីព្រះស៊ីសុវត្ថិ។

លោកថា៖ «ការរំដោះចរាចរណ៍នេះគឺធ្វើឲ្យដោះស្រាយការកកស្ទះបាននៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក៏ដូចជាផ្លូវ៧០ ដែលបច្ចុប្បន្ននេះបងប្អូននៅតំបន់ប៉ែកខាងលិចឆ្លងកាត់ចូលមកតំបន់ខាងកើតតាមរយៈមហាវិថីសហព័ន្ធរុស្សីដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថារាល់ថ្ងៃយើងជួបនូវបញ្ហាកកស្ទះជាប្រចាំ។ អញ្ចឹងការដោះស្រាយផ្លូវនេះមិនមែនត្រឹមតែដោះស្រាយ តំបន់បឹងកក់ទេ វាគឺជាផ្លូវមេមួយរំដោះចរាចរណ៍តភ្ជាប់ពីតំបន់ខាងលិចមកខាងកើត»។

លោកថាបានសិក្សាតាមបច្ចេកទេសហើយ បើរត់តាមព្រំដីគឺវាកាច់កែងពេកដែលមិនអាចធានាលំហូរចរាចរណ៍។ លោកបន្ថែមទៀតថា គុណសម្បត្តិនៃការធ្វើផ្លូវ R4 នេះក៏គឺដើម្បីរំដោះទឹកលេចជុំវិញវិហារផង។

បន្តមកទៀតអ្នកបច្ចេកទេស ឡើងពន្យល់បន្ថែមពីការកាន់កាប់ដី លោកថា ដីខាងវិហារមិនបានបាត់បង់ទេដោយបានទូទាត់ទៅនឹងដីនៅផ្នែកខាងលិចក្នុងទំហំដែលបានកសាងផ្លូវ៖ «ជាលទ្ធផលយើងបំបែកដីតំបន់វិហារឥស្លាមនេះជាពីរ គឺផ្នែកខាងជើងផ្លូវ និងខាងត្បូងផ្លូវ ដែលខាងត្បូងផ្លូវគឺមានទំហំប្រមាណជា២៩០០ម៉ែត្រការ៉េ។ ជាលទ្ធផលល្អមួយដែលយើងបានតំរង់ព្រំដីរបស់វិហារនេះមានរាងត្រង់ស្មើហើយកែងជ្រុង ហើយគំលាតរវាងវិហារមកព្រំដីថ្មីមានការឃ្លាតឆ្ងាយ បានន័យថាបរិយាកាសនៃធ្លាគំលាតជុំវិញវិហារបានប្រសើរជាងមុន»។

ជាបន្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោក សុះ មុះសិន ថ្លែងថាទីតាំងនេះគឺជាទីតាំងមួយតំណាងឲ្យឥស្លាមទូទាំងប្រទេស មិនដូចវិហារនៅតាមមូលដ្ឋានទេ។ លោកបន្តថា៖ «រាល់ការសំរេចទាំងឡាយក្នុងការអភិវឌ្ឍបើសិនជារាជរដ្ឋាភិបាលមានការស្នើសុំឲ្យមានការស្នើសុំឲ្យមានការវិនិច្ឆ័យឬប្រជាមតិ គឺមានតែអង្គនៃកិច្ចប្រជុំគណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់ដែលជាអ្នកស្របច្បាប់តំណាងឲ្យសាសនិកឥស្លាម។ យ៉ាងណាមិញ អង្គប្រជុំរបស់យើងនៅថ្ងៃនេះគឺមានតំណាគ្រប់លំដាប់ថ្នាក់ ស្របច្បាប់ក្នុងការរៀបចំ ដូច្នេះការគាំទ្រណាមួយជាឯកច្ឆន្ទ ឬមានមតិណាមួយជំទាស់គឺជាសិទ្ធិបងប្អូននៅទីនេះ»។

លោកថា លោកស្តាយនូវការប្រើអំពើហិង្សាកន្លងមក លោកគាំទ្រការធ្វើផ្លូវនេះដោយសារលោកយល់ពីអត្ថប្រយោជន៍ជាតិនិងសង្គមទាំងមូល។

តមក គឺជាការអានសេចក្តីថ្លែងការរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដោយចាងហ្វាងរង លោក ហ្សាការីយ៉ា អាដាម ដែលមានអត្ថន័យយល់ព្រម និងគាំទ្រចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញលើការអនុវត្តគំរោងបើកផ្លូវ R4 កាត់តាមដីវិហារឥស្លាមអាល់សារកាលបឹងកក់។

សេក្តីថ្លែងការណ៍នេះចុះហត្ថលេខាដោយ លោក សុះ កំរ៉ី ចាហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។

លោក អាដាម ថាដីនៅទីតាំងនេះ គឺឋិតនៅក្នុងការប្រគល់របស់រាជរដ្ឋាភិបាលចំពោះតំណាងជាអ្នកគ្រប់គ្រងតែប៉ុណ្ណោះ និងត្រូវរៀបចំឲ្យក្លាយទីជាសម្បត្តិរួម លោកបន្ថែមថា៖ «ផលប្រយោជន៍ទាំងឡាយដែលកើតមានដោយសារតែការបើកផ្លូវនេះ ទៅដល់សាសនិកឥស្លាមផងក្រៅពីសាសនិកឥស្លាមផង។ សូមមេត្តាកុំច្រឡំនឹងមនុស្សមួយចំនួនដែលបានលើកឡើងថា អ្នកដែលធ្វើអភិវឌ្ឍបាននៅ ម៉ាស្ជិទ(វិហារឥស្លាម) ហើយគាត់បកស្រាយថា ម៉ាស្ជិទក៏ដី វ៉ាកាហ្វ(គរុភណ្ឌ ឬសម្បត្តិរួម) ដីវ៉ាកាហ្វក៏ម៉ាស្ជិទ នេះគឺជាការក្លែងបន្លំសុទ្ធសាធ មិនត្រឹមត្រូវតាមសាសនាឥស្លាមទេ»។

សំឡេងទះដៃតែងបន្លឺឡើងរាល់ពេលគណអធិបតីឡើងនិយាយចប់។ អ្នករៀបចំកម្មវិធីបាន​ផ្តល់ឱកាសឲ្យអ្នកចូលរួមបួនប្រាំនាក់ឡើងសម្តែងមតិ អ្នកទាំងអស់គ្នាសុទ្ធតែគាំទ្រចំពោះគំរោងធ្វើផ្លូវ R4 ។

តំណាងអ៊ីមាំ មកពីខេត្តកណ្តាលមានមតិដែរថា៖ «សូមគាំទ្រមួយភាគរយ។ ហើយក៏សូមសំណូមពរនៅទីនេះ ទាំងសារព័ត៌មាន ហើយនឹងឯកឧត្តមអភិបាលស្តីទី គឺសូមមេត្តាបន្ត កុំផ្អាក កុំឈប់ គឺថាសូមបន្តគំរោងបើកផ្លូវនេះទោះបីជាមានការតវ៉ាតិចតួចបំផុត ហើយមិនមែនជាតំណាងស្របច្បាប់របស់សាសនិកឥស្លាមទេ គឺឃើញសារព័ត៌មានថានឹងផ្អាក ដូច្នេះខ្ញុំថាកុំផ្អាក សូមចាប់ផ្តើមធ្វើពីថ្ងៃស្អែកនេះតទៅបាទ»។

គណៈអធិបតីយនៅតែឡើងមានមតិបន្តទៀតពីការគាំទ្រគំរោងផ្លូវ R4 នេះ លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លើកឡើងថា វិហារឥស្លាមដែលមានផ្លូវជុំវិញគឺកាន់តែប្រសើរ។ លោកបន្ថែមថា៖ «ផ្លូវគឺជាដង្ហើមនៃសេដ្ឋកិច្ច ឬក៏នៃដំណើររបស់មនុស្សគ្រប់រូប នេះគឺជាផលប្រយោជន៍ចាប់ពីពេលនេះទៅ មិនដឹងដល់ជំនាន់ណាទេវាកើតជាផ្លូវហើយ ហើយដីអត់បាត់ទេ ដីនៅតែដីដដែល ទំហំប៉ុន្មានគឺត្រូវរដ្ឋបានផ្តល់ជូនវិញ គឺអត់ប៉ះពាល់អីទេ…»។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺជាគណៈអធិបតីដែលឡើងថ្លែងក្រោយគេពីការគាំទ្រគំរោងផ្លូវ R4 ប្រវែង៩៣ម៉ែត្រ។  លោកនិយាយងាកមុខទៅមកឆ្វេងស្តាំ ហើយខំប្រឹងស្រែយ៉ាងខ្លាំងៗថា កន្លងមកមានការបំភ័ន្ត ផ្តល់ព័ត៌មានមិនច្បាស់ បំពុលបរិយាកាស​​ធ្វើឲ្យមានអ្នកមិនសប្បាយចិត្ត។

លោកបានរំលឹកពីប្រវត្តិដែលប្រទេសកម្ពុជាផ្តល់សញ្ជាតិដល់ជនជាតិចាម ដែលមកពីនគរចំប៉ានៅឆ្នាំ១៩៥៤ និងប្រវត្តិនៃការវិវត្តមួយចំនួនទៀតអំពីទីតាំងវិហារអាល់សារកាលបឹងកក់នេះ។

លោកបន្ថែមថា៖ «ដីនេះក៏នៅតែជាដីរបស់សហគមន៍ឥស្លាមយើងទាំងអស់ គឺអត់មានបន្ទាប់ពីធ្វើផ្លូវហើយ មានបុគ្គលណាឬក្រុមណាលើកដីនេះចេញឡើយ នៅតែជាកម្មសិទ្ធិរបស់សហគមន៍ឥស្លាមទាំងអស់ ដែលយើងមានសិទ្ធិត្រូតពិនិត្យ តាមដាន សាកសួរដល់សាលារាជធានីភ្នំពេញ តើដីនោះគ្រប់មិនគ្រប់ បានលើអ្នកណា សំរាប់ជាអ្វីទៅពេលអនាគត?»។

ជាកិច្ចសំខាន់ក្នុងអង្គប្រជុំនេះ គឺជាការលើកប័ណ្ណអនុម័តពីអ្នកចូលរួម ដែលអ្នករៀបចំកម្មវិធីបានចែកជូនរួមទាំងឯកសារព័ត៌មានប្លង់ដីតាំងពីពេលចាប់ផ្តើម។ អ្នកចូលរួមស្ទើរតែទាំងអស់គ្នាបានលើកប័ណ្ណអនុម័តនោះ។ តំណាងគណៈអធិបតីប្រកាសថា អង្គប្រជុំបានអនុម័តច្រើនលើសលប់បំផុត។

ជាចុងក្រោយ គឺជាការអានលទ្ធផលនៃកិច្ចប្រជុំ ដែលមានប្រាំចំណុច ហើយនៅក្នុងការបូកសរុប គឺអង្គប្រជុំបានអនុម័តជាឯកច្ឆន្ទ ដោយបន្តឲ្យសាលារាជធានីភ្នំពេញសង់ផ្លូវកាត់ដីវិហារអាល់សារកាលបឹងកក់។

គួរំលឹកថា កាលពីសប្តាហ៍មុនក្រុមសាសនិកឥស្លាមបាននាំគ្នាផ្តួលរំលំរបង​សង្កសី ដែល​ហ៊ុំព័ទ្ធការដ្ឋានផ្លូវមួយខ្សែនៅជិត​វិហារ​ឥស្លាម​តំបន់​បឹងកក់ ដោយ​​ប្រឆាំងការស្ថាបនា​ផ្លូវ​ពុះ​កាត់​ដី​វិហារ​របស់​ខ្លួន​។

បន្ទាប់ពី​បាន​ចូល​គោរព​ថ្វាយ​បង្គំព្រះ​អាល់​ឡាស់រួច នៅថ្ងៃត្រង់ថ្ងៃដដែល ពលរដ្ឋខ្មែរឥស្លាមច្រើនរយនាក់​ដែល​ជំទាស់​នឹង​ការ​​ពុះ​ចែក​ដី​វិហា​រអ៊ិស្លាម​បឹង​កក់អាល់​សា​កាល់ បាន​នាំ​គ្នា​មក​វាយ​រំលំ​របាំង​ស័ង្កសីដែល​ទ័ព្ធការដ្ឋាននោះ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required