លោក សម រង្ស៊ី ថា ចលនាសង្គ្រោះជាតិនឹងធ្វើឲ្យ​លោក ហ៊ុន សែន លែងក្រាញអំណាចបាន

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក សម រង្ស៊ី អះអាងថា ចលនាសង្គ្រោះជាតិ​ផ្ដួច​ផ្ដើម​ដោយ​រូប​លោក​ផ្ទាល់​នោះ នឹងធ្វើសកម្ម​ភា​ព​ឈា​​ន​ទៅ​ដាក់​សម្ពាធដៃ​គូប្រកួត ឲ្យ​ពិ​ចា​រណាលែ​ងក្រា​ញអំ​ណា​ច បើកចំហប្រជាធិបតេយ្យឡើងវិញ ក្រោយ​ពី​គណបក្សប្រឆាំ​ងដ៏ធំ​របស់លោក ត្រូ​វ​បាន​​​រំ​លា​យ​ហើ​យក៏ដោយ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល ហើយថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផងដែរ។

បី​ខែ​ក្រោយ​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដដែល​នោះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ដើម្បី​គេច​ចេញ​ពី​បណ្ដឹង​តាម​ផ្លូវ​តុលាការ​នៅ​កម្ពុជា​នោះ បាន​សម្រេច​បង្កើត​ «ចលនា​សង្គ្រោះ​ជាតិ»​នៅ​ឯ​សហរដ្ឋ​អាមេរិក ដូច​ដែល​លោក​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍មុន​ដូច្នោះ​ដែរ។

ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃ​នេះ លោ​ក សម រង្ស៊ី បានថ្លែងថា ចលនា​​ថ្មី​នេះ នឹ​ង​បំផុសឲ្យពលរដ្ឋតស៊ូមតិឡើងវិញ តាមរយៈបាតុកម្មអហិង្សា​ប្រឆាំ​ងទៅ​នឹ​​ងកា​ររំ​​​លាយ​គណ​ប​ក្ស​​រប​​ស់លោក។

លោក សម រង្ស៊ី ថ្លែងទៀតថា ចល​​នា​​នេះនឹងពន្យ​ល់ទៅ​ក​ងកម្លាំង​ កុំឲ្យយកពលរដ្ឋ អ្នកតស៊ូមតិធ្វើជាសត្រូ ប្រា​​ប់ទៅ​​​ស​​ហ​​គមអន្តរជាតិ ឲ្យ​​ឈប់ឲ្យគាំ​ទ្ររ​ដ្ឋា​​ភិ​​បា​​ល​​​​រ​បស់លោក ហ៊ុន សែន ទាំងវិស័យការទូត ទាំង​ការ​ផ្តល់ប្រា​ក់​​​​ក​ម្ចី​​ ដែ​​លលោ​​កថា ចលនាទាំងអស់នេះ នឹង​ដាក់សម្ពា​ធលើ​បក្សកា​​ន់អំ​ណាច ឲ្យ​​វិលទៅត្រឡប់​ទៅ​ដើរ​គន្លង​​​លទ្ធិប្រ​ជាធិប​តេ​យ្យ និងបើផ្លូវឲ្យគណបក្សរបស់លោក ដែលបានរំលាយទៅហើយនោះ បានចូល​រួមបោះឆ្នោ​តឡើងវិ​ញ។

លោកថ្លែង​ថា៖ «ឥឡូវ ហ៊ុន សែន ដើម្បីរស់ត្រូវខ្វីលុយគេ។ ខ្ចីពីលោកសេរីផង ហើយខ្ចីពីចិនផង។ ខ្ចីកាន់តែច្រើនឡើងៗ ហើយបើឈប់ខ្ចីពេលណា សេដ្ឋកិច្ចស្រុកខ្មែរនឹងឡុងចុង ហើយ ហ៊ុន សែន ក៏មិនអាចនៅក្រា​ញអំណាចបា​នទៀតទេ។ ដូច្នេះ​ចលនាសង្គ្រោះជាតិនេះត្រូវតែធ្វើចលនាជាមួយម្ចាស់លុយ​ប្រាក់កម្ចីថា កុំឲ្យ ហ៊ុ​ន សែន ខ្ចីលុយ​ទៀត​ ពី​ព្រោះ​​ ហ៊ុន សែន អស់ភាពស្របច្បាប់ហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ​ចលនាសង្គ្រោះ​ជា​តិគ្មា​​នឥទ្ធិព​​លអ្វីដល់រដ្ឋាភិបាលទេ។ លោកបានប្រៀបប្រដូច​ចលនានេះទៅនឹងមនុស្សជិតស្លាប់​ទៅ​ហើយ ដែល​នៅ​សល់​តែ​ដង្ហើម​ចុង​ក្រោយ​តែប៉ុណ្ណោះ។

ប៉ុន្តែ អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ វិភាគថា ចលនានេះ​ជាព្រួញមុខពីរ មានសម្ពាធខ្លះទៅលើរដ្ឋាភិបាលផង និងបង្កើតជារលកជំរុញឲ្យមានការប្រឈមនៃការបែកបាក់ផ្ទៃក្នុងផងដែរ។ លោក​ហៅ​​ចលនានេះ​ថា ជា​​សំឡេងស្គរដាស់អារម្មណ៍នៃសេរីភាពបញ្ចេញមតិ។

លោកថា៖ «គាត់ដើរតវ៉ានៅលើឆាកអន្តរជាតិ វាតែងតែមានសម្ពាធដល់រដ្ឋាភិបាល និងគណបក្សប្រជា​ជនកម្ពុជា​ហើយ។ អាហ្នឹងធម្មតាទេ ក្នុងរូបភាពចលនាហ្នឹងក៏ដោយ ឬមួយក្នុងរូបភាពគាត់ផ្ទាល់ក៏ដោយ ក្នុងរូបភា​ព​ដែ​​ល​​គា​ត់​​​​​​​​ប្រ​​កា​សពីមុនមកក៏ដោយក៏ដូចតែគ្នាដែរ។ អញ្ចឹង ចលនាហ្នឹងជារូបភាពអន្តរជាតិមិនដូរទេ ​ឬមួយមិនខុ​សពី​មុន​​​ទេ​​​។ ​​ប៉ុន្តែ​ រូ​​បភាពសម្រាប់អតីតគណបក្សសង្គ្រោះជាតិ វាអាចធ្វើឲ្យបែកបាក់ ធ្វើ​​​ឲ្យឈ្លោះ​​​​គ្នាផ្ទៃក្នុ​ងអី​អញ្ចឹ​ង​ទៅ​»។

ទោះជាយ៉ាងណា លោក កឹម សុខា តាម​រយៈ​មេធាវី​ និង​កូន​ស្រី​របស់​លោក បាន​បញ្ជាក់​ពី​ជំហរ​មិន​ចូល​រួម និង​មិន​គាំ​ទ្រ​ចលនា​ថ្មី​ផ្ដួច​ផ្ដើម​ដោយ​លោក សម រង្ស៊ី នោះ​ទេ ហើយ​ថា នៅ​តែ​ទាម​ទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មកវិញ ដោយ​ថា ជា​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ​ជាង ៣​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ