ឯកសារ​នៅ​អតីត​គុក​អាថ៌​កំបាំង​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​អភិរក្ស​តាម​ប្រព័ន្ធ​ឌីជីថល

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨​ ម៉ោង 3:04 PM | ខែ្មរក្រហមអភិបាលកិច្ចល្អ | 0 | 1559 ឯកសារ​នៅ​អតីត​គុក​អាថ៌​កំបាំង​របស់​ខ្មែរ​ក្រហម (ហ៊ុន សិរីវឌ្ឍន៍)

អតីត​មន្ទីរ​ឃុំ​ឃាំង​ដ៏​អាថ៌​កំបាំង​របស់​ខ្មែរ​ក្រហម បាន​រៀបចំ​កែ​ប្រែ​ឯកសារ​នានា​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ឌីជីថល ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ពិធី​អនុវត្តន៍​​គម្រោងអភិរក្ស និង​បញ្ចូល​បណ្ណសារ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​យូណេស្កូ​​​នៅ​ព្រឹក​ថ្ងៃ​នេះ ប្រធាន​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង​ លោក ឆាយ វិសុទ្ធ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា សារមន្ទីរ​មួយ​នេះ បាន​ផ្ដួច​ផ្ដើម​នូវ​គម្រោង​អភិរក្ស​នេះ​តាំង​ពី​ឆ្នាំ​២០០៩​មក​ម៉្លេះ ប៉ុន្តែ លោក​ថា ទើប​តែ​រកដៃ​គូ​ជួយ​ឧបត្ថម្ភ​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក វិសុទ្ធ ឲ្យ​ដឹង​បន្ថែម​ថា គម្រោង​អភរិក្ស​មួយ​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ២​លាន​ដុល្លារ សម្រាប់​ការ​អនុវត្ត​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ទៅ​មុខ។

ប្រធាន​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង​ លោក ឆាយ វិសុទ្ធ (ហ៊ុន សិរីវឌ្ឍន៍)

លោក​ ឆាយ វិសុទ្ធ ប្រាប់ថា៖ «ក្រៅ​តែ​ពី​ឯក​សារ​ដែល​បោះពុម្ភ​ផ្សព្វផ្សាយ​ជាសៀវ​ភៅ​ក្តី ​ជាបទ​ស្រាវ​ជ្រាវ​ក្តី ​ខ្ញុំ​គិត​ថា ​ឯក​សារ​ដើ​ម​នេះ គឺវា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ត្រូវ​ចាំ​ថា ​ឯក​សារ​ភាគ​ច្រើន​បំផុត​ទាក់​ទង​នឹង​សម័យ​ខ្មែរ​ក្រហម ជាឯក​សារ​ដែល​ជាភាសា​អង់គ្លេស ហើយ​មិន​ប្រាកដថា ​បរទេស​យល់​ច្រើន​ជាង​យើង​ខ្មែរ​ទេ។ អញ្ចឹ​ង ខ្ញុំ​គិត​ថា វា​អាច​ជា​ឱកាស​មួយ​សម្រាប់​កូន​សិស្ស​ហ្នឹង។ ទៅ​ថ្ងៃ​អនាគត ​គាត់​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ជា​មួយ​នឹង​ឯក​សារ​ស្រាវជ្រាវ​មុន​ៗ​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​ខ្មែរ​ក្រហម»។

បើតាម​លោក​ ឆាយ វិសុទ្ធ ឯក​សារ​ដែល​នឹង​ត្រូវ​បាន​គេរៀប​ចំ​ជា​ប្រព័ន្ធ​ឌី​ជីថល​ រួម​មាន ចម្លើយ​សារភាព​របស់​ជន​រងគ្រោះ​នៅ​ក្នុង​មន្ទីរសន្តិសុខ​ស-២១ ដែល​មាន​ជាង​ ៤ពាន់​កំណត់​ហេតុ ឯក​សារ​ប្រវត្តិ​រូបជាង​ ៦​ពាន់​ឯក​សារ ឯក​សារ​រូប​ថត​ និង​ហ្វីល​រូបថត​ជាង ​១ម៉ឺន​សន្លឹក​ ឯក​សារ​កំណត់​ហេតុ​រៀន​សូត្រ​ប្រចាំ​ថ្ងៃ​របស់​ខ្មែរ​ក្រហម​ជិត ​២០០ ទស្សនា​វដ្តី​ទង់​បដិវត្តជាង ​៥០​ក្បាល និង​ឯក​សារ​ផ្សេង​ៗទៀ​តដែល​ទាក់​ទង​នឹង​សម័យ​ខ្មែរ​ក្រហម​ជាង ​៥ពាន់​ឯក​សារ។ ​

ថ្លែង​ក្នុង​ពិធី​ប្រកាស​ពី​គម្រោង​នេះ ​តំណាង​អង្គការ​ UNESCO ប្រចាំកម្ពុជា អ្នក​ស្រី​ អាន ឡឺម៉ែស បាន​ថ្លែងថា គម្រោង​នេះ​ ទទួល​​បាន​គាំទ្រ​​ផ្នែក​ថវិកា​ពី​ប្រទេស​អាឡឺម៉ង សហ​រដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េខាង​ត្បូង ហើយ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា និង​មជ្ឈមណ្ឌល​បុប្ផា​ណា​ ផ្ដល់​ការ​គាំ​ទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ដំណើរការ​គម្រោង​មួយ​នេះ។

រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន មាន​ប្រសាសន៍​ថា ​នេះ​ជា​គម្រោង​ទី​ពីរ​បន្ទាប់​ពី​គម្រោង​ជួសជុល​ និង​អភិរក្ស​វាយ​ន​ភណ្ឌខ្មែរ​​ក្រហម ដែល​គាំ​ទ្រ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក ដោយ​លោក​សង្ឃឹម​ថា បន្ទាប់​ពី​បញ្ចប់​គម្រោង​នេះ មន្ត្រី​សារមន្ទីរ​នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​បន្ត។

សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង គឺ​ជា​អតីត​មន្ទីរ​ឃុំ​ឃាំង ធ្វើ​ទារុណកម្ម និង​សួរ​ចម្លើយ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩។

មនុស្ស​ចន្លោះ​ពី ១ម៉ឺន ៧​ពាន់​នាក់ ទៅ ២​ម៉ឺន​នាក់ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​សួរ​ចម្លើយ​នៅ​ក្នុង​គុក​ដ៏​អាថ៌​កំបាំង​មួយ​នេះ មុន​នឹង​ពួកគេ​ត្រូវ​យក​ទៅ​សម្លាប់​ចោល​នៅ​អំឡុង​សម័យ​ខ្មែរ​ក្រហម។

កំណត់​ហេតុ​ចម្លើយ​សារភាព​នៃ​អ្នក​ជាប់​ឃុំ​រាប់​ម៉ឺន​សន្លឹក ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​គុក​នេះ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ក្រោយ​ពី​កង​ទ័ព​វៀតណាម​បាន​ចូល​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​១៩៧៩។

កំណត់​ហេតុ​នៃ​ចម្លើយ​សារភាព​ និង​ស្លាក​ស្នាម​ដទៃ​ទៀត​​​ដ៏​ផុយ​ស្រួយ សរុប​ទៅ​មាន​ជាង ៤០​ម៉ឺន​សន្លឹក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នៃការ​ចង​ចាំ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ឆ្នាំ​២០០៩៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required